លោក ម៉ា​កូ ស៊ី​ល​វ៉ា ឆ្លើយថា លោក​នឹង​ទទួលយក​ដំបូន្មាន​ពី​លោក ដេវីដ ម៉​យ ប៉ុន្តែ​មិនមែន​ពី​លោក សាម អាល​ឡា​ឌី​ស ទេ​

486
ចែករម្លែក

លោក ម៉ា​កូ ស៊ី​ល​វ៉ា (Marco Silva) បានធ្វើ​ការរិះគន់​តប​បន្ទាប់ពី​ក្រុម​របស់លោក​ឆ្លង​ផុត ជុំវិញ​ទី​៣ នៃ​ការប្រកួត ក្របខណ្ឌ FA Cup បន្ទាប់ពី​លោក សាម អាល​ឡា​ឌី​ស (Sam Allardyce) អតីត​គ្រូបង្វឹក អេ​វឺ​តុ​ន​(Everton) បាន​អះអាងថា លោក ស៊ី​ល​វ៉ា នឹងមិន​អាច ដឹកនាំ​បានយូរ​ទេ ប្រសិនបើ​បន្ត​ប្រើ​ទម្រង់​ទាក់ទាញ​បែបនេះ​។​
​ ​
ក្លិប អេ​វឺ​តុ​ន បានជ្រើសរើស​គ្រូបង្វឹក​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​មក​ដឹកនាំ និង​នាំយក​ទម្រង់ លេង​បែប​ទាក់ទាញ​កាលពី​រដូវក្តៅ បន្ទាប់ពី​ក្លឹប​នេះ​បានសម្រេច​បណ្តេញ​លោក អា​ឡា​ឌី​ស បើទោះបីជា​លោក​បាន​ជួយ​ស្រោចស្រង់​ពួកគេ​ចេញ​ផុតពី​តំបន់​កាត់ចេញ និង​បញ្ចប់​ត្រឹម​លេខ រៀង​ទី​៨​ក៏ដោយ​។ ពិន្ទុ​របស់​ក្រុម អេ​វឺ​តុ​ន នៅពេលនេះ​គឺ​២៧​ពិន្ទុ​មិន​ខុសពី​ពិន្ទុ​រដូវ​កាល​មុន​ទេ ក្នុង​ពេលវេលា​ដូចគ្នា​។​
​ ​
លោក អាល​ឡា​ឌី​ស បាន​និយាយថា “​នៅពេលនេះ អេ​វឺ​តុ​ន ត្រូវតែ​រក​ពិន្ទុ​ច្រើនជាង​នេះ​។ អ្នក​អាច​និយាយ​អំពី​ទម្រង់​លេង​ចេញពី​ផ្នែក​ខាងក្រោម​និង​ដ៏​ទាក់ទាញ ប៉ុន្តែ​អ្នកនឹង​មិនអាច រស់​បានយូរ​ទេ ដូច​ឃើញ​លោក រ៉ូ​ណា​ល់ ខូ​មែន (Ronald Koeman) និង​លោក រ៉ូ​បឺ​តូ ម៉ា​ទីណេស (Roberto Marinez) ធ្លាប់​ជួប​។​
​ ​
​លោក​បន្តថា “​ពួកគេ​ប្រើ​ទម្រង់​លេង​ល្អ​ជាង​ខ្ញុំ ប៉ុន្តែ​ពួកគេ​នឹងមិន​អាច​រស់​បានយូរ​ទេ​”​។​
​ ​
ប៉ុន្តែ​ការអះអាង​បែបនេះ​ត្រូវ​លោក ស៊ី​ល​វ៉ា ឆ្លើយតប​វិញ​យ៉ាង​ចាស់ដៃ​ថា “​ខ្ញុំ​ប្រហែលជា​ស្តាប់ ប្រសិនបើ​គាត់​គឺជា​លោក ដេវីដ ម៉​យ ពីព្រោះ​លោក​បានធ្វើ​កិច្ចការ​សំខាន់​នៅ​ក្លឹប​នេះ​។ ប៉ុន្តែ​ក្នុងករណីនេះ វា​មិន​សំខាន់​ទាល់តែសោះ​”​។​
​ ​
លោក​បន្តថា “​អ្វីដែល​សំខាន់​គឺ​អ្នកគាំទ្រ​របស់​យើង​បង្ហាញ​អារម្មណ៍​ថា ពួកគេ​ពេញចិត្ត​ទម្រង់ លេង​របស់​ក្រុម អេ​វឺ​តុ​ន​ប៉ុណ្ណា​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​