លោក ម៉ូ​រី​ស៊ី​យ៉ូ សារី :​ជាការ​យល់ច្រឡំ បន្ទាប់ពី​មាន​ជម្លោះ​ជាមួយ​អ្នកចាំទី​

410
ចែករម្លែក

លោក ម៉ូ​រី​ស៊ី​យ៉ូ សារី (Maurizio Sarri) គ្រូបង្វឹក​ក្រុម​ឆេ​ល​ស៊ី​បាន​អះអាងថា ជម្លោះ​របស់ លោក​ជាមួយ​អ្នកចាំទី កេ​ប៉ា អា​រី​ហ្សា​បា​ឡា​ហ្គា (Kepa Arizabalaga) គឺ​គ្រាន់តែ​ជាការ​យល់ ច្រឡំ​ប៉ុណ្ណោះ បើទោះបីជា​អ្នក​ទាំងពីរ​មាន​ភាព​រកាំរកូស ជាមួយគ្នា​ជា​បន្តបន្ទាប់​អំឡុង​ប្រកួត ជាមួយ​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ Carabao Cup ក៏ដោយ​។​
​ ​
បន្ទាប់ពី​មាន​របួស​នៅ​ម៉ោង​បន្ថែម​នៅ​ពហុ​កីឡដ្ឋាន Wembley កេ​ប៉ា គ្រោង​នឹងត្រូវ​ជំនួស ដោយ​កីឡាករ វី​ល​លី កា​បាល​ឡេ​រ៉ូ (Willy Caballero) ប៉ុន្តែ​អ្នកចាំទី​ជម្រើស​ទី​១​នេះ បដិសេធ​មិន​ព្រម​ប្តូរ​ចេញ​។​

​ការបដិសេធ​នេះ​បង្កើតជា​ទិដ្ឋភាព​ថ្មី​មួយទៀត ហើយ​គេ​ឃើញ​លោក សារី ទាមទារ​ទាំង​កំហឹង ឲ្យ​អ្នកចាំទី​របស់លោក​ប្តូរ​ចេញ ប៉ុន្តែ កេ​ប៉ា អះអាងថា ខ្លួន​អាច​លេង​បន្តទៀត​បាន​។
​ ​
​លោក សារី ខឹង​ខ្លាំង​មែនទែន រហូត​ដើរ​ទៅរក​ច្រកចេញ មុនពេល​ត្រឡប់មក​មើល​ការ​ទាត់ ប៉េ​ណា​ល់​ទី ដោយ​ក្រុម​របស់លោក​ចាញ់​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​។​
​ ​
ប៉ុន្តែ​ថ្លែង​បន្ទាប់ពី​ការប្រកួត លោក សារី សម្រាល​ស្ថានការណ៍​នេះ ដោយ​អះអាងថា “​ខ្ញុំ​យល់ថា មាន​បញ្ហា ហើយ​យើង​ត្រូវការ​ផ្លាស់ប្តូរ​ក្រោយមក​ទើប​ខ្ញុំ​បានដឹង​ច្បាស់​នៅពេល​វេជ្ជបណ្ឌិត ត្រឡប់​មកដល​កន្លែង​វិញ ដូច្នេះ​វា​គឺជា​ការយល់ច្រឡំ​”​។​
​ ​
លោក សារី ស្ថិតក្រោម​សម្ពាធ​កាន់តែខ្លាំង​ឡើង បន្ទាប់ពី​កូនក្រុម​ធ្វើ​មិនសូវ​បាន​ល្អជា​បន្តបន្ទាប់ ហើយ ច​ន ធា​រី (John Terry) អតីត​ប្រធាន​ក្រុម​អះអាងថា “​រឿង​ចុងក្រោយ​ដែល​កីឡាករ ចង់បាន គឺ​បែប​នេះឯង​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

លោក ម៉ូ​រី​ស៊ី​យ៉ូ សារី (Maurizio Sarri) និង​អ្នកចាំទី កេ​ប៉ា អា​រី​ហ្សា​បា​ឡា​ហ្គា (Kepa Arizabalaga)