លោក សុខ ឥសាន​ចាត់ទុក​ការអំពាវនាវ​ឲ្យ​មាន​បាតុកម្ម​ប្រឆាំង​សម្ដេច​តេ​ជោ របស់ អ្នកស្រី ប៊ូ រចនា​គឺ​កំពុង​លង់ខ្លួន​ចំណាប់​​ខ្មាំង​របស់​ពួក​តិរច្ឆាន​

1734
ចែករម្លែក

(​ភ្នំពេញ​) ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា (CPP) លោក សុខ ឥសាន បាន​លើកឡើងថា អ្នកស្រី​ប៊ូ រចនា​បាន​ធ្លាក់​ចូលក្នុង​​ឧបាយកល​ចុងក្រោយ របស់​ពួក​តិរច្ឆាន​តាមរយៈ​ការធ្វើ​តាម​ឧបាយកល​ពួកគេ​។ ការលើកឡើង​របស់​ម​ន្ដ្រី​នាំពាក្យ​រូបនេះ​គឺ​ក្រោយ​​ពី​អ្នកស្រី ប៊ូ រចនា ភរិយា សព​លោក បណ្ឌិត កែម ឡី ដែល​បច្ចុប្បន្នកំពុងរ​ស់​នៅ​ប្រទេស​អូស្ត្រាលី អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ រស់នៅ​អូស្ត្រាលី ឲ្យ​ចូលរួម​ធ្វើបាតុកម្ម​ប្រឆាំង​វត្តមាន សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ក្នុង​កិច្ចប្រជុំ​អាស៊ាន​-​អូស្ត្រាលី​។​

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន

​តាមរយៈ​បណ្ដាញ​ទំនាក់ទំនង តេ​ឡេ​ក្រាម (Telagram) នៅ​ល្ងាច​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០១៨ លោក សុខ ឥសាន បាន​រៀបរាប់ថា “​ឧបាយកល​ចុងក្រោយ ពួក​តិរច្ឆាន​បាននាំគ្នា​អូសទាញ ភរិយា​សព​លោក​បណ្ឌិត កែម ឡី ឲ្យ​ទៅ​ចូលក្នុង​បន្ទាយ​របស់​ពួកគេ​ងាយស្រួល​​បញ្ជា​ឲ្យ​ធ្វើតាម​ឧបាយកល​ពួកគេ​។ ឥឡូវ​ដូច​ការប៉ាន់ស្មាន​មែន នៅពេល​អ្នកស្រី ប៊ូ រចនា ធ្លាក់​ទៅក្នុង​អន្ទាក់​នយោបាយ​របស់គេ​ហើយ គេ​បាន​បង្គាប់​ឲ្យ​អ្នកស្រី​អំពាវនាវ​ខ្មែរ នៅ​បរទេស​ឲ្យ​ចូលរួម​ធ្វើបាតុកម្ម ប្រឆាំងនឹង​សម្តេច​តេ​ជោ ហ៊ុន សែន ក្នុង​ដំណើរ​ទៅ​ប្រជុំ​កំពូល អាស៊ាន អូស្ត្រាលី នាពេល​ខាងមុខនេះ​”​។​

​លោក សុខ ឥសាន បាន​បន្ដទៀតថា “​នេះ​បាន​ហៅថា អ្នកស្រី ប៊ូ រចនា ស្ថិតនៅ​ជា​ចំណាប់ខ្មាំង​របស់​ពួក​តិរច្ឆាន​មែន​តែម្តង​។ នេះ បញ្ជាក់​ច្បាស់​ពី​ឧបាយកល​ពិសពុល របស់​ពួក​តិរច្ឆាន ក្រៅប្រទេស​យ៉ាង​ជាក់ស្តែង​”​។​

​គួរ​ឲ្យ​ដឹងថា ភរិយា​លោក​បណ្ឌិត កែម ឡី គឺ​អ្នកស្រី ប៊ូ រចនា បានចេញ​មុខ​តាម​បណ្តាញ​ផ្សព្វផ្សាយ​ដោយ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​នៅក្រៅ​​ប្រទេស​ចូលរួម​ធ្វើបាតុកម្ម នៅពេល​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា សម្ដេច​តេ​ជោ ហ៊ុន សែន​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អូស្ត្រាលី​​នៅ​សប្តាហ៍​ក្រោយនេះ​។​

​ក្នុង​វីដេអូ​ដែលមាន​រយៈពេល​តែ​១៧​វិនាទី​ដែល​ត្រូវបាន​ផ្សព្វផ្សាយ​នា​ថ្ងៃអាទិត្យ​នេះ អ្នកស្រី ប៊ូ រចនា បាន​លើកដៃ​សំពះ​ហើយ​អំពាវនាវ​​ឲ្យ​ពលរដ្ឋ​ខ្មែរ​នៅ​ទីក្រុង​ស៊ីដនី ចូលរួម​បាតុកម្ម​ជាមួយ​លោកស្រី នៅ​ថ្ងៃ​សុក្រ​និង​ថ្ងៃ​សៅរ៍​ចុង​សប្តាហ៍​ក្រោយនេះ​។​

​បើទោះបីជា​មានការ​ប្រកាស​ធ្វើបាតុកម្ម​ប្រឆាំង​ពី​ក្រុមមនុស្ស​មួយចំនួន​តូចក្ដី តែ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​សម្ដេច​តេ​ជោ ហ៊ុន សែន នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​អូស្ត្រាលី ចាប់ពី​ថ្ងៃទី ១៦ ដល់​ថ្ងៃទី ១៨ ខែមីនា ខាងមុខនេះ​ដោយ​មិន​អាក់ខាន​ឡើយ​។ នេះ​បើតាម​ការបញ្ជាក់​ពី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្ដរជាតិ​កម្ពុជា​៕​ដោយៈ​វិបុល​/sn