លោក ម៉ឹង សំផន​: គ្មាន​សម័យ​ណា​ដែលមាន​សន្តិភាព និង​ការអភិវឌ្ឍ​ដូច​សម័យ​តេ​ជោ​សែន​ទេ​

370
ចែករម្លែក

ដោយ​: វ៉ៃ​កូ​
​ស្វាយរៀង​:
លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការ​ក្រសួងការពារជាតិ និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា ចុះជួយ​ក្រុង​បាវិត​និង​ស្រុក​ចន្ទ្រា នា​ព្រឹក​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៩​នេះ បាន​មានប្រសាសន៍ថា គ្មាន​សម័យ​ណា​ដែលមាន​សន្តិភាព និង​ការអភិវឌ្ឍ​ដូច​សម័យ​តេ​ជោ សែន ទេ ដែលជា​សម័យ​រុងរឿង​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​គ្រប់បែបយ៉ាង ក្នុងការ​ប្រកប​របរ​ស៊ី​ធ្វើ​ឲ្យ​ជីវភាព​បាន​ធូរធារ​ស្ទើរតែ​គ្រប់​ក្រុមគ្រួសារ កំណើនសេដ្ឋកិច្ច​កើន​ដល់​៧​ភាគរយ ប្រាក់ចំណូល​ជា​មធ្យម​សម្រាប់​ពលរដ្ឋ​ម្នាក់​កើន​ដល់​ជាង​២​ពាន់​ដុល្លា​អាមេរិក មាន​សម្តេច​តេ​ជោ​ហ៊ុន សែន​គឺ​ការពារ​មិន​ឲ្យ​មាន​សង្គ្រាម​ជាដាច់ខាត​។​

​លោក​បាន​មានប្រសាសន៍​ដូច្នេះ ក្នុងឱកាស​ដែល​លោក​បាន​ដឹកនាំ​ក្រុមការងារ​ចុះជួយ​ក្រុង​បាវិត និង​ស្រុក​ចន្ទ្រា​នាំយក​នូវ​ទៀន ព្រះវស្សា និង ទេយ្យវត្ថុ ដល់ ព្រះសង្ឃ ដែល គង់ ចាំ ព្រះ វស្សា វត្ត​ចំនួន​៣​នៅក្នុង​ឃុំ​សំរោង​ស្រុក​ចន្ទ្រា​ខេត្តស្វាយរៀង​។​

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ឹង សំផន បាន​មានប្រសាសន៍​បន្តថា បុណ្យ​ចូល​ព្រះវស្សា គឺ​ចាប់ផ្តើម​ពីថ្ងៃ​១​រោច ខែអាសាឍ ដល់​ថ្ងៃ​១៥ កើត ខែអស្សុជ មាន​រយៈពេល ៣​ខែ ដែល​ពុទ្ធ​បរិ​ស័​ទ្ធ បងប្អូន​ខ្មែរ​យើង​គោរព​ប្រតិបត្តិ​ជា​រៀង​រហូតមក​។ បច្ចុប្បន្ននេះ វិស័យ​ព្រះពុទ្ធសាសនា មានការ​រីកចម្រើន គួរ​ឲ្យ​កត់សម្គាល់ ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អភិវឌ្ឍន៍​ប្រទេសជាតិ ពី​បាទ​ដៃទទេ ដោយ​ចាប់​ផ្តើមកសាង និង​ជំរុញ​ការអភិវឌ្ឍន៍​ឲ្យ​មានការ​រីកចម្រើន ដូច​សព្វថ្ងៃនេះ​។​

​សូមបញ្ជាក់​ផងដែរ​ថា ទៀន ព្រះវស្សា និង​ទេយ្យវត្ថុ ដែល​ប្រគេន ដល់ ព្រះសង្ឃ ដែល គង់ ចាំ ព្រះ វស្សា នៅ វត្ត​ចំនួន​៣​នៅក្នុង​ឃុំ​សំរោង​ស្រុក​ចន្ទ្រា មាន​វត្ត​ស្វាយ​ថ្លឹង វត្ត អង្គ​រំដេញ និង​វត្ត បទុម​រង្សី​ហៅ​វត្ត​ចេក រួមមាន​គ្រឿងឧបភោគ បរិភោគ ទៀនវស្សា​មួយគូរ​និង​បច្ច័យ​របស់លោក ម៉ឹង សំផន និង​លោកស្រី​១​លាន​រៀល​ក្នុង​មួយ​វត្ត​និង​បច្ច័យ​បន្ថែម​ពី​ក្រុមការងារ​ចំនួន​១៥​ម៉ឺន​រៀល ក្នុង​វត្ត​ព្រមទាំង ប្រគេន​បច្ច័យ​ដល់​ព្រះសង្ឃ​ក្នុង​មួយអង្គ​១០​ម៉ឺន​រៀល ហើយ​ខណៈពេល​ជួប​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ឃុំ​សំរោង នាឱកាស​នោះ លោក​ម៉ឹង សំផន និង​លោកស្រី​ក៏បាន​រៀបចំ​ពិធី​ពិសារ​នំ​បញ្ចុក​សាមគ្គី​យ៉ាង​សប្បាយរីករាយ​ផងដែរ​៕ ល​