លោក ពេ​ជ សោភ័ន​៖ “​ផលិតភាព​ការងារ​គឺជា​ការធ្វើការ​ប្រកបដោយ​ភាព​ឆ្លាត​វៃ និង​មាន​ប្រសិទ្ធភាព​”

313
ចែករម្លែក

ដោយ​: ដេប៉ូ / ភ្នំពេញ​: មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ថ្លែងថា ក្នុង​ផលិតភាព​គឺជា​ការធ្វើការ​ប្រកបដោយ​ភាព​ឆ្លាត​វៃ និង​មាន​ប្រសិទ្ធភាព មិន​ធ្វើការ​កាន់តែ​លំបាក​ទេ​។​ព្រមជាមួយ​គ្នា យើង​ត្រូវ​ចាប់ផ្តើម​ពី​ខ្លួន​យើង​ម្នាក់ៗ​ក្នុងការ​ផ្លាស់ប្តូរ​ឥរិយាបទ​មិនល្អ ឬ​ទម្លាប់​អាក្រក់​ចេញ ការប្រើប្រាស់​ទស្សន​បែប​វិជ្ជមាន​នៅ​កន្លែងធ្វើការ​។​

​ការ​ថ្លែង​បែបនេះ​ធ្វើឡើង​ដោយ​លោក​ពេ​ជ សោភ័ន រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ជា​អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ​បណ្តុះបណ្តាល នា​ពិធី​បើក​សន្និសីទ​ស្តីពី “​យុទ្ធសាស្ត្រ​ផលិតភាព​សម្រាប់​កម្ពុជា​-​ការត្រួសត្រាយ​ផ្លូវ​សម្រាប់​ការប្រកួតប្រជែង​ជាស​កល​” ត្រូវបាន​រៀបចំឡើង នា​ព្រឹក​ថ្ងៃទី​០៣ ខែ វិច្ឆិកា ឆ្នាំ​២០១៩​នេះ​។​

​លោក​រដ្ឋលេខាធិការ​បា​ន មានប្រសាសន៍ថា “​សន្និសីទ​នេះ​ត្រូវបាន​ធ្វើឡើង​ទន្ទឹមគ្នា និង​បំពេញ​ឱ្យ​គ្នា​ទៅវិញទៅមក​ជាមួយ ពិព័រណ៍​ការងារ រយៈពេល​២​ថ្ងៃ​ដើម្បី​បង្កើតឱ្យមាន​ឥទ្ធិពល និង​ផលប្រយោជន៍​ជា​អតិបរមា​ដល់​អ្នកចូលរួម​នេះ គឺ​ផ្តោតលើ​ការចែករំលែក​ចំណេះដឹង ឯកទេស បទពិសោធន៍​នៃ​ការអនុវត្ត​ជោគជ័យ ដើម្បី​ចូលរួមចំណែក​ជាមួយ​ការខិតខំ​របស់​កម្ពុជា​ក្នុង​ការបណ្តុះ​ផ្នត់គំនិត ឥរិយាបថ និង​វប្បធម៌​ក្នុងការ​លើកកម្ពស់​ផលិតភាព និង​ការចាប់យក​បច្ចេកវិទ្យា​ថ្មីៗ ដែលជា​កត្តាចាំបាច់​សម្រាប់​ជំរុញ​ភាព​ប្រកួតប្រជែង កំណើនសេដ្ឋកិច្ច​ខ្ពស់ ការកែលម្អ​គុណភាព​ការងារ​និង​ជីវភាព​របស់​ប្រជាពលរដ្ឋ​។​

​ព្រមជាមួយ​គ្នា​ដើម្បី​លើកកម្ពស់​ផលិតភាព លោក​បានផ្តល់​អនុសាសន៍​បី​ចំណុច​គឺ​៖ លើកទឹកចិត្ត​ដល់​បុគ្គលិក​ឲ្យ​ចូលរួម លក្ខខណ្ឌ​ការងារ​ល្អ​,​ការចូលរួម​ដោយ​សកម្ម​ដោយ​អ្នកគ្រប់គ្រង​, ត្រូវ​ប្រើប្រាស់​បច្ចេកវិទ្យា​ដើម្បី​ធ្វើការ​កាន់តែ​ឆ្លាត​វៃ​។​

​គួរបញ្ជាក់​ផងដែរ​ថា សន្និសីទ​នេះ ត្រូវបាន​សហការ​រៀប​ចំ​ឡើង​ដោយ​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា GMAC សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រាជធានី​ភ្នំពេញ ក្រោយ​ការឧបត្ថម្ភ​គាំទ្រ​ពី កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​ប្រចាំ​កម្ពុជា (UNDP) និង​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO)​។​

​សូម​រំលឹក​ដែរ​ថា រាជរដ្ឋាភិបាល​កម្ពុជា​បានដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ ក៏ដូចជា​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា ឆ្នាំ​២០១៥-២០២៥ ដែល​រួមបញ្ចូល​គ្នា​នូវ​ដំណោះស្រាយ​គ្រប់​ជ្រុងជ្រោយ សំដៅ​ជំរុញ​ការកែប្រែ​រចនាសម្ព័ន្ធ​សេដ្ឋកិច្ចជាតិ​ពី​ការពឹង​ផ្អែកលើ​កំណើន​ជំរុញ​ដោយ​កត្តាផលិតកម្ម​ទៅ​ពឹង​ផ្អែកលើ​ផលិតភាព​និង​ការបង្កើត​តម្លៃបន្ថែម សំដៅ​ពង្រឹង​ភាព​ប្រកួតប្រជែង បន្ត​ធានាបាន​កំណើន​ខ្ពស់ បង្កើត​ការងារ​កាន់តែ​ប្រសើរ និង​បង្កើន​ប្រាក់ចំណូល​ប្រកបដោយ​ស្ថិរភាព​និង​បរិ​យា​ប័ន្ន និង​ឈានទៅ​សម្រេចបាន​នូវ​ក្តី​ប្រាថ្នា​ក្នុងការ​ប្រែក្លាយ​កម្ពុជា ទៅជា​ប្រទេស​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០៕ ល​