លោក ថោង ខុន ក្រើនរំលឹក​ទៅ​ភាគី​ពាក់ព័ន្ធ​ក្នុង​វិស័យ​ទេសចរណ៍ ត្រូវ​បន្ត​យកចិត្តទុកដាក់​បម្រើកា​រងារ​ក្នុង​វិស័យ ព្រោះ​នៅតែមាន​ភ្ញៀវ​ដើរ​ទស្សនា​

68
ចែករម្លែក

ដោយ​: មូល​សម្បត្តិ / ភ្នំពេញ​: សាជាថ្មី​ម្ដងទៀត លោក​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បានប្រកាស​ក្រើនរំលឹក​ទៅដល់​មន្ត្រី​គ្រប់ផ្នែក​ដែល​ចំណុះ​ក្រោម​ក្រសួងទេសចរណ៍ ព្រមទាំង​ភាគី​ពាក់ព័ន្ធ​នានា​ក្នុង​វិស័យ​ទេសចរណ៍ ត្រូវ​បន្ត​យកចិត្តទុកដាក់​លើ​ការទទួល​បដិសណ្ឋារកិច្ច ការផ្ដល់​សេវាកម្ម​នានា​ដល់​ភ្ញៀវទេសចរ ក៏ដូចជា​ការងារ​ដទៃ​ទៀត​ក្នុង​វិស័យនេះ​ឱ្យបាន​ល្អ​ថែមទៀត ខណៈ​ចលនា​ទេសចរ​ផ្ទៃក្នុង​ប្រទេស​នៅតែ​បន្ត​មាន​រៀងរាល់ថ្ងៃ​។​

​លោក ថោង ខុន បានឱ្យដឹងថា នៅក្នុង​សប្តាហ៍​ទី​២ ខែមីនា​នេះ ប្រជាពលរដ្ឋ និង​ទេសចរ​បរទេស​ផ្ទៃក្នុង​ប្រមាណ​ជាង ១៩​ម៉ឺន​នាក់ នៅតែ​បន្ត​ដើរ​ទស្សនា​កម្សាន្ត​នៅតាម​រមណីយដ្ឋាន និង​តំបន់​ទេសចរណ៍​នានា​នៅក្នុង​ប្រទេស​កម្ពុជា​។​

​លោក​អះអាងថា ដោយ​អនុវត្តន៍​តាម​ការណែនាំ​របស់​រាជរដ្ឋាភិបាល គ្រប់​រាជធានី​-​ខេត្ត​មិនមាន​ការរៀបចំ​ព្រឹត្តិការណ៍​ទេសចរណ៍ ព្រឹត្តិការណ៍​សាសនា ឬ​ការប្រគុំ​តន្ត្រី​ទេសចរណ៍​អ្វី​ទៀតឡើយ​។ ជា​រៀង​
​រាល់ថ្ងៃ​ពិសេស​នៅ​ចុង​សប្តាហ៍ ប្រជាពលរដ្ឋ និង​ទេសចរ​បរទេស​ផ្ទៃក្នុង​នៅតែ​ធ្វើដំណើរ​កម្សាន្ត​ជា​លក្ខណៈ​គ្រួសារ ក្រុម​តូចៗ និង​លក្ខណៈ​បុគ្គល​ពិសេស​ស​យុវជន​ក៏​នៅតែ​បន្តដំណើរ​កម្សាន្ត​ទៅកាន់​តំបន់​អេកូ​ទេសចរណ៍ សហគមន៍​ទេសចរណ៍ តំបន់​ទេសចរណ៍​ផ្សងព្រេង តំបន់ឆ្នេរ​សមុទ្រ​-​កោះ និង​គោលដៅ​ទេសចរណ៍​នានា​នៅក្នុង​ខេត្ត​របស់ខ្លួន​ជាធម្មតា​។​

​លោក​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​តាម​របាយការណ៍​រប​ស់ម​ន្ទី​ទេសចរណ៍​រាជធានី​-​ខេត្ត បាន​បង្ហាញថា ចន្លោះ​ពីថ្ងៃ​ទី​៩-១៥ ខែមីនា មាន​ប្រជាពលរដ្ឋ និង​ទេសចរ​បរទេស​ផ្ទៃក្នុង​ដើរ​កម្សាន្ត តាម​រមណីយដ្ឋាន​ទេសចរណ៍​នានា​ប្រមាណ​ជាង ១៩​ម៉ឺន​នាក់​»​។​

​យោងតាម​សភាពការណ៍​នេះ ក្រសួងទេសចរណ៍​ក្រើនរំលឹក​ណែនាំ​ដល់​មន្ទីរ​ទេសចរណ៍​រាជធានី​-​ខេត្ត ត្រូវ​បន្ត​បង្កើន​ការយកចិត្តទុកដាក់​ចំពោះ​ទេសចរ​ផ្ទៃក្នុង ដោយ​ត្រូវ​បន្ត​ពង្រឹងគុណភាព​សេវាកម្ម ផលិតផល​ទេសចរណ៍ អនាម័យ ម្ហូបអាហារ និង​សុវត្ថិភាព​ភ្ញៀវទេសចរ​នៅតាម​គោលដៅ​ទេសចរណ៍​ទាំងអស់​ឲ្យ​បានល្អ​ប្រសើរ ជាពិសេស​នៅតាម​រមណីយដ្ឋាន​ទេសចរណ៍ និង​សហគមន៍​ទេសចរណ៍​នានា​។​

​ក្រៅពីនោះ​ក៏ត្រូវ​បន្ត​ជំរុញ​ការ​ការបណ្តុះបណ្តាល​បុគ្គលិក និង​ប្រជា​សហគមន៍​នៅតាម​ទីតាំង​ផ្ទាល់ ដោយ​បំបែក​ជា​ក្រុម​តូចៗ និង​អាច​រៀន​នៅក្នុង​បរិវេណ​រមណីយដ្ឋាន និង​សហគមន៍ និង​ត្រូវ​អង្គុយ​ឃ្លាត​គ្នា​យ៉ាងតិច​២​ម៉ែត្រ ដោយ​ផ្តោតលើ​ជំនាញ​ចាំបាច់​នានា ដូចជា ផ្នែក​ម្ហូបអាហារ និង​ភេសជ្ជៈ ការទទួល​បដិសណ្ឋារកិច្ច​ភ្ញៀវទេសចរ ការផ្តល់សេវា​ប្រកបដោយ​គុណភាព ព្រមជាមួយ​ការអប់រំ​អំពី​វិធាន​ការបង្ការ​ជំងឺ​ខូ​វីដ​-១៩ ដែល​ក្រសួងសុខាភិបាល និង​ក្រសួងទេសចរណ៍​បានដាក់​ចេញ សំដៅ​ធ្វើយ៉ាងណា​ប្រែក្លាយ​វិបត្តិ​ជា​ឱកាស និង​សម្រាប់​ត្រៀមខ្លួន​ទទួលភ្ញៀវ​ទេសចរ​នៅពេល​វិបត្តិ​នេះ​កន្លងផុតទៅ​៕