លោក នួន សុខា​វី បញ្ជាក់​អំពី​មូលហេតុ​បង្កើត​គណបក្ស​ពន្លឺ​ថ្មី​

2217
ចែករម្លែក
លោក​នួន សុខា​វី ប្រធាន​គណបក្ស​ពន្លឺ​ថ្មី​

​ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: លោក​នួន សុខា​វី ប្រធាន​គណបក្ស​ពន្លឺ​ថ្មី បានបញ្ជាក់​អំពី​មូលហេតុ ដែល​លោក​បង្កើត​គណបក្ស​ពន្លឺ​ថ្មី គឺ​ដើម្បី​លើកតម្កើង​នូវ​អច្ឆរិយៈ​ធំៗ​ទាំងបី​របស់​ជាតិ គ្មាន​គូរ​ប្រៀប រួមមានៈ ទី​១.​អច្ឆរិយៈ​ភាសា ទី​២.​អច្ឆរិយៈ​អក្ខរា និង​ទ​ទី​៣.​អច្ឆរិយៈវត្ថុ និង​ធម្មជាតិ​។

​គណបក្ស​ពន្លឺ​ថ្មី ត្រូវបាន​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ទទួលស្គាល់​ចុះបញ្ជី​ជា​ផ្លូវការ កាលពី​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៨ ដើម្បី​ចូលរួម​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី​៦ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ​។​

​លោក នួន សុខា​វី ប្រធាន​គណបក្ស​ពន្លឺ​ថ្មី បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា​ឲ្យ​ដឹងថា មូលហេតុ​ដែល​នាំ​ឲ្យ​មានការ​បង្កើត​គណបក្ស​ពន្លឺ​ថ្មី គឺ​ដើម្បី​លើកតម្កើង​នូវ​កេរដំណែល​បុព្វបុរស​ជាតិ គឺ​លើកតម្កើង​អច្ឆរិយៈ​ធំៗ​ទាំងបី​របស់​ជាតិ ដែល​គ្មាន​គូ​ប្រៀប​លើ​លោកិយ​នេះ​។ ដោយ​លោក​បាន​រម្លឹកថា បើ​និយាយ​ពី​ប្រវត្តិ​អតីតកាល ក្នុង​ការតស៊ូ​របស់លោក គឺ​លោក​បាន​តស៊ូ​នៅក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ដើម្បី​ឲ្យ​មានឱកាស​ដឹកនាំ​បញ្ជូន​ក្បួនខ្នាត​វប្បធម៌​អច្ឆរិយៈ ជា​កេរដំណែល​បុព្វបុរស​ជាតិ ដែល​បាន​បាត់បង់​រាប់ពាន់​ឆ្នាំ​មកហើយ​នេះ ជូន​ប្រមុខ​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល អស់​រយៈពេល​ជាង​៦​ឆ្នាំ ស្នើសុំ​និង​សុំ​អង្វរ​ប្រមុខ​រាជរដ្ឋាភិបាល​ជាច្រើនលើក​ច្រើនដង​មកហើយ ដើម្បី​សុំ​ដាក់បញ្ចូល​រូបមន្ត​ក្បួនខ្នាត​វប្បធម៌​អច្ឆរិយៈ​នេះ ទៅក្នុង​កម្មវិធី​សិក្សាអប់រំ​ជាតិ​ឡើងវិញ ដើម្បី​ចង់​អប់រំ​ជនជាតិ​យើង ឲ្យ​លោក​មាន​សេចក្តីស្រឡាញ់​ជាតិ​ពិតប្រាកដ​ឡើងវិញ​។ និយាយ​រួម​មក គឺ​ដើម្បី​ឲ្យ​ជនជាតិ​យើង​ទាំងអស់​ទូទាំង​ពិភពលោក និង​ជាពិសេស​យុវជន​យុវនារី​ជំនាន់​ក្រោយ​របស់​ជាតិ​យើង ឲ្យ​លោក​យល់​ដឹងថា ពាក្យ​ស្នេហា​ជាតិ​នេះ​ជា​អ្វី​! តើ​ត្រូវ​ស្រឡាញ់​អ្វីខ្លះ​? ត្រូវ​គ្រប់គ្រង​អ្វីខ្លះ​? ថែរក្សា​ការពារ​អ្វីខ្លះ​? ត្រូវ​អភិរក្ស​អ្វីខ្លះ ? ដែលជា​ទ្រព្យសម្បត្តិ​អច្ឆរិយៈ​របស់​ជាតិ​យើង និង​តើ​ត្រូវធ្វើ​យ៉ាងណា​! ដើម្បី​ឲ្យ​មាន​ឯកភាព​ជាតិ​ពិតប្រាកដ ជុំ​ជាតិ មាន​សាមគ្គី​ជាតិ​ពិតប្រាកដ​បាន​? (​តែ​តស៊ូ​ជាង​៦​ឆ្នាំនេះ​ហាក់ដូចជា​គ្មាន​ពន្លឺ​អ្វី​សោះ​) ។​

​លោក​បាន​បន្តទៀតថា “​ជាពិសេស​ជាងនេះទៅទៀត ខ្ញុំ​ក៏បាន​តស៊ូ​ទៅ​ជម្រាបជូន​ឯកឧត្តម សម រង្ស៊ី នៅ​សហរដ្ឋ​អា​មេ​រិច​ផងដែរ ដើម្បី​សូម​លោក​ឲ្យ​ជួយ​លើកតម្កើង យក​ក្បួនខ្នាត​វប្បធម៌​អច្ឆរិយៈ​នេះ ទៅ​បង្ហាត់បង្រៀន​ប្រជាជាតិ​យើង​ទូទាំង​នគរ ជាពិសេស​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងអស់​ផងដែរ បើ​ប្រមុខ​រាជរដ្ឋាភិបាល​របស់​ជាតិ​យើង លោក​មិនទាន់​ទទួលយក​នោះ តែ​គ្មាន​ពន្លឺ ងងឹតសូន្យ​សុង​ដដែល​”​។ មូលហេតុ​ទាំងនេះ ហើយ​ទើប លោក​បាន​សម្រេចចិត្ត​ដាក់​ពាក្យសុំ​លាឈប់​ពី​គណបក្ស​ប្រជាជន​កម្ពុជា ហើយក៏​បានមក​បង្កើត​គណបក្ស​ពន្លឺ​ថ្មី​ឡើង តាំងពី​ឆ្នាំ​២០១៦ មករ​ហូត​ដល់ពេលនេះ សូម​មហាជាតិ​ពិចារណា និង​ស្វែងរក​ការពិត​បន្តទៅទៀត ដើម្បី​ចូលរួម​ជួយ​ជាតិ​មាតុភូមិ​ដ៏​សែន​កំសត់​នេះ​ទាំងអស់គ្នា​។

​លោក នួន សុខា​វី បាន​លើកឡើងថា ដោយសារតែ​លោក​បាន​សិក្សា​ក្បួន​គុម្ពី​ត្រៃ​យ៍​វេទ និង​សៀវភៅ​កំណើត​ជាតិ ទើបបាន​ដឹងថា ជាតិ​យើង​វិនាស​អន្តរាយ​ពីមួយ​ជំនាន់​ទៅមួយ​ជំនាន់​ដោយសា​អ្វី​នោះ​!!! គឺ​ជាតិ​យើង​វេទនា​រាប់ពាន់​ឆ្នាំ​មកហើយ គឺ​ដោយសារតែ​ពួក​បរទេស គេ​បង្ហាត់បង្រៀន ដាំ​ចិត្តគំនិត​ថ្មី តាម​វប្បធម៌​បរទេស​ធ្វើ​ឲ្យ​ជនជាតិ​យើង​វង្វេងជាតិ ពូកែ​តែ​ខាង​ប្រមា​ថកាប់​ចាក់​ជាតិ​ខ្លួនឯង មើលងាយ​ជាតិ​ខ្លួនឯង មានចិត្ត​ចង្អៀត ប្រកាន់បក្ស​ពួកនិយម គ្មាន​ឯកភាព​ជាតិ​ពិតប្រាកដ បាត់បង់​ពន្លឺ​ជាតិ បាត់បង់​ព្រលឹង​ជាតិ​អស់ ង​ងិ​ត​សូន្យសុង​លោភលន់​ផ្តាច់មុខ ពីមួយ​ជំនាន់​ទៅមួយ​ជំនាន់​ទើប​នាំ​ឲ្យ​ជាតិ​អន្តរាយ​រហូត​។ ដោយ​លោក​បាន​សង្កត់ធ្ងន់ថា “​មានតែ​ខ្មែរ​ជុំ​ជាតិ មាន​ឯកភាព​ជាតិ​ពិតប្រាកដ​ទេ ទើប​ជាតិ​នេះ​បាន​សុខសាន្ត​ជា​អមតៈ​បាន គឺ​ត្រូវតែ​អប់រំ​ចិត្ត​តាម​វប្បធម៌​អច្ឆរិយៈ​ទាំងអស់គ្នា ទើប​រក​ឯកភាព​ជាតិ​ពិត​ឃើញ​( ពន្លឺ​ថ្មី )”៕

លោក​នួន សុខា​វី ទទួល​ឯកសារ​ទទួលស្គាល់​ចុះបញ្ជី​គណបក្ស​ពន្លឺ​ថ្មី​ពី​មន្ត្រី​គ​.​ជ​.​ប​