លោក ម៉ម សូណង់ដូ ប្រកាស​លាលែង​ពី​ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ ក្រោយ​ជូនដំណឹង​ថា​លោក​មិនអាច​ចូល​បំភ្លឺ​នៅ​តុលាការ​ជុំវិញ​​ករណី​លោក​កឹម សុខា​

1242

(​ភ្នំពេញ​) ៖ អតីត​ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម លោក ម៉ម សូណង់ដូ ប្រជាធិបតេយ្យ​បានប្រកាស​លាលែង​ពី​តំណែង​ប្រធាន​វិទ្យុ​សំបុក​​ឃ្មុំ​មួយទៀត​ហើយ ក្រោយ​ពេលដែល​លោក​បាន​អវត្តមាន​ចំនួន​៣​ដង ក្នុង​ការចូល​បំភ្លឺ​ក្នុងនាម​ជា​សាក្សី​ជូន​តុលាការក្រុង​ភ្នំពេញ​ជុំវិញ​​សំណុំរឿង ក្តី​របស់ លោក កឹម សុខា​។​
​ ​
​តាមរយៈ​លិខិត​លាលែង​របស់ លោក ម៉ម សូណង់ដូ នៅ​ថ្ងៃទី​១ មករា ឆ្នាំ​២០១៨ លោក​បាន​បញ្ជាក់ថា ការលែង​លែង​ពី​ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ និង​លាលែង​ចេញពី​ឆាកនយោបាយ​នេះ គឺ​ដើម្បី​ផ្ទេរ​វេន​ជូន​អ្នកនយោបាយ​វ័យក្មេង បន្ត​កាតព្វកិច្ច​ស្នេហា​ជាតិ​ជំនួស​លោក​តទៅទៀត​។​
​ ​
​លោក ម៉ម សូណង់ដូ ក៏បាន​ប្រកាស​អំពី​អ្នកទទួលខុសត្រូវ​ក្នុង​វិទ្យុ​សំបុក​ឃ្មុំ​ពេលនេះ​គឺ​លោកស្រី ឌិន ផា​ណា​រ៉ា ដែលជា​ប្រធានស្តីទី​នៃ​វិទ្យុ​​នេះ​ផងដែរ​។​

​សូមបញ្ជាក់ថា ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រា​ធានី​ភ្នំពេញ លោក គី ឫទ្ធី បានចេញ​ដីកា​កោះហៅ លោក ម៉ម សូណង់ដូ អតីត​ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ឱ្យចូល​បំភ្លឺ​នៅ​តុលាការ នា​ព្រឹក​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៨ ខាងមុខនេះ​ក្នុងនាម​ជា​សាក្សី​នៃ​សំណុំរឿង​ក្បត់ជាតិ​របស់លោក កឹម សុខា​។​

​ជាមួយគ្នានេះ តុលាការ​ក៏បាន​តម្រូវ​ឲ្យ លោក ម៉ម សូណង់ដូ ត្រូវ​ចូលខ្លួន​ឱ្យទាន់​ពេលវេលា និង​យក​លិខិត​ផ្សេងៗ​ដែល​ទាក់ទង​នឹង​រឿងនេះ ទៅជា​មួយ​ផង​៕

​តែ​តាមរយៈ​បណ្តាញ​សង្គម​Facebook លោក ម៉ម សូណង់ដូ បាន​សរសេរ​លិខិត​មួយ ដោយ​បញ្ជាក់ថា លោក​មិនអាច​ចូល​បំភ្លឺ​ជូន​តុលាការ តាម​ការកោះហៅ​(​ជា​លើក​ទី​៣)​នោះទេ​ដោយសារតែ​ពេលនេះ​លោក​កំពុង​ស្ថិតនៅ​ប្រទេស​បារាំង ដើម្បី​ពិនិត្យ​សុខភាព​៕ ដោយ​៖​វាសនា​-​វិបុល​