លោក ម៉ូ​រី​ស៊ី​យ៉ូ សារី ចាត់ទុក អេ​ឌិន ហា​ហ្សា​ដ ថា ជា​កីឡាករ​ពិបាក​រក​អ្នកជំនួយ​

409
ចែករម្លែក

លោក ម៉ូ​រី​ស៊ី​យ៉ូ សារី (Maurizio Sarri) បានចាត់ទុក​កីឡាករ អេ​ឌិន ហា ហ្សា​ដ (Eden Hazard) ថា មិនអាច​ជំនួស​បាន ខណៈពេល​ក្លិប​រៀល ម៉ា​ឌ្រី​ត​( Real Madrid) ត្រៀម កញ្ចប់​ទឹកប្រាក់​ច្រើនសន្ធឹក​សន្ធាប់ ដើម្បី​ផ្ទេរ​កីឡាករ​ឆ្នើម​របស់​ឆេ​ល​ស៊ី​រូបនេះ​។​
​ ​
​ខ្សែបម្រើ​ប្រយុទ្ធ​រូបនេះ​បានបង្ហាញ​ទម្រង់​លេង​និង​បច្ចេកទេស​ដ៏​អស្ចារ្យ រួមទាំង​ការ បណ្តើរ​បាល់ទាត់​បញ្ចូល​ទី​ដោយ​ខ្លួនឯង​ដើម្បី​ជួយ​ក្រុម​ឆេ​ល​ស៊ី​ឡើងមក​ឈរ​នៅ​លេខ រៀង​ទី​៣ ក្នុងការ​ប្រជែង​រក​កៅអី​ចូលរួម​ក្របខណ្ឌ​ឆេ​ម​ពាន​លី​កនៅ​រដូវ​កាល​ក្រោយ​។​
​ ​
​ទោះបីជា​យ៉ាងណា ឆេ​ល​ស៊ី​គ្រោង​នឹង​បាត់បង់ ហា​ហ្សា​ដ នៅ​រដូវក្តៅ​នេះ ខណៈពេល ក្លិប រៀល​ម៉ា​ឌ្រី​ត ចង់​ធ្វើ​ឲ្យ​កីឡាករ​បែលហ្ស៊ិក​រូបនេះ​ក្លាយជា​អាទិភាព​ផ្ទេរ​កំពូល នៅមុន​រដូវ​កាល​ក្រោយ​ចូលមក​ដល់​។​
​ ​
​ឆេ​ល​ស៊ី​ចង់បាន​ទឹកប្រាក់ ១០០​លាន​ផោន​សម្រាប់​កីឡាករ​ឆ្នើម​រូបនេះ ជា​តម្លៃ​មួយ ដែល​អាច​នឹងធ្វើ​ឲ្យ​រាំងស្ទះ​ដល់​លទ្ធភាព​ផ្ទេរ ហើយ​លោក សារី សារ ភាព​ថា ក្តី​រំពឹង​នៃ​ការបាត់បង់ ហា​ហ្សា​ដ គឺ​មិនអាច​ស្មាន​ត្រូវ​ទេ​សម្រាប់​ក្លិប​ឆេ​ល​ស៊ី​។​
​ ​
​លោក សារី បាន​និយាយថា “​យើង​មិនអាច​បាត់បង់​កីឡាករ​រូបនេះ​ទេ​។ ម្យ៉ាង​វា​ពិបាក រក​កីឡាករ​មក​ជំនួស​។ នៅពេលនេះ ប្រហែលជា​គ្មាន ហា​ហ្សា​ដ ម្នាក់ទៀត​ទេ​។ គ​ម្រិ​ត​លេង​របស់គាត់​គឺ​ខ្ពស់​ណាស់​”​។​
​ ​
​លោក​បន្តថា “​អ្នក​ត្រូវ​ស្វែងរក​កីឡាករ​ពីររូប ដើម្បី​បង្កើត​កម្រិត​លេង​ដូច ហា​ហ្សា​ដ​។ ដូច្នេះ​ខ្ញុំ​សង្ឃឹមថា ហា​ហ្សា​ដ អាច​នឹង​បន្ត​លេង​ជាមួយ​ឆេ​ល​ស៊ី​ទៀត បើ​មិន​ដូច្នេះ​ទេ យើង​នឹងត្រូវ​រក​វិធីសាស្ត្រ​ផ្សេង​ហើយ​”​។​
​ ​
​ហា​ហ្សា​ដ ខ្លួនឯង​អះអាងថា ខ្លួន​មិនទាន់​សម្រេចចិត្ត​ជុំវិញ​អនាគត​នៅឡើយ​ទេ បើទោះបីជា​គេ​ជឿជាក់ថា កីឡាករ​រូបនេះ​ចង់​ផ្ទេរ​ទៅលេង​នៅ​ប្រទេស​អេ​ស្ប៉ា​ញ ក៏ដោយ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

#