លោក សាម អាល​ឡា​ឌី​ស : លោក ប៉ូ​ចេ​តទី​ណូ នឹង​បដិសេធ​សំណើ​របស់​យូ​ណាយ​ធី​ត​

203
ចែករម្លែក

​លោក សាម អាល​ឡា​ឌី​ស (Sam Allardyce) អតីត​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​អង់គ្លេស​បាន​ប្រាប់​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ថា លោក ម៉ូ​រី​ស៊ី​យ៉ូ ប៉ូ​ចេ​តទី​ណូ (Mauricio Pochettino) នឹង​បដិសេធ​សំណើ​របស់​ពួកគេ​។​
​ ​
​យូ​ណាយ​ធី​ត​កំពុង​ចាប់ផ្តើម​មិនបាន​ល្អ​នៅ​រដូវ​កាល​ថ្មី​នេះ ហើយ​គ្រូបង្វឹក អូ​ឡេ ហ្គា​ន់​ណា សូ​ស​ល្យែ​រ (Ole Gunnar Solskjaer) រង​សម្ពាធ​កាន់តែខ្លាំង​ឡើង ក្នុងការ​ប្រែក្លាយ​វាសនា​ក្រុម​នេះ​។​
​ ​
​ក្រុម​យូ​ណាយ​ធី​ត​ឈរ​នៅលើ​តំបន់​កាត់ចេញ​តែ​២​ពិន្ទុ​ប៉ុណ្ណោះ បន្ទាប់ពី​ឆ្លងកាត់​៨​ប្រកួត ហើយ​ពួកគេ​ត្រូវ​ទទួលភ្ញៀវ ហង្ស​ក្រហម​លី​វឺ​ភូ​ល​( Liverpool) ដែលមាន​ទម្រង់​លេង​ល្អ​១០០​ភាគរយ​នៅ​ថ្ងៃអាទិត្យ​នេះ​។​
​ ​
​មានការ​ភ្ជាប់​លោក ប៉ូ​ចេ​តទី​ណូ ជាមួយនឹង​ការចាកចេញ​ពី​ក្លិប ស្ពឺរ ដែល​ពួកគេ​ក៏​កំពុងមាន​បញ្ហា​ក្នុង​យុទ្ធនាការ​នេះ ដែរ​ដើម្បី​មក​ចូលរួម​ជាមួយ​ក្លិប​យូ​ណាយ​ធី​ត ប៉ុន្តែ​លោក អាល​ឡា​ឌី​ស ទទួលស្គាល់ថា​គ្រូបង្វឹក​សញ្ជាតិ​អា​ហ្ស​ង់​ទីន រូបនេះ​នឹង​បដិសេធ​សំណើ​របស់​យូ​ណាយ​ធី​ត​។​
​ ​
​លោក អាល​ឡា​ឌី​ស និយាយថា “​ខ្ញុំ​មើលមិនឃើញ​ថា លោក ម៉ូ​រី​ស៊ី​យ៉ូ នឹង​ចាក​ចេញទៅ​កន្លែង​ផ្សេង​នោះទេ​។ នៅពេលនេះ ក្រុម តូ​តិ​ន​ហេម​គឺជា​ក្លិប​ល្អ​មួយ​និង​ល្អ​ជាង​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​។ នេះ​គឺជា​ការពិត​”​។​
​ ​
​ក្រុម​ស្ពឺរ ឈរ​នៅ​លេខ​រៀង​ទី​៩​នៅលើ​តារាង ហើយ​ជួប​បរាជ័យ​ពីរលើក​ជាប់ៗ​គ្នា​នៅ​ក្របខ័ណ្ឌ Carabao Cup និង​ចាញ់​ក្រុម​បៃ​យឺន​( Bayern) ៧-២ នៅ​ក្របខ័ណ្ឌ​ឆេ​ម​ពាន​លី​ក​ផងដែរ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

លោក ម៉ូ​រី​ស៊ី​យ៉ូ ប៉ូ​ចេ​តទី​ណូ (Mauricio Pochettino)