លោក ថោង ខុន ទៅ​បង្ហូតទង់ជាតិ បង្ហាញ​ពី​ការត្រៀមខ្លួន​រួចរាល់ ដើម្បី​ស៊ី​ហ្គេម នៅ​ហ្វីលីពីន​

416
ចែករម្លែក

ដោយ​: មូល​សម្បត្តិ​ / ​ភ្នំពេញ​: លោក​ ថោង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC) និង​លោ​កស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា រួមទាំង​កីឡាករ​-​កីឡាការិនី​កម្ពុជា នៅ​ថ្ងៃទី​២៩ ខែវិច្ឆិកា​នេះ បាន​ចូលរួម​ពិធី​បង្ហូតទង់ជាតិ និង​គោរព​ភ្លេងជាតិ នៃ​ព្រះរាជាណាចក្រ​ក​កម្ពុជា ជាមួយ​បណ្ដា​ប្រទេស​អាស៊ាន ១០​ទៀត ដើម្បី​បង្ហាញ​ពី​ការ​ទៅដល់ និង​ការត្រៀមខ្លួន​ជាស្រេច ក្នុងការ​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣០ នៅ​ហ្វីលីពីន​។​

​ការចូលរួម​ពិធី​បង្ហូតទង់ជាតិ និង​គោរព​ភ្លេងជាតិ​នេះ បានធ្វើ​ឡើង​នៅ​ភូមិ​កីឡា នាទី​ក្រុង New Clark បន្ទាប់ពី​លោក​រដ្ឋមន្ដ្រី បាន​ដឹកនាំ​ប្រតិភូ និង​អត្ត​ព​លិ​ក ៩​ប្រភេទ​កីឡា ធ្វើដំណើរ​ទៅដល់​ហ្វីលីពីន ដោយ​សុវត្ថិភាព កាលពី​ម៉ោង ៤​ទាបភ្លឺ កាលពី​ព្រឹក​មិញ ។ កម្មវិធី​នេះ ត្រូវបាន​កំណត់​រៀបចំ​ជា​រៀងរាល់ឆ្នាំ រាល់​មុន​ពិធី​បើក​ការប្រកួត​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម ១​ថ្ងៃ ។​ជាក់ស្ដែង​បន្ទាប់ពី​រៀបចំ​ពិធី​ខាងលើ នៅ​ល្ងាច​ថ្ងៃទី​៣០ ខែវិច្ឆិកា​ស្អែក ហ្វីលីពីន​នឹង​ប្រារព្ធ​ពិធី​បើក​ការប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣០ ជា​ផ្លូវការ​តែម្ដង​។​

​តាម​ការបញ្ជាក់​ពី​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ NOCC និង​ជា​នាយ​បេសកកម្ម បាន​ឲ្យ​ដឹងថា បន្ទាប់ពី​ចូលរួម​កម្មវិធី​ខាងលើ នៅ​ព្រឹក​ថ្ងៃទី​៣០ ខែវិច្ឆិកា​ស្អែក លោក​ថោង ខុន និង​លោ​កស សុខា នឹងធ្វើ​ការជួប​សំណេះសំណាល ក៏ដូចជា​ផ្ដល់​អនុសាសន៍​លើកទឹកចិត្ត​ដល់​កីឡាករ​-​កីឡាការិនី​កម្ពុជា ដែល​បាន​ទៅដល់​ប្រទេស​ហ្វីលីពីន មុន​ថ្នាក់ដឹកនាំ ប្រតិភូ និង​កីឡាករ​-​កីឡាការិនី​កម្ពុជា​ទាំងអស់ ត្រូវ​ចូលរួម​ពិធី​បើក​ការប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣០ ផ្លូវការ នៅ​ល្ងាច​ថ្ងៃ​ដដែល ។​

​សូម​រំឭកថា បេសកកម្ម​ស៊ី​ហ្គេម​ឆ្នាំនេះ​កម្ពុជា​នឹង​បញ្ជូន​កីឡា​សរុប ៣១​ប្រភេទ​ទៅ​ចូលរួម ខណៈ​បច្ចុប្បន្ន​មាន​កីឡា ១២​ប្រភេទ​ហើយ ដែល​បាន​ទៅដល់​ហ្វីលីពីន ហើយ​ប្រភេទ​កីឡា​នៅសល់ នឹង​បន្ដ​ចេញដំណើរ​ជា​បន្ដបន្ទាប់ ស្របពេល​ការប្រកួត​នឹង​ចាប់ផ្ដើម​ផ្លូវការ​ពីថ្ងៃ​ទី​៣០-​វិច្ឆិកា ដល់​ថ្ងៃទី​១១ ខែធ្នូ​ខាងមុខ ។ ប៉ុន្ដែ​គិត​ត្រឹម​ថ្ងៃទី​២៩ ខែវិច្ឆិកា​នេះ កម្ពុ​ជាមាន​កីឡា ២​ប្រភេទ​ហើយ ដែល​បានធ្វើ​ការប្រកួត រួមមាន​ក្រុមបាល់ទាត់​ជម្រើសជាតិ U22 កម្ពុជា និង​ក្រុម​បាល់ទះ​ឆ្នេរ​ខ្សាច់ ដែល​ត្រូវធ្វើ​ការប្រកួត​ល្ងាច​នេះ​៕ ល​