លោក ម៉ា​វ​រី​ស៊ី​យ៉ូ សារី ជិត​សម្រេច​កិច្ចព្រមព្រៀង​ដឹកនាំ​ក្លិប​ឆេ​ល​ស៊ី​បន្ត​ពី​លោក អែន​តូ​នី​ញ៉ូ កុន​តេ​

835
ចែករម្លែក

​លោក ម៉ា​វ​រី​ស៊ី​យ៉ូ សារី (Maurizio Sarri) គ្រោង​នឹង​ចូលកាន់​តំណែង​បន្ត​ពី​លោក អែន​តូ​នី​ញ៉ូ កុន​តេ (Antonio Conte) ហើយ​លោក​ត្រៀម​នាំយក​វីរបុរស​អ៊ីតាលី ហ្គៀ​ន​ហ្វ្រ​ង់​កូ ហ្សូ​ឡា (Gianfranco Zola) មកកាន់​ពហុ​កីឡដ្ឋាន Stamford Bridge ដើម្បី​ធ្វើជា​ជំនួយការ របស់លោក​។​
​ ​
​លោក សារី ដែល​ត្រូវបាន​ជំនួស​តំណែង​ដោយ​លោក កា​ឡូ អែន​សេ​ឡូត​ទី (Carlo Ancelotti) នៅ​ក្លិប Napoli នោះ ត្រូវបាន​ភ្ជាប់​ទៅនឹង​ការងារ​ជាមួយ​ក្លឹប​ឆេ​ល​ស៊ី ហើយ​ត្រៀម​ចូល ដឹកនាំ​ក្នុង​កិច្ចសន្យា​រយៈពេល​ពីរ​ឆ្នាំ ជាមួយនឹង​ជម្រើស​បន្ត​ដល់​ឆ្នាំ​ទី​៣​ទៀត​។​
​ ​
​ជា​ផ្នែក​នៃ​ការតែងតាំង​លោក សារី លោក ហ្សូ​ឡា ដែល​រកបាន​៦៩​គ្រាប់​ឲ្យ​ក្លឹប​ឆេ​ល​ស៊ី​ចន្លោះ ពី​ឆ្នាំ​១៩៩៦​ដល់​ឆ្នាំ​២០០៣​នោះ គ្រោង​នឹង​ត្រឡប់​មកជួយ​ក្លឹប​នេះ​ផងដែរ​។ ការវិលត្រឡប់​របស់ ហ្សូ​ឡា ដែល​នៅតែ​ជា​បុគ្គល​មាន​ប្រជាប្រិយភាព​ជាមួយ​ឆេ​ល​ស៊ី​នោះ ប្រាកដជា​ធ្វើ​ឲ្យ​អ្នកគាំទ្រ សប្បាយចិត្ត​។​
​ ​
​តំណែង​គ្រូបង្វឹក​ចុងក្រោយ​របស់លោក ហ្សូ​ឡា​ជាមួយ​វិស័យ​បាល់ទាត់​អង់គ្លេស​គឺ​ពេលដែល លោក​បាន​ចំណាយពេល​មួយរយៈ​ជាមួយ​ក្លឹប Birmingham អំឡុង​រដូវ​កាល​ឆ្នាំ​២០១៦/១៧​។​
​ ​
​លោក អែន​តូ​នី​ញ៉ូ កុន​តេ នៅ​ជា​អ្នកចាត់ការ​របស់​ក្លឹប​ឆេ​ល​ស៊ី​នៅឡើយ​នៅពេលនេះ ហើយ​បាន​ដឹកនាំ​ក្រុម​ឆេ​ល​ស៊ី​លើក​ពាន FA Cup កាលពី​រដូវ​កាល​មុន ប៉ុន្តែ​វា​ទំនងជា​ថា លោក​នឹង​ចាក​ចេញពី​ក្លឹប​នេះ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

លោក ម៉ា​វ​រី​ស៊ី​យ៉ូ សារី (Maurizio Sarri)