លោក មូ​ន ជេ​អ៊ី​នៈ​អាស៊ាន​គឺជា​សហគមន៍​សេដ្ឋកិច្ច​ក្មេងខ្ចី​និង​ស្វាហាប់​បំផុត​!…

369
ចែករម្លែក

ប្រែ​សម្រួលៈ​ពិស្តារ​/​ភ្នំពេញៈ​.​លោក​ប្រធានាធិបតី​កូរ៉េ​ផ្ញើ​សារ​ជូន​ប្រជាជាតិ​អាស៊ាន​និង​មេគង្គ​នៅមុន​ជំនួប​កំពូល​នៅមុន​ពេល​ប្រទេស​កូរ៉េខាងត្បូង​ដែលមាន​ឈ្មោះ​ជា​ផ្លូវការ​ថា​សាធារណរដ្ឋ​កូរ៉េ​បើកទ្វារ​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​ពីរ​ផ្ទួនគ្នា គឺ​កិច្ចប្រជុំ​កំពូល​រំលឹក​ខួប​អនុស្សាវរីយ៍​អាស៊ាន​-​សាធារណរដ្ឋ​កូរ៉េ និង កិច្ចប្រជុំ​កំពូល​មេគង្គ​-​សាធារណរដ្ឋ​កូរ៉េ​លើក​ទី​១ លោក មូ​ន ជេ​អ៊ី​ន ប្រធានាធិបតី​សាធារណរដ្ឋ​កូរ៉េ​បាន​ផ្ញើ​នូវ​សារ​មួយ​ជូន​ប្រជាជាតិ​កូរ៉េ​ ប្រជាជាតិ​នៅ​តំបន់​មេគង្គ​និង អាស៊ាន តាមរយៈ​បណ្តាញ​ព័ត៌មាន​អាស៊ី (Asia News Network) ដែល​កាសែត​រស្មី​កម្ពុជា​ក៏​ជា​សមាជិក​មួយ​ផងដែរ​នោះ​។​


​លោក មូ​ន ជេ​អ៊ី​ន បាន​ផ្ញើ​សារ​នៅមុន​កិច្ចប្រជុំ​ដែល​តាម​ការគ្រោងទុក​ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក៏​នឹង​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា អញ្ជើញ​ទៅ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះដែរ​។​កាសែត​រស្មី​កម្ពុជា​សូម​ធ្វើការ​ប្រែ​សម្រួល​ជូន​មិត្ត​អ្នកអាន​ដែលមាន​ខ្លឹមសារ​ទាំងស្រុង​ដូចខាងក្រោម​៖
​នៅ​សប្តាហ៍​ក្រោយ​គឺ​ពីថ្ងៃ​ទី​២៥​ដល់​ថ្ងៃទី​២៧​ខែវិច្ឆិកា​ឆ្នាំ​២០១៩​កិច្ចប្រជុំ​កំពូល​អាស៊ាន – សាធារណរដ្ឋ​កូរ៉េ​ឆ្នាំ​និង​កិច្ចប្រជុំ​កំពូល​មេគង្គ – សាធារណរដ្ឋ​កូរ៉េ​លើក​ទី ១ នឹង​ប្រព្រឹត្តទៅ​នៅ​ប្រទេស​កូរ៉េខាងត្បូង​។ ជាពិសេស​ចាប់តាំងពី​ស្រុកកំណើត​របស់ខ្ញុំ គឺ​ទីក្រុង​ប៊ូសាន​ត្រូវបាន​កំណត់ថា​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​សម្រាប់​ព្រឹត្តិការណ៍​នានា​នៅក្នុង​អំឡុង​ពេលនោះ​ខ្ញុំ​ពិតជា​ទន្ទឹងរង់ចាំ បណ្តា​មេដឹកនាំ​ប្រទេស​ទាំងនោះ​ណាស់​។ ពោលគឺ​ខ្ញុំ​មាន​អារម្មណ៍​ថា ដូចជា​ខ្ញុំ​បាន​អញ្ជើញ​ភ្ញៀវ​ដែលមាន​តម្លៃ​ឧត្តុង្គឧត្តម​បំផុត​មក​ផ្ទះ​របស់ខ្ញុំ​ដែរ​។ ខ្ញុំ​សូម​ផ្ញើ​សារ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​ប្រមុខរដ្ឋ​និង​រដ្ឋាភិបាល​ក៏ដូចជា​អគ្គលេខាធិការ​អាស៊ាន​ទាំងអស់​។​


​សាធារណរដ្ឋ​កូរ៉េ​ជា​ដៃគូ​សន្ទនា​ដំបូង​គេ​របស់​អាស៊ាន​ក្នុងការ​បង្កើត​វិមាន​វប្បធម៌​អាស៊ាន​។​ជនជាតិ​កូរ៉េ​ស្រឡាញ់​អាស៊ាន​ខ្លាំងណាស់ ពោលគឺ​ក្រោយ​ពេលដែល​ព្រៃ​សម្រាក​វិស្សមកាល​ជាតិ​អាស៊ាន (National ASEAN Recreation Forest) ត្រូវបាន​បង្កើតឡើង​យ៉ាង​ពេញលេញ​ជាមួយ​បន្ទប់​នានា ដែល​គេ​យក​គំរូ​តាម​រចនាប័ទ្ម​លំនៅដ្ឋាន ផ្សេងៗ​គ្នា​ពី​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​ទាំង​១០ ។​


​បន្ទាប់ពី​ខ្ញុំ​ឡើងកាន់តំណែង​ខ្ញុំ​បាន​បញ្ជូន​ប្រេសិត​ពិសេស​ទៅ​អាស៊ាន​ដោយ​យកចិត្តទុកដាក់​និង​ស្រឡាញ់​របស់ខ្ញុំ​ចំពោះ​តំបន់​នេះ​។ ខ្ញុំ​ក៏បាន​ធ្វើ​ទស្សនកិច្ច​នៅ​គ្រប់​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង ១០ ក្នុង​រយៈពេល​តែ​ជាង​ពីរ​ឆ្នាំ​នៃ​ការ​កាន់តំណែង​របស់ខ្ញុំ​ដោយ​ក្លាយជា​ប្រធានាធិបតី​កូរ៉េ​ដំបូង​គេ​ដែល​ធ្វើ​ដូច្នោះ​។​សក្ដានុពល​របស់​អាស៊ាន​និង​ស្នាមញញឹម​របស់​ប្រជាជន​នៅតែ​ស្រស់ស្រាយ​ក្នុង​ការចងចាំ​របស់ខ្ញុំ​នៅឡើយ​។​


​ប្រជាជន​អាស៊ាន​រស់នៅក្នុង​ភាពសុខដុមរមនា​ជាមួយនឹង​ភាព​ចម្រុះ​នៃ​ជាតិ​សាសនា ភាសា និង វប្បធម៌​ដែល​បាន​បញ្ចូល​ទៅក្នុង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​របស់​ពួកគេ​។ ប្រជាជន​កូរ៉េ​មាន​អារម្មណ៍​ស្និទ្ធស្នាល​នឹង​ប្រជាជាតិ​អាស៊ាន​ពីព្រោះ​អាស៊ាន​និង​កូរ៉េ​ប្រកាន់ខ្ជាប់​នូវ​ភាព​ប្រហាក់ប្រហែល​ទាំង​ក្នុងតម្លៃ​សុភាវធម៌​និង​ស្មារតី​ជា​សហគមន៍​។ យើង​ចែករំលែក​នូវ​គុណ​តម្លៃ​របស់​អាស៊ី​រួមគ្នា​។​អាស៊ាន​គឺ​ពិសេស​សម្រាប់​ជនជាតិ​កូរ៉េ​ពីព្រោះ​តំបន់​នេះ​ធានា​នូវ​ការចូលរួម​និង​ឱកាស​ស្មើៗ​គ្នា​តាមរយៈ “ មាគ៌ា​អាស៊ាន​” ទោះបី​មាន​ស្ថានភាព​សេដ្ឋកិច្ច​និង​ប្រព័ន្ធ​នយោបាយ​ខុសគ្នា​ក្នុងចំណោម​រដ្ឋ​ទាំង​១០ របស់ខ្លួន​ក៏ដោយ​។ កំណើន​របស់​អាស៊ាន​តា​មរយៈ​ការបញ្ចូល​គ្នា​ដែល​មិន​រាប់បញ្ចូល​ធម្មជាតិ មនុស្ស ឬ ប្រជាជាតិ​ណាមួយ​ពិតជា​អនាគត​នៃ​សហគមន៍​ពិភពលោក​មួយ​ដ៏​ភ្លឺស្វាង​។​


​កាលពី​ឆ្នាំ ១៩៨៩ នៅពេល​អាស៊ាន​និង​កូរ៉េ​បាន​បង្កើត​ទំនាក់ទំនង​សន្ទនា​នឹង​គ្នា​គឺជា​រយៈពេល​វឹកវរ​។​ការប្រឈមមុខ​នឹង​មនោគមវិជ្ជា​ដែល​បាន​បន្ត​អស់​ជាច្រើន​ទសវត្ស​ចាប់តាំងពី​សង្គ្រាមត្រជាក់​បានចាប់ផ្តើម​រលាយបាត់​ទៅ​។ ការអភិវឌ្ឍ​បច្ចេកវិទ្យា​យ៉ាង​ឆាប់រហ័ស​បាន​ជួយ​ទាក់ទាញ​ប្រទេស​នានា​នៅ​ជុំវិញ​ពិភពលោក​ឱ្យ​កាន់តែ​ជិតស្និទ្ធ​ជាង​មុន​ដែល​ធ្វើឱ្យ​ពួកគេ​ងាយ​រង​ផលប៉ះពាល់​ពីគ្នា​ទៅវិញទៅមក​។ នៅក្នុង​យុគសម័យ​នៃ​ការផ្លាស់ប្តូរ​នោះ​អាស៊ាន​និង​កូរ៉េ​បាន​ក្លាយជា​មិត្ត​។​


​ក្នុង​រយៈពេល​ជាង​បី​ទសវត្សរ៍​ចាប់តាំងពី​ពេលនោះ​មក​យើង​បាន​កសាង​មិត្តភាព​របស់​យើង​ជា​បណ្តើរៗ ដោយ​ដើរ​ទន្ទឹមគ្នា​ឆ្លើយតប​នឹង​ពេលវេលា​ថ្មី​និង​ការផ្លាស់ប្តូរ​ដែល​ត្រូវ​គ្នា​។ នៅក្នុង​ឆ្នាំ ២០១៨ ចំនួន​ភ្ញៀវទេសចរ​ដែល​ធ្វើដំណើរ​រវាង​ប្រទេស​កូរ៉េ​និង​អាស៊ាន​បាន​កើនឡើង​ដល់​ជាង ១១ លាន​នាក់​ហើយ​ពាណិជ្ជកម្ម​ទ្វេភាគី​បាន​ឈានដល់​កម្រិត​ខ្ពស់បំផុត​គឺ ១៦០ ពាន់​លាន​ដុល្លារ​អាម៉េរិក​។​


​ឥឡូវនេះ​ពិភពលោក​កំពុង​ប្រឈមមុខ​នឹង​បញ្ហា​ប្រឈម​ថ្មីៗ​ដូច​ជាការ​គាំពារ​និយម​និង​បដិវត្ត​ឧស្សាហកម្ម​ទី ៤ ។ ការគំរាមកំហែង​ផ្នែក​សន្តិសុខ រួមទាំង​គ្រោះមហន្តរាយធម្មជាតិ ឧក្រិដ្ឋកម្ម​ឆ្លងដែន និង​ឧក្រិដ្ឋកម្ម​តាម​អ៊ិន​ធឺ​ណិ​ត​គឺ​មិនមែន​ធម្មតា​ទេ ហើយ​កំពុងមាន​ការកើនឡើង​ជា​រៀងរាល់ថ្ងៃ​។​ដោយ​ផ្អែកលើ​កិច្ចសហប្រតិបត្តិការ​រ​យៈ​ពេល​៣០​ឆ្នាំ​យើង​ចាំបាច់​ត្រូវ​រួមគ្នា​ឆ្លើយតប​ទៅនឹង​ឧបសគ្គ​ទាំងនេះ​និង​ដាក់​ចក្ខុវិស័យ​អនាគត​ថ្មី​។​កិច្ចប្រជុំ​កំពូល​រំលឹក​ខួប​អនុស្សាវរីយ៍​អាស៊ាន – សាធារណរដ្ឋ​កូរ៉េ​នឹង​ក្លាយជា​កន្លែង​សម្រាប់​ភាគី​ទាំងពីរ​ដាក់​ការ​រិះគិត​របស់​យើង​រួមគ្នា​ដើម្បី​ស្វែងរក​វិធី​ដើម្បី​អនាគត​កាន់តែ​រុងរឿង​និង​សន្តិភាព​ក្រោម​បដា​“ ភាពជា​ដៃគូ​ដើម្បី​សន្តិភាព​វិបុលភាព​សម្រាប់​ប្រជាជន​” ។​


​អាស៊ាន​គឺជា​សហគមន៍​សេដ្ឋកិច្ច​ក្មេងខ្ចី​និង​ស្វាហាប់​បំផុត​នៅលើ​ពិភពលោក​។ ដើម្បី​ប្រែក្លាយ​សក្តានុពល​គ្មាន​កំណត់​របស់​អាស៊ាន​ទៅជា​វិបុលភាព​ប្រកបដោយ​ចីរភាព គឺ​ចាំបាច់​ណាស់​ក្នុង​ការបង្កើន​ការតភ្ជាប់​នៅក្នុង​តំបន់​និង​សហប្រតិបត្តិការ​ក្នុង​ឧស្សាហកម្ម​បច្ចេកវិទ្យា​ខ្ពស់​។​ប្រសិនបើ​យើង​បង្កើន​កិច្ចសហប្រតិបត្តិការ​ក្នុង​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​ទីក្រុង​ឆ្លាត​និង​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​ជឿនលឿន ដែលជា​ចំណុចខ្លាំង​របស់​កូរ៉េ​យើង គឺ​យើង​អាច​រួមគ្នា​អភិវឌ្ឍន៍​សមត្ថភាព​ច្នៃប្រឌិត​ដើម្បី​ឆ្លើយតប​ទៅនឹង​បដិវត្ត​ឧស្សាហកម្ម​ទី​៤ ។​ការប្រើប្រាស់​ពាណិជ្ជកម្ម​សេរី​ដើម្បី​ពង្រីក​ពាណិជ្ជកម្ម ជំរុញ​សហគ្រាស​ធុន​តូច​និង​មធ្យម​សម្រាប់​សេដ្ឋកិច្ច​ដែលមាន​បញ្ចូល​គ្នា​និង​លើកកម្ពស់​កំណើន​បៃតង​ដូចជា​ឧស្សាហកម្ម​ជីវ​បរិស្ថាន ដែល​ទស្សនាទាន​ទាំងនេះ​ក៏​ជា​ចក្ខុវិស័យ​ដែល​កូរ៉េ​និង​អាស៊ាន​អាចធ្វើ​ការ​ជាមួយគ្នា​បាន​។​


​ក្រៅពីនេះ​ខ្ញុំ​ក៏​សូម​ស្នើ​សុំឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់ យកចិត្តទុកដាក់​ជាពិសេស​ចំពោះ​កិច្ចប្រជុំ​កំពូល​មេគង្គ – សាធារណរដ្ឋ​កូរ៉េ​ ដែល​នឹង​រៀបចំ​ជា​លើកដំបូង​ផងដែរ​។ បណ្តា​ប្រទេស​នៅតាម​ដង​ទន្លេមេគង្គ​កំពុង​ទទួលបាន​កំណើន​ប្រចាំឆ្នាំ​ខ្ពស់ជាង​ប្រាំមួយ​ភាគរយ​ខណៈពេល​កំពុង​បន្ត​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ដែល​តាមរយៈ​នោះ​ប្រជាជន​អាច​រស់នៅ​ប្រកបដោយ​ភាពសុខដុមរមនា​ជាមួយ​ធម្មជាតិ​។​ពួកគេ​ក៏​កំពុង​ដឹកនាំ​នៅក្នុង​អនាគត​ថ្មី​សម្រាប់​សហគមន៍​ពិភពលោក​តាមរយៈ​ស្មារតី​អាស៊ី​ដែល​បាន​កំណត់ដោយ​ការចែករំលែក​និង​ការគោរព​គ្នា​ទៅវិញទៅមក​។​


​តាម​ការជឿជាក់​! ការអភិវឌ្ឍ​របស់​ប្រទេស​ក្នុង​តំបន់​អាង​ទន្លេមេគង្គ​ក៏​នឹងមាន​ការបកប្រែ​ជា​ភាសា​កូរ៉េ​ផងដែរ ​ដូច្នេះ​ខ្ញុំ​សូម​បង្ហាញ​នូវ​ចក្ខុវិស័យ​នៃ​សាធារណរដ្ឋ​កូរ៉េ​-​មេគង្គ​ឡើង​។ ប្រទេស​កូរ៉េ​នឹង​ជួយ​លើកកម្ពស់​ការតភ្ជាប់​នៅក្នុង​បណ្តា​ប្រទេស​មេគង្គ​ដោយ​គាំទ្រ​ដល់​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​រួមមាន​ផ្លូវថ្នល់​ស្ពាន​ផ្លូវដែក​និង​កំពង់ផែ​ហើយក៏​នឹងចូលរួម​កម្លាំង​ដើម្បី​លើក កម្ពស់​វឌ្ឍនភាព​ក្នុង​តំបន់​ផងដែរ​។ មោទនភាព​និង​សក្តានុពល​របស់​បណ្តា​ប្រទេស​មេគង្គ​ត្រូវបាន​បញ្ចូល​ដោយ​ប្រាសាទអង្គរវត្ត នៅ​កម្ពុជា ប្រាសាទ​បា​ហ្គា​ន​នៅ​ឥណ្ឌូនេស៊ី និង វត្ត ភូ​នៅ​ប្រទេស​ឡាវ​។ ស្មារតី​របស់ Saemaul Undong របស់​កូរ៉េ – ដែល​បានបង្ហាញ​នៅក្នុង​ឃ្លា​ថា “​យើង​ក៏​អាចធ្វើ​វា​បានដែរ​” នឹង​ជំរុញ​ទំនុកចិត្ត​លើ​ភូមិ​កសិកម្ម​ក្នុង​តំបន់​និង​ជួយ​បង្កើត “​អនាគត​នៃ​ភាពរុងរឿង​ទូទៅ​” នៅក្នុង​តំបន់​។​


​តាម​ការពិចារណា​លើ​សក្តានុពល​នៃ​កំណើន​និង​សារសំខាន់​នៃ​ភូមិសាស្ត្រ​នយោបាយ​របស់​អាស៊ាន​ប្រទេស​ជាច្រើន​កំពុង​ប្រកាស​គំនិត​ផ្តួចផ្តើម​នៃ​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់​ដើម្បី ពង្រឹង​ភាពជា​ដៃគូ​ជាមួយ​អាស៊ាន​។ ទស្សនវិស័យ​អាស៊ាន​ស្តីពី​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​ដែល​រដ្ឋ​ជា​សមាជិក​អាស៊ាន​បាន​ឯកភាពគ្នា​កាលពី​ខែមិថុនា​គឺជា​ចក្ខុវិស័យ​ដ៏​អស្ចារ្យ​មួយ​ដែល​អាចរួមចំណែក​ដល់​សន្តិភាព​និង​វិបុលភាព​ក្នុង​តំបន់​។​គោលការណ៍​នៃ​កិច្ចសហប្រតិបត្តិការ​ដែល​ស្នើឡើង​ដោយ​អាស៊ាន​រួមមាន​តួនាទី​ជា​កណ្តាល​របស់​អាស៊ាន (ASEAN Centrality ) ការបើកចំហ​តម្លាភាព ការដាក់បញ្ចូល និង ការគោរព​ច្បាប់​អន្តរជាតិ​គឺ​អនុលោម​តាម​គោលនយោបាយ​សំដៅ​មក​ភាគខាងត្បូង​ថ្មី​របស់​កូរ៉េ​។​


​ក្នុងនាម​ជា​ប្រទេស​មានការ​ទទួលខុសត្រូវ​មួយ​នៅក្នុង​តំបន់ កូរ៉េ​នឹង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់​ជាមួយ​អាស៊ាន​ឲ្យ​ទទួលបាន​នូវ​ផលប្រយោជន៍​ទៅវិញទៅមក​ដែលជា​គុណ​តម្លៃ​ដ៏​សំខាន់បំផុត​។​


​ប្រជាជន​គឺជា​ចំណុច​ចាប់ផ្តើម​នៃ​ការអភិវឌ្ឍ​ទំនាក់ទំនង​ទាំងអស់​។ ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​យើង​ត្រូវ​ស្វែងយល់​ពីគ្នា​ឱ្យ​កាន់តែច្បាស់​។ ដើម្បី​ធ្វើឱ្យ​ដំណើរ​ទស្សនកិច្ច​ទៅវិញទៅមក​មិនសូវ​មានការ​រឹតត្បិត ច្បាប់​នានា​ដែល​ទាក់ទង​នឹង​ការផ្លាស់ប្តូរ​ប្រជាជន​និង​ប្រជាជន​នឹងត្រូវ​បានធ្វើឱ្យ​ប្រសើរឡើង ឧទាហរណ៍​តាមរយៈ​ការធ្វើឱ្យ​ប្រសើរឡើង​នូវ​នីតិវិធី​នៃ​ការចេញ​ទិដ្ឋាការ​និង​ការណែនាំ​គោលនយោបាយ​មេឃ​បើកចំហ​។ ផ្តោតលើ​បទពិសោធន៍​របស់​ប្រទេស​កូរ៉េ​ក្នុងការ​សម្រេចបាន​នូវ​កំណើន​តាមរយៈ​ការចិញ្ចឹម​បីបាច់​បុគ្គល​ដែលមាន​ទេពកោសល្យ​យើង​នឹង​ផ្តល់​ការគាំទ្រ​ដើម្បី​ជួយ​មនុស្ស​ជំនាន់​ក្រោយ​របស់​អាស៊ាន​ឱ្យ​រីកលូតលាស់​លើ​គ្រប់​វិស័យ​ដើម្បី​កាត់បន្ថយ​គម្លាត​នៃ​ការអភិវឌ្ឍ​នៅក្នុង​អាស៊ាន​។​


​គោលការណ៍​ជា​មូលដ្ឋាន​របស់​អាស៊ាន ដែល​ប្រកាន់យក​គោលជំហរ មូលមតិ​គ្នា​តាមរយៈ​ការសន្ទនា​និង​ការពិគ្រោះ​យោបល់​បាន​ផ្តល់នូវ​មេរៀន​ជាច្រើន​សម្រាប់​ប្រទេស​កូរ៉េ​ជាពិសេស​។ កិច្ចប្រជុំ​កំពូល​កូរ៉េខាងជើង – សហរដ្ឋ​អាម៉េរិក​ទាំងពីរ​លើក​ដែល​បាន​ធ្វើឡើង​នៅក្នុង​រដ្ឋ​ជា​សមាជិក​អាស៊ាន​បាន​ជួយ​ចាប់ផ្តើម​ការសន្ទនា​គ្នា​ឡើងវិញ​អំពី​សន្តិភាព​នៅលើ​ឧបទ្វីប​កូរ៉េ​។​វេទិកា​តំបន់​អាស៊ាន​ដែល​ក្នុងនោះ​ប្រទេស​កូរ៉េខាងជើង​ចូលរួម​ក៏​រួមចំណែក​ដល់​សន្តិភាព​នៅ​លើ​ឧបទ្វីប​នេះ​ផងដែរ​។​


​មកដល់ពេលនេះ​នៅតែមាន​ផ្លូវ​សម្រាប់​សន្តិភាព​នៅ​ឧបទ្វីប​កូរ៉េ​។​ដោយសារ​សន្តិភាព​នៅ​ឧបទ្វីប​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ស្ថិរភាព​នៅ​អាស៊ី​បូព៌ា​ខ្ញុំ​ជឿជាក់ថា​រដ្ឋ​សមាជិក​អាស៊ាន​ដែល​បាន​ជួយ​យ៉ាងសកម្ម​ជំរុញ​សន្តិភាព​តាមរយៈ​ការសន្ទនា​និង​ការយោគយល់​គ្នា​ទៅវិញទៅមក​ក្នុង​ទសវត្សរ៍​កន្លងមកនេះ​ក៏​នឹងចូលរួម​ក្នុង​ដំណើរ​ឆ្ពោះទៅរក​ការបង្កើត​សន្តិភាព​អចិន្ត្រៃយ៍​នៅលើ​ឧបទ្វីប​នេះ​ក្នុងនាម​ជា​មិត្ត​និង​ទីប្រឹក្សា​ដែល​អាច​ទុកចិត្តបាន​។ ខ្ញុំ​ទន្ទឹងរង់ចាំ​ការពិភាក្សា​ស៊ីជម្រៅ​អំពី​សន្តិភាព​នៅ​ឧបទ្វីប​និង​នៅ​អាស៊ី​បូព៌ា​ដែល​នឹង​កើតឡើង​នៅឯ​កិច្ចប្រជុំ​កំពូល​នាពេល​ខាងមុខនេះ​ផងដែរ​។​


​ទីក្រុង​ប៊ូសាន​ដែល​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​រំលឹក​អនុស្សាវរីយ៍​អាស៊ាន – សាធារណរដ្ឋ​កូរ៉េ​និង​កិច្ចប្រជុំ​កំពូល​មេគង្គ – សាធារណរដ្ឋ​កូរ៉េ​លើក​ទី ១ និង​ជាទី​ក្រុង​កំពង់ផែ​ធំជាងគេ​របស់​ប្រទេស​កូរ៉េ​គឺជា​ការចាប់ផ្តើម​បើក​ច្រក​ផ្លូវ​សមុទ្រ​ទៅកាន់​អាស៊ាន​។ ខ្ញុំ​ទន្ទឹងរង់ចាំ​ម​គ្គុ​ទេ្ទ​សភាព របស់​កូរ៉េ​និង​អាស៊ាន​ដើម្បី​ទទួលបាន​នូវ​ភាពរុងរឿង​និង​សន្តិភាព​រួមគ្នា​នៅ​ប៊ូសាន​ដែលជា​ទីក្រុង​ភ្ជាប់​ទ្វីប​និង​មហាសមុទ្រ​។​

ខ្ញុំ​សង្ឃឹមថា​ ចំណាប់អារម្មណ៍​និង​ការគាំទ្រ​របស់​ពលរដ្ឋ​អាស៊ាន​នឹង​លាតសន្ធឹង​លើ​សមុទ្រ​ដើម្បី​ទៅដល់​ប៊ូសាន​៕srn/Ha