លោក វ៉ា​ត់ ចំរើន​៖ អ្នក​ទៅ​ស៊ី​ហ្គេម​ទាំងអស់ មិន​ត្រូវមាន​នរណាម្នាក់ មិន​ចូលរួម​ប្រកួត​ឡើយ​

233
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖ អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ អូឡាំពិក​កម្ពុជា លោក វ៉ា​ត់ ចំរើន បាន​ព្រមាន​ថា គ្រប់​កីឡាករ កីឡាការិនី​ទាំងអស់ ដែល​ទៅ​ចូលរួម​ប្រកួត កីឡា​ស៊ី​ហ្គេម ត្រូវតែ​ចូលរួម​ប្រកួត ទាំងអស់គ្នា ។ គ្មាន​នរណាម្នាក់ ដែល​ទៅដល់​ហើយ លើកយក​ហេតុផល​នេះ ហេតុផល​នោះ មក​ធ្វើជា​លេស មិន​ចូលរួម​ប្រកួត​នោះទេ ។ ប្រភេទ​កីឡា​ប្រយុទ្ធ ដែល​ត្រូវ​ប្រយ័ត្នប្រយែង​ជាងគេ ពិសេស​បញ្ហា​ទម្ងន់ និង​ការយឺតយ៉ាវ ពេល​គេ​ហៅ​ឈ្មោះ ៣ ដង បើ​មិនទាន់​ចេញមក គេ​កំណត់​ឲ្យ​ចាញ់​តែម្ដង ។

លោក វ៉ា​ត់ ចំរើន​

​កីឡាករ កីឡាការិនី ទាំង​ជាង ៣០០ នាក់ ទៅ​ប្រទេស​ហ្វីលីពីន គឺ​ទៅ​ប្រកួត មិនមាន​កីឡាករ ឬ​កីឡាការិនី​ណា​ម្នាក់ មិន​ចូលរួម​ប្រកួត​នោះទេ លើកលែង​តែមាន បញ្ហា​សុខភាព ជាយថាហេតុ នោះ​ទើ​ម​មិនអាច​ចូលរួម​ប្រកួត​បាន ។​

​ចំពោះ​គ្រូបង្វឹក ត្រូវតែមាន​សៀវភៅ​បច្ចេកទេស (Technical Handbook) នៅក្នុង​ដៃ ដឹង​ពី​ទីកន្លែង​ប្រកួត ដឹង​ពីបទ​បញ្ជា នៃ​ការប្រកួត ដឹង​ពី​ពេលវេលា​ប្រកួត ស្គាល់​ពី​រថយន្ដ ដែល​ត្រូវ​ធ្វើដំណើរ ពី​កន្លែង​ស្នាក់នៅ ទៅ​កន្លែង​ប្រកួត ។​

​ការប្រជុំ​បច្ចេកទេស គឺជា​បញ្ហាសំខាន់​ណាស់ ដែល​គ្រូបង្វឹក អគ្គលេខាធិការ របស់​សហព័ន្ធ​ជាតិ​នីមួយៗ ត្រូវតែ​ចូលរួម និង​ចូលរួម​ឲ្យ​ទាន់ពេលវេលា ។ ប្រសិនបើ កីឡាករ កីឡាការិនី មាន​បញ្ហា​សុខភាព ទាំង​គ្រូបង្វឹក អគ្គលេខាធិការ ត្រូវ​ប្រញាប់ប្រញាល់ ស្វែងរក​ពេទ្យ ៕v