លោក រិ​ទ្ធ អ្នកដឹកនាំ​រឿង បញ្ចេញ​សារ​គាំទ្រ​ផង និង​រិះគន់​ផង ចំពោះ​លោក យ៉ា​ឡេង​

126
ចែករម្លែក

​ភ្នំពេញ​៖ អ្នកដឹកនាំ​រឿង និង​កម្សាន្ត​មួយរូប បាន​បញ្ចេញ​សារ​គាំទ្រ​ផង និង​សារ​រិះគន់ និង​សំណូមពរ​ផង ទៅកាន់​លោក ហ៊ុយ យ៉ា​ឡេង ជា​ផលិតករ​ភាពយន្ត​ឆ្នើម​ម្នាក់​ក្រោយ បង្ហោះ​ថា គាត់​ចង់​ថត​រឿងកុន ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​។

​លោក រិ​ទ្ធ ដែលជា​អ្នកដឹកនាំ និង​គ្រប់​គ្រង់​កម្មវិធី​កម្សាន្ត​ជាច្រើន របស់​ស្ថានីយ ទូរទស្សន៍ ហង្ស​មាស បាន​ថ្លែង​ឱ្យដឹង កាលពី​ថ្ងៃ​១៤ ខែកុម្ភៈ ឆ្នាំ​២០២០ ក្រោយពី​លោក ហ៊ុយ យ៉ា​ឡេង ប្រកាសថា លោក​បម្រើ​វិស័យ​ភាពយន្ត​នេះ ២០​ឆ្នាំ​ហើយ ក្តី​ប្រាថ្នា​ធំ​ក្នុង​ជីវិត គឺ​ផលិត​ខ្សែ ភាពយន្ត ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ដល់ពេល​ហើយ ព្រោះ​លោក​ពាក់កណ្តាល​ជីវិត​ហើយ លោក​មិនអាច​រង់ចាំ​បាន​ទៀត​ទេ ទាន់​នៅមាន​កម្លាំង មាន​បញ្ញា ស្មារតី​ល្អ​។

​សារ​របស់លោក រិ​ទ្ធ បង្ហោះ​ជា​សាធារណៈ ជូន​តប​វិញ​ថា បើ​មាន​អ្នកផ្តល់​ថវិកា​ផលិត​ហើយ សូម​កុំអោយ​ម្ចាស់​លុយ​ខកចិត្ត​ណា កុំ​ព្រួត​នាំគ្នា​ចាយលុយ​ខុស​ខ្ទង់ ក្នុងការ​ផលិត​រឿង មួយ​នេះ តែបើ​ចំណាយលុយ​ខ្លួនឯង​ផ្ទាល់ ក្នុង​ការផលិត​រឿងនេះ​សូម​ចាយលុយ​តាម ការគួរ​។ ខ្ញុំ​សូម​ស្នើ​ដល់​ផលិករ ផលិត​រឿងនេះ គិតពី​គុណភាព​រឿង​ជា​ចម្បង​ផង (​កុំ​ផលិត អោយ​ហើយពី​ដៃ ពីព្រោះ​រឿងនេះ​ជា​សាច់រឿង​ប្រវត្តិសាស្ត្រ​ប្រទេសជាតិ​យើង មានន័យថា មិនបាន​ជួយ​ជាតិ​អ្វី​សោះ កុំ​ជាន់ពន្លិច តែ​ខ្ញុំ​ជឿជាក់​លោក​)​។ ក្នុងពេល​ផលិត​រឿង​មួយ​នេះ សូមមេត្តា​ដាក់​តួ​, សម្លៀកបំពាក់​, ទីតាំង​ថត នឹង​ឧបករណ៍​ផ្សេងៗ ត្រូវ​នឹង​សម័យកាល​ផង ជៀសវាង​ផលិត​រួចហើយ សុំទោស​តាម​ក្រោយ​។​

​អ្នកដឹកនាំ​រឿង​កម្សាន្ត យ៉ាង​សកម្មភាព​ម្នាក់ និង​មានកេរ្តិ៍ឈ្មោះ​ល្បី ក្នុង​វិស័យ​សិល្បៈ​រាប់​ឆ្នាំ មកហើយ លោក រិ​ទ្ធ បានសរសេរថា “​ខ្ញុំ​សុំ​ចិត្ត​ដល់​ផលិតករ​ចុះបើ​យើង​ជា​អ្នកដឹកនាំ​រឿង ហើយ សូមកុំ​ដើរតួ​ខ្លួនឯង​ទៀត ឬក៏​លោក​ខ្វះ​តួ​ដូច​លោក​? តែ​តាម​ខ្ញុំ​មើល​តារា​សម្តែង នៅ​ស្រុក​យើង​ច្រើ​ណាស់ សុទ្ធ​តែមាន​សមត្ថភាព មិន​ខ្វះ​ទេ ខ្លាច​តែ​លោក​មិន​ចង់យក ឬក៏​លោក​ចង់​ល្បឺ​ខ្លួនឯង​? ពីព្រោះ​អ្នកដឹកនាំ​រឿង​មួយ ត្រូវ​ការគិត​ខ្លាំង ដូចជា (​ត្រូវការ​គិតពី សាច់រឿង​, គិតពី​ប្លង់​, គិតពី​បច្ចេកទេស និង​គិតពី​ការសម្តែង​របស់​តួ​នីមួយៗ អោយបាន​ល្អ​) ក្នុងការ​ផលិត​រឿង​មួយ​នេះ មាន​គុណភាព​ខ្ពស់ កុំអោយ​ពេល​ផលិត​ចេញ​ហើយ នៅតែ​គេ​ថា (​រឿងនេះ​ផលិត​មក នៅមានកំរិត ខ្វះ​នេះ ខ្វះ​នោះ​ទៀត​អី តាម​ខ្ញុំ​មើល​ថវិកា​ផលិត​រឿងនេះ ច្រើនណាស់ ខ្ទង់លាន​ណា​)​។ ជា​ចុងក្រោយ ខ្ញុំ​ជឿជាក់ថា ខ្មែរ​យើង​ផលិត​រឿង​មួយ​នេះ ហើយ​ប្រទេសជិតខាង និង​ប្រទេស​នៅក្នុង​តំបន់​អាស៊ី ស្គាល់​ពី​ប្រទេស​កម្ពុជា​កាន់តែ ច្បាស់​”​។

​លោក ហ៊ុយ យ៉ា​ឡេង ទើប​បញ្ចប់​ស្នាដៃ​ថ្មី និង​ល្បី​ការគាំទ្រ​រឿង “​ដើម្បី​កូន​” ថ្មីៗ​នេះ ស្រាប់ តែ​បង្ហោះ​គំនិត​ចង់​ផលិត​រឿង ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ដោយបាន​រៀបរាប់ថា “​ខ្ញុំបម្រើ​វិស័យ ភាពយន្ត​នេះ ២០​ឆ្នាំ​ហើយ ក្តី​ប្រាថ្នា ធំ​ក្នុង​ជីវិត​គឺ​ផលិត​ខ្សែភាពយន្ត​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ដល់ពេល​ហើយ ព្រោះ​ខ្ញុំ​ពាក់កណ្តាល​ជីវិត​ហើយ ខ្ញុំ​មិនអាច​រង់ចាំ​បាន​ទៀត​ទេ​ទាន់​នៅមាន កម្លាំង មាន បញ្ញា ស្មារតី​ល្អ​។ ខ្ញុំ​សូម​អញ្ជើញ​ដល់​ផលិតករ តារាភាពយន្ត និង​ជនរួមជាតិ​ខ្មែរ ទាំងប្រុស​ស្រី ចូលរួម​ផលិតភាព​យន្ត​ប្រវត្តិសាស្ត្រ​នេះ​ជាមួយ​ខ្ញុំបាទ ថវិកា​ចំណាយ​ផលិត ខ្ទង់ ២៨.០០០.០០០.០០០ រៀល ស្មើនឹង ៧ លាន​ដុល្លារ​សហរដ្ឋអាមេរិក គម្រោង​ថត​ភាពយន្ត​នេះ គឺ​នៅ​ឆ្នាំ​២០២៥ ខ្ញុំបាទ​នឹង​ចាប់ផ្តើម​បើកទទួល​ស្វាគមន៍​ដល់​ជនរួមជាតិ​ទាំងអស់ ចង់​ចូលរួម​សហការ​ដោយ​ក្តី​រីករាយ ទំនាក់ទំនង​ខ្ញុំបាទ​តាម​លេខ​ទូរស័ព្ទ ០៦៩ ២៣៩ ៧៨៩ Email : huyyaleng@gmail.com ខាងក្រោម​នេះ គ្រាន់តែ​ជា Teaser Poster ដំបូង​ប៉ុណ្ណោះ​”​។​

​សូម​រំលឹក​ផងដែរ​ថា លោក ហ៊ុយ យ៉ា​ឡេង ជា​ផលិតករ​ឆ្នើម​ម្នាក់ ដែលមាន​កេរ្តិ៍ឈ្មោះ ទទួល​ការគាំទ្រ​ជាច្រើន​រឿង ហើយ​រឿង​ដែល​មហាជន​ស្គាល់ និង​ពេញចិត្ត​នោះ មានរឿង “​វិប្បលាប​” និង “​ធ្មប់​”​។ ប៉ុន្តែ​ជាមួយគ្នា​នោះ មានការ​រិះគន់​ផងដែរ ទៅលើ​លោក ហ៊ុយ យ៉ា​ឡេង ដែល​តែងតែ​ចេញមុខ​ដើរតួ​ឯក​ខ្លួនឯង ស្ទើរ​គ្រប់​រឿង​របស់លោក​ដែល​ផលិត​។ មាន​ក្រុម​តារា បណ្តា​អ្នក​ថត និង អ្នក​ដឹក​ក​នាំ​ជាច្រើន បាន​សម្តែង​ការរិះគន់​ទៅ​លោ​កថា ជា​មនុស្ស​ចូលចិត្ត​ប្រមូល​ការងារ​ធ្វើ​តែឯង​រហូត សូម្បីតែ​មិន​ថា​តួឯក ឬ តួ​ល្មមៗ​ចង់​ចេញ មុខ​គ្រប់​រឿង​ខ្លួនឯង​។

​សម្រាប់​ការប្រកាស​របស់លោក ចង់​ថត​រឿង​ប្រវត្តិសាស្ត្រ​នេះ​ទៀត ក៏បង្ក​ការភ្ញាក់ផ្អើល និង​ចាប់អារម្មណ៍​ផងដែរ ព្រោះ​មហាជន​ខ្លាច​តែ​លោក ហ៊ុយ យ៉ា​ឡេង ជា​ដឹកនាំ​រឿង​ថត ហើយ​ដើរ​តួឯក​ធ្វើជា ព្រះបាទ​ជ័យវរ្ម័ន​ទី​៧៕ ដោយ​៖ បូ​រិ​ន​