លោក រ៉ា​ហ្វា បេ​នី​តេស បន្ត​រិះគន់​លើ​ថ្នាក់ដឹកនាំ​ក្លិប ញូ​វ​ខេ​សល

223
ចែករម្លែក

លោក រ៉ា​ហ្វា បេ​នី​តេស (Rafa Benitez) បាន​រិះគន់​ថ្នាក់ដឹកនាំ​របស់​ក្លិប ញូ​វ​ខេ​សល (Newcastle) បន្ទាប់ពី​ការចាកចេញ​ដ៏​ភ្ញាក់ផ្អើល​របស់លោក​ពី​ក្របខណ្ឌ ព្រី​មី​ញ៉េ​លី​ក កាលពី​ខែមិថុនា ដោយ​អះអាងថា ពួកគេ​មិនបាន​គោរព​តាម​ពាក្យសន្យា​។​
​ ​
​លោក បេ​នី​តេស បាន​ដើរ​ចេញពី​ពហុ​កីឡដ្ឋាន St James` Park បន្ទាប់ពី​ចំណាយ ពេល​បី​ឆ្នាំ​នៅ​ក្លិប​នេះ នឹង​បាន​ជួយ​ពួកគេ​ឲ្យ​វិលត្រឡប់​មកកាន់​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក កាលពី​ឆ្នាំ​២០១៧ មុនពេល​រក្សា​តំណែង​នៅ​ក្របខណ្ឌ​បាល់ទាត់​កំពូល​របស់​អង់គ្លេស នេះ​។​

​អ្នកចាត់ការ​សញ្ជាតិ​អេ​ស្ប៉ា​ញ​ដ៏​មាន​បទពិសោធ​រូបនេះ​បានបញ្ចប់​ដោយ​ទៅ​ចូលរួម​ជាមួយ​ក្លិប Dalian Yifang នៅ​ក្របខ័ណ្ឌ Chinese Super League របស់​ចិន​ដែល​បណ្តាល ឲ្យ​អ្នកគាំទ្រ​ក្លិប Newcastle តវ៉ា​ប្រឆាំងនឹង​ម្ចាស់​ក្លិប ម៉ា​យ អា​ស្លី (Mike Ashley) ជុំវិញ ការគ្រប់គ្រង​ក្លឹប​របស់លោក​។​
​ ​
បន្ទាប់ពី​កិច្ចព្រមព្រៀង​ផ្ទេរ​ដ៏​ភ្ញាក់ផ្អើល​នេះ លោក លី ឆាន​លី (Lee Charnley)​ជានា​យក គ្រប់គ្រង​ក្លិប Newcastle បាន​រិះគន់​លោក បេ​នី​តេស ដោយ​អះអាងថា​លោក​បាន​ផ្ទេរ ទៅ​ប្រទេស​ចិន ដើម្បី​តែ​ប្រាក់​។​
​ ​
ប៉ុន្តែ​ចាប់តាំងពី​ពេល​នោះមក លោក បេ​នី​តេស បាន​រិះគន់​តប​វិញ​ចំពោះ​លោក ឆាន​លី ។ គ្រូបង្វឹក​វ​៧​យ​៥៩​ឆ្នាំ​រូបនេះ​បាន​និយាយថា “​ខ្ញុំ​ព្យាយាម​អស់ពី​សមត្ថភាព​រៀងរាល់​ថ្ងៃ បើទោះបីជា​យើង​ធ្លាក់​ដល់​ក្របខ័ណ្ឌ Championship និង​បដិសេធ​សំណើ​ផ្សេងៗ​ក៏ ដោយ​”​។
​ ​
លោក​បន្តថា “​ប្រសិនបើ​ខ្ញុំ​ចាប់អារម្មណ៍​តែ​ប្រាក់ ខ្ញុំ​គួរតែ​ធ្វើបែបនេះ​តាំង​ពីមុនមក ម្ល៉េះ​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​