លោក ម៉ូ​រី​ស៊ី​យ៉ូ សារី​: ឆេ​ល​ស៊ី​ប្រហែលជា​ត្រូវការ​ពេល​មួយឆ្នាំ ដើម្បី​ឈានដល់​កម្រិត​ដូច​ក្រុម លី​វឺ​ភូ​ល​

1211
ចែករម្លែក

​លោក ម៉ូ​រី​ស៊ី​យ៉ូ សារី (Maurizio Sarri) និយាយថា ក្រុម​ឆេ​ល​ស៊ី​ប្រហែលជា​ត្រូវការ​ពេល មួយឆ្នាំ​ទៀត មុនពេល​ពួកគេ​ឡើងដល់​កម្រិត​ដូច​ក្រុម លី​វឺ​ភូ​ល​(Liverpool) មុនពេល​ប្រឈម មុខជា​មួយក្រុម​ហង្ស​ក្រហម​នៅ​សប្តាហ៍​ក្រោយនេះ​។​
​ ​
​ក្រុម​តោ​ខៀវ​ឆេ​ល​ស៊ី​ប្រកួត​ស្មើ​ក្រុម វេស​ហេម​(West Ham) ០-០ ដែល​ធ្វើ​ឲ្យ​ពួកគេ​បាត់បង់ ពិន្ទុ​លើកដំបូង​នៅ​រដូវ​កាល​នេះ​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​កាលពី​ថ្ងៃអាទិត្យ​ដែល​ធ្វើ​ឲ្យ​ក្រុម Liverpool នៅ​ជា​ក្រុម​តែមួយគត់​ដែល​រក្សា​ស្ថិតិ​ប្រកួត​ល្អ​១០០​ភាគរយ​។​
​ ​
​ក្រុម​របស់លោក យើ​ហ្គេ​ន ក្លប់ (Jurgen Klopp) បាន​យកឈ្នះ​ក្រុម Southampton ៣-០ នៅ​ពហុ​កីឡដ្ឋាន Anfield កាលពី​ថ្ងៃ​សៅរ៍​ដោយ​បង្កើន​ស្ថិតិ​ឈ្នះ​របស់ខ្លួន​ដល់​៧​ប្រកួត​ក្នុង គ្រប់ការ​ប្រកួត​ទាំងអស់​។​
​ ​
​លោក សារី បាន​និយាយ​សម្រាល​ការ​លើកឡើងថា ការប្រកួត​នេះ​គឺជា​ការប្រកួត​ដែល​ទាមទារ ឈ្នះ​ជាដាច់ខាត​សម្រាប់​ក្រុម​របស់ខ្លួន​។ លោក​បាន​និយាយថា “​ក្នុង​វិស័យ​បាល់ទាត់ ពាក្យ​ថា ត្រូវតែ​ឈ្នះ​គ្មានទេ​”​។​
​ ​
​លោក​បាន​បន្តថា “​យើង​ត្រូវ​លេង​ជាមួយ​ក្រុម​ល្អ​បំផុត​។ ជាមួយ​ក្រុម​ដែល​ធ្វើ​ការងារ​ជាមួយ​គ្រូ បង្វឹក​ដដែល​រយៈពេល​បី​ឬ​បួន​ឆ្នាំ​។ ខ្ញុំ​មិន​ចាំ​ច្បាស់​ទេ​។ ពួកគេ​បាន​ឈាន​មួយ​ជំហាន​មុន​យើង នៅពេលនេះ​។ យើង​ចាប់ផ្តើម​ធ្វើការ​ងារ​ជាមួយគ្នា ប្រហែល​៣៥​ទៅ​៤០​ថ្ងៃមុន ឬក៏​តិចជាង​៤០ ថ្ងៃ​”​។​
​ ​
​លោក សារី បន្តថា “​យើង​ត្រូវធ្វើ​ការងារ​ក្នុង​រយៈពេល​មួយឆ្នាំ​ទៀត នោះ​យើង​នឹង​ឈានដល់ កម្រិត​ដូចគ្នា​នឹង​ក្រុម Liverpool ដែរ​”​។​
​ ​
​លោក សារី បាន​សារភាពថា ការប្រឈមមុខ​ជាមួយ​ខ្សែប្រយុទ្ធ​ទាំងបី​របស់​ក្រុម Liverpool វា​មិនមែនជា​រឿង​ងាយស្រួល​ទេ​។ លោក និយាយថា “​វា​នឹង​ក្លាយជា​ការប្រកួត​ដ៏​លំបាក​។ ខ្ញុំ​គិតថា ប្រហែលជា​ការប្រកួត​ដ៏​ជក់ចិត្ត ប៉ុន្តែ​មានការ​លំបាក​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

គ្រូបង្វឹក ម៉ូ​រី​ស៊ី​យ៉ូ សារី (Maurizio Sarri)