លោក ម៉ឹង សំផន ចុះ​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ដល់​ខ្នង​ផ្ទះ និង​បាន​ប្រាប់​ឱ្យ​ត្រៀម​ឯកសារ​ដើម្បី​ទៅ​បោះឆ្នោត​

1048
ចែករម្លែក

ដោយ​: វ៉ៃ​កូ / ស្វាយរៀង​: លោក ម៉ឹង សំផន ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ស្រុក​ចន្ទ្រា និង​ក្រុង​បាវិត នៅ​ព្រឹក​ថ្ងៃទី​២៧​ខែឧសភា​ឆ្នាំ​២០១៨ បាន​ចុះ​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​នៅតាម​ខ្នង​ផ្ទះ ស្ថិតនៅ​ក្នុងភូមិ​ព្រៃ​គគីរ​ឃុំ​ព្រៃ​គគីរ​ស្រុក​ចន្ទ្រា​ខេត្តស្វាយរៀង ដើម្បី​សួរសុខទុក្ខ និង​ចង់ដឹង​ពី​តម្រូវការ​របស់​បងប្អូន​ប្រជា​ពល​ដ្ឋ នៅ​មូលដ្ឋាន ដើម្បី​ដោះស្រាយ​ឲ្យ​បាន​ទាន់ពេលវេលា​។​

​លោក ម៉ឹង សំផន បាន​ថ្លែងថា គណបក្ស​ប្រជាជន​កម្ពុជា គឺជា​គណបក្ស​ចាស់ទុំ​មួយ ដែល​ប្រកាន់យក​នូវ​ការធ្វើ​អំពើ​ល្អ និង​តែងតែ​នៅ​រួមសុខ​រួមទុក្ខ​ជាមួយ​ប្រជាពលរដ្ឋ ហើយ​បាន​កសាង​ប្រទេស​តាំង​បាតដៃ​ទទេ​ឲ្យ​មាន​ភាព​រីកចម្រើន​លើ​គ្រប់​វិស័យ ជាពិសេស​បាន​នាំមក​នូវ​សុខសន្តិភាព​ពេញ​ផ្ទៃ​ប្រទេស ដែល​គ្មាន​គណបក្ស​ណា​អាច​ធ្វើបាន​នោះឡើយ​។​

​លោក ម៉ឹង សំផន ក៏បាន​អំពាវនាវ​អោយ​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​ទៅ​បោះឆ្នោត​នៅ​ថ្ងៃទី​២៩​ខែកក្កដា​ឆ្នាំ​២០១៨ អោយបាន​គ្រប់ៗ​គ្នា គឺ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​កុំ​ជឿ​ការ​ញុះញង់​ណាមួយ​ដែល​មិនអោយ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត ហើយ​សមត្ថកិច្ច​ត្រូវ​ចាត់វិធានការ​ចំពោះ​បុគ្គល​ណា ដែល​ដើរ​ឃោសនា​មិនអោយ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត​ផងដែរ​។​

​សូមបញ្ជាក់ថា លោក ម៉ឹង សំផន ប្រធាន​ក្រុមការងារ​ចុះ​ស្រុក​ចន្ទ្រា និង​ក្រុង​បាវិត បាន​សហការ​ជាមួយ​អាជ្ញាធរ និង​ក្រុមការងារ​ចុះ​តាម​ភូមិ​ឃុំ​សង្កាត់ ធ្វើអោយ​មូលដ្ឋាន​ស្រុក​ចន្ទ្រា និង​ក្រុង​បាវិត​ទទួលបាន​សមិទ្ធផល​បានជា​ច្រើន ទាំង​ផ្លូវ​ចាក់​កៅស៊ូ ផ្លូវលំ និង​ប្រឡាយទឹក​ខ្វាត់ខ្វែង សាលារៀន មន្ទីរពេទ្យ សាលាឃុំ​សង្កាត់​។​ល​។ ទាំងអស់​ដោយសារ​ការ​ខិតខំ​ប្រឹងប្រែង​ពី​ក្រុមការងារ​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​អាជ្ញាធរ​ដែល​ពាក់​ព​ន្ធ័​ផងដែរ​៕ ល​