លោក យ៉ូ​ឃីម ឡូ : គ្មាន​ការរើសអើង​និង​រិះគន់ ម៉េ​ស៊ុត អូ​ហ្ស៊ី​ល​ដោយសារ​មិន​ព្រម​លើក​ទូរស័ព្ទ​

982
ចែករម្លែក

ម៉េ​ស៊ុត អូ​ហ្ស៊ី​ល (Mesut Ozil) ត្រូវបាន​ស្តីបន្ទោស​ដោយ​លោក យ៉ូ​ឃីម ឡូ (Joachim Low) អ្នកចាត់ការ​ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់ ដោយសារតែ​កីឡាករ​រូបនេះ​បដិសេធ​មិន​ទទួល​ទូរស័ព្ទ របស់លោក ចាប់តាំងពី​កីឡាករ​រូបនេះ​ចូល​និវត្ត​ពី​អាជីព​បាល់ទាត់​ជម្រើសជាតិ និង​បាន​ចោទ ប្រកាន់​សហព័ន្ធ​បាល់ទាត់​អាល្លឺម៉ង់​ថា មានការ​រើសអើង​។​

​ខ្សែបម្រើ​ក្លិប អា​សេណ​ល​(Arsenal) រូបនេះ​បាន​លាលែង​ពី​ក្រុម​ជម្រើសជាតិ បន្ទាប់ពី​ក្រុម អាល្លឺម៉ង់​ខ្ទាត​ចេញពី​ព្រឹត្តិការណ៍​វើ​ល​ខាប់​ក្នុង​វគ្គ​ជម្រុះ​ក្នុង​ពូ​ល ចំពេល​មានប្រតិកម្ម​មកលើ អូ​ហ្ស៊ី​ល និង អ៊ី​ល​ខាយ ហ្គុ​ន​ដូ​ហ្គា​ន (Ilkay Gundogan) របស់​ស៊ី​ធី​ដែល​អ្នក​ទាំងពីរ​មាន ឈាមជ័រ​តួ​ក​គី និង​បាន​ថតរូប​ជាមួយ​ប្រធានាធិបតី​តួ​ក​គី លោក Recep Tayyip Erdogan ។​
​ ​
​លោក ឡូ បាន​និយាយថា “​ទីប្រឹក្សា​របស់ ម៉េ​ស៊ុត ទូរស័ព្ទ​មក​ខ្ញុំ​ប្រាប់ថា អូ​ហ្ស៊ី​ល​នឹង​ចេញ​សេចក្តី ថ្លែងការណ៍​។ កីឡាករ​ខ្លួនឯង​មិនបាន​ទូរស័ព្ទ​មក​ខ្ញុំ​ទេ​ដែល​តាម​ធម្មតា​កីឡាករ​ធ្វើ​ដោយ​ខ្លួនឯង កន្លងមក​។ អូ​ហ្ស៊ី​ល នៅតែ​មិន​ទូរស័ព្ទ​មក​ខ្ញុំ ហើយ​ក្នុង​រយៈពេល​ពីរ​សប្តាហ៍​ចុងក្រោយ​នេះ ខ្ញុំ​ព្យាយាម​ទាក់ទង​គាត់​មិន​ចូល​។ គាត់​សម្រេច​ជ្រើសរើស​ផ្លូវ​នេះ​។ ខ្ញុំ​ត្រូវតែ​ទទួលយក​”​។​
​ ​
​លោក ឡូ បន្តថា “​ម៉េ​ស៊ុត បាន​ចោទប្រកាន់​ពី​ការរើសអើង ប៉ុន្តែ​ខ្ញុំ​អាច​បញ្ជាក់​យ៉ាងច្បាស់​ថា នៅក្នុង​សហព័ន្ធ​បាល់ទាត់​អាល្លឺម៉ង់​គ្មាន​ការអត្ថាធិប្បាយ​បែប​រើសអើង​ជាតិ​សាសន៍​ទេ​”​។​
​ ​
​ក្នុង​សេចក្តីថ្លែងការណ៍​ដ៏​ចម្រូងចម្រាស​ប្រកាស​ពី​ការចូល​និវត្ត​ពី​ក្រុម​ជម្រើសជាតិ កីឡាករ Arsenal រូបនេះ​បានលើកឡើង​ពី​ការរើសអើង​និង​ការប្រមាថ​មើលងាយ ដែល​ខ្លួន​ជឿថា បណ្តាលមកពី​ដើមកំណើត​របស់ខ្លួន​ជា​ជនជាតិ​តួ​ក​គី​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​លោក យ៉ូ​ឃីម ឡូ (Joachim Low) និង​កីឡាករ ម៉េ​ស៊ុត អូ​ហ្ស៊ី​ល (Mesut Ozil)