លោក ប៉េ​ប ហ្គា​ឌី​អូ​ឡា ចុះកិច្ចសន្យា​ពីរ​ឆ្នាំ​បន្ថែមទៀត​ជាមួយ​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​

179

​ប៉េ​ប ហ្គា​ឌី​អូ​ឡា (Pep Guardiola) បាន​ចុះកិច្ចសន្យា​ពីរ​ឆ្នាំ​បន្ថែមទៀត​ជាមួយ​ក្លិប ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី បន្ទាប់ពី​ដឹកនាំ​ក្រុម​ស៊ី​ធី​លើក​ពាន​ជើងឯក​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​។​
​ ​
​គ្រូបង្វឹក​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូបនេះ​នៅសល់​កិច្ចសន្យា​រយៈពេល​១២​ខែ ហើយ​បាន​បន្ត អនាគត​របស់លោក​ជាមួយ​ក្លិប​ស៊ី​ធី រហូតដល់​ដំណាច់​រដូវ​កាល​២០២០/២១ មានន័យថា លោក​នឹង​បន្ត​ដឹក​នាំនៅ​ពហុ​កីឡដ្ឋាន Etihad យូរ​ជាង​ការដឹកនាំ​របស់លោក​នៅ​ក្លិប បា​សេ​ឡូ​ណា ( Barcelona )​និង បៃ​យឺន​មូ​និ​ច​(Bayern Munich) ។​
​ ​
​ព័ត៌មាន​នេះ​គឺជា​ការលើកទឹកចិត្ត​ដ៏​ធំ​មួយ​ចំពោះ​ក្លឹប​ស៊ី​ធី​នៅ​ដំណាច់​រដូវ​កាលដែល​ក្នុងនោះ លោក​បាន​លើក​ពាន​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​និង​បង្កើត​ឯតទគ្គ​កម្ម​ជាច្រើន​រួមទាំង​រកបាន​ពិន្ទុ​ច្រើន​បំផុត ប្រកួត​ឈ្នះ​ច្រើន​បំផុត​និង​រកបាន​គ្រាប់​បាល់​ច្រើន​បំផុត​ផងដែរ​។ ក្រុម​របស់លោក ហ្គា​ឌី​អូ​ឡា ក៏​លើក​ពាន Carabao Cup ផងដែរ​។​
​ ​
​លោក ហ្គា​ឌី​អូ​ឡា បាន​និយាយថា “​ខ្ញុំ​រីករាយ​និង​សប្បាយចិត្ត​មែនទែន​។ វា​គឺជា​រឿង​សប្បាយ ចិត្ត​ដែល​អាចធ្វើ​ការងារ​នៅទីនេះ​។ ខ្ញុំ​ពេញចិត្ត​ធ្វើ​ការងារ​ជាមួយ​កីឡាករ​របស់​យើង​រាល់ថ្ងៃ ហើយ​យើង​នឹង​ប្រឹងប្រែង​អស់ពី​សមត្ថភាព​នៅ​ឆ្នាំ​ខាងមុខ​ទៀត​”​។​
​ ​
​លោក​បន្តថា “​យើង​នឹង​ផ្តោត​ការយកចិត្តទុកដាក់​លើ​បំណងប្រាថ្នា​របស់​កីឡាករ ដើម្បី​ក្លាយ ជា​ក្រុម​ឆ្នើម​បំផុត ហើយ​នេះ​គឺជា​អ្វីដែល​យើង​នឹង​ព្យាយាម​ធ្វើ ដើម្បី​កែលម្អ​របៀប​លេង​នៅ លើ​ទីលាន​និង​កែលម្អ​កីឡាករ​របស់​យើង​”​។​
​ ​
​គេ​ជឿថា ម្ចាស់​ក្លិប​ស៊ី​ធី​បានផ្តល់​រង្វាន់​ដល់​គ្រូបង្វឹក​វ័យ​៤៧​ឆ្នាំ​រូបនេះ​ដោយ​តំឡើង ប្រាក់ខែ​ពី​១៥​លាន​ផោន​ក្នុង​មួយឆ្នាំ​ជិត​ដល់​២០​លាន​ផោន​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​គ្រូបង្វឹក ប៉េ​ប ហ្គា​ឌី​អូ​ឡា (Pep Guardiola)