លោក ម៉ម សូណង់ដូ ប្រកាស​មិន​ចូល​បំភ្លឺ​ជូន​តុលាការ​តាម​ការកំណត់​នោះទេ

388

(​ភ្នំពេញ​) ៖ ខណៈ​កំពុង​ស្ថិតនៅ​ប្រទេស​បារាំង លោក ម៉ម សូណង់ដូ អតីត​ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​បាន​សរសេរ​​លិខិត​មួយ ដោយ​បញ្ជាក់ថា លោក​មិនអាច​ចូល​បំភ្លឺ​ជូន​តុលាការ តាម​ការកោះហៅ​(​ជា​លើក​ទី​៣)​នោះទេ​ដោយសារតែ​ពេលនេះ​លោក​កំពុង​ស្ថិតនៅ​ប្រទេស​បារាំង ដើម្បី​ពិនិត្យ​សុខភាព​។​
​ ​
​ក្នុង​លិខិត​របស់ លោក ម៉ម សូណង់ដូ ដែល​សរសេរ​សម្រាប់​ផ្ញើជូន លោក គី ឫទ្ធី ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ​​បង្ហោះ​នៅលើ​បណ្តាញ​សង្គម Facebook បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖ “​ខ្ញុំ​មិនដែល​បានទទួល​ដីកា​កោះហៅ​ណាមួយ​សោះឡើយ​។​ខ្ញុំ​សូម​​ជម្រាប​លោក​ចៅក្រម​មេត្តា​ជ្រាបថា ខ្ញុំ​មិនអាច​ចូល​ឆ្លើយបំភ្លឺ​តាម​ការកំណត់​បានទេ ប្រោះ​ខ្ញុំ​កំពុង​នៅ​ប្រទេស​បារាំង​ដើម្បី​ពិនិត្យ​​បញ្ហា​សុខភាព​”​។​
​ ​
​សូមបញ្ជាក់ថា ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រា​ធានី​ភ្នំពេញ លោក គី ឫទ្ធី បានចេញ​ដីកា​កោះហៅ លោក ម៉ម សូណង់ដូ​ឱ្យចូល​បំភ្លឺ​​នៅ​តុលាការ នា​ព្រឹក​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៨ ខាងមុខនេះ ក្នុងនាម​ជា​សាក្សី​នៃ​សំណុំរឿង​ក្បត់ជាតិ​របស់លោក កឹម សុខា​។​
​ ​
​ដីកាកោះ​របស់លោក គី ឫទ្ធី បាន​តម្រូវឱ្យ លោក ម៉ម សូណង់ដូ ចូល​បំភ្លឺ​នៅ​ម៉ោង​៨៖៣០​នាទី​ព្រឹក​នៅ​បន្ទប់ «​គ​» ជាន់​ទី​៣​នៃ​សាលា​​ដំបូង​រាជធានី​ភ្នំពេញ អំពី​ដំណើររឿង ស​ន្និ​ដ្ឋិ​ភាពជា​មួយ​ប្រទេស ប្រព្រឹត្ត​ដោយ លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​។ បើតាម​ដីកា លោក ម៉ម សូណង់ដូ ត្រូវ​ចូលខ្លួន​ឱ្យទាន់​ពេលវេលា និង​យក​លិខិត​ផ្សេងៗ ដែល​ទាក់ទង​នឹង​រឿងនេះ ទៅជា​មួយ​ផង​៕​ដោយ​៖​វិបុល​/sn