លោក សុខ ឥសាន ថា ទណ្ឌិត សម រង្ស៊ី កំពុង​ស្លឈាម​ចង់​ចរចា​

1042
ចែករម្លែក

ដោយៈ វិបុល/(ភ្នំពេញៈ លោក សុខ ឥសាន មន្ដ្រី​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​លើកឡើងថា បច្ចុប្បន្ន ទណ្ឌិត សម រង្ស៊ី ដែល​កំពុង​មានទោស​ក្ប​ត់​ជាតិ ហើយ​និរទេស​ខ្លួន​នៅ​ឯនាយសមុទ្រ ដើម្បី​គេច​ពី​ការដាក់ទោសទណ្ឌ​នោះ កំពុងតែ​ស្លឈាម ដើម្បី​ចរចា​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ឲ្យ​ខ្លួន​និង​បក្សពួក ហើយ​អាច​ចូលខ្លួន​មក​ធ្វើ​នយោបាយ​បន្ដបាន​។​

​តាមរយៈ​សំណេរ​លើ​បណ្ដាញ​ទំនាក់ទំនង​តេ​ឡេ​ក្រាម នៅ​ព្រឹក​ថ្ងៃទី​២៦ មីនា​នេះ លោក សុខ ឥសាន បាន​លើកឡើងថា “​គ្រាន់តែ​ឮ​ទីប្រឹក្សា​ជាន់ខ្ពស់​នាយករដ្ឋមន្ត្រី​ជប៉ុន ចូលជួប​សម្តែង​ការគួរសម​ជាមួយ សម្តេច​តេ​ជោ ហ៊ុន សែន ហើយ​សាកសួរ​ពី​ស្ថានការណ៍​នយោបាយ​នៃ​កម្ពុជា ពាក់ព័ន្ធ​នឹង​វប្បធម៌​សន្ទនា​នោះ ស្រាប់តែ​ទណ្ឌិត សម រង្ស៊ី បង្ហាញ​ពី​អាកប្បកិរិយា​ជ្រួលជ្រើម​ចង់​ចរចា ហើយ​និយាយ​ហាក់ដូច​ជាមាន​ក្តីសង្ឃឹម​ដ៏​តិចតួច​ថា​ជប៉ុន គឺជា​អាជ្ញាកណ្តាល​មួយ​ក្នុងការ​សម្របសម្រួល ឲ្យ​មាន​ការចរចា​”។

​លោក​បន្ដថា “​ទន្ទឹមនឹងនេះ ទណ្ឌិត សម រង្សី បែរជា​ខកចិត្ត​យ៉ាងខ្លាំង ដែល​ជប៉ុន​នៅតែ​បន្ត​ផ្តល់ជំនួយ​មក​ឲ្យ​គជប ដើម្បី​ការបោះឆ្នោត​នាពេលខាងមុខ​អាច​ដំណើរការ​ដោយ​រលូន​”​។​

​ទោះបីយ៉ាងណា លោក សុខ ឥសាន បាន​អះអាងថា​ជប៉ុន​បានបញ្ជាក់​ជំហរ​របស់ខ្លួន​រួចហើយ​ថា មិន​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​ឡើយ ហើយ​នៅតែ​បន្ត​ជួយ​ជ្រោមជ្រែង​កម្ពុជា​តទៅទៀត យ៉ាង​ពេញទំហឹង ទោះបី​ប្រទេស​លោកខាងលិច​មួយចំនួន​ផ្តាច់ជំនួយ​មក​ឲ្យ​កម្ពុជា​ក្តី​។​

​លោក សុខ ឥសាន ក៏បាន​ចម្អក​លោក សម រង្ស៊ី ថា ៖ “​ការ​ស្លរ​ឈាម​របស់ ទណ្ឌិត​សម រង្សី ចង់​មាន​ការចរចា​នោះ ត្រូវ​បរាជ័យ​ជាថ្មីទៀត ទោះបី​មានសង្ឃឹម​តែ​ខ្លួនឯង​ដ៏​តិចតួច​លើ​ជប៉ុន​ក្តី​”​។​

​គួរ​កត់សម្គាល់ថា ក្នុងអំឡុងពេល​នៃ​ដំណើរ​ទស្សនកិច្ច​របស់​ទីប្រឹក្សានាយករដ្ឋមន្ដ្រី​ជប៉ុន​មក កម្ពុជា​នោះ លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្សប្រឆាំង​ដែល​ត្រូវ​រដ្ឋាភិបាល​កម្ពុជា​រំលាយចោល ព្រោះតែ​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ក្បត់ជាតិ​នោះ បាន​សរសេរ​សារ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ដោយ​ហាក់​បង្ហាញ​នូវ​ក្ដី​ស​ង្ឃឹ​ង​ថា ជប៉ុន​តែ​អាច​នឹង​ជួយ​អន្ដរាគមន៍​រក​ដំណោះស្រាយ​នយោបាយ​នៅ​កម្ពុជា តាមរយៈ ការជំរុញ​ឲ្យ​រដ្ឋាភិបាល​ដឹកនាំ​ប្រទេស​បច្ចុប្បន្ន​ងាក​ទៅ​ចរចា ជាមួយ​គណបក្ស​របស់​លោក​វិញ​។ តែ​ផ្ទុយទៅវិញ ក្ដី​ស​ង្ឃឹ​ង​ចុងក្រោយ​របស់​ទណ្ឌិត​រូបនេះ ហាក់​ត្រូវ​បានបញ្ចប់ គ្រា​ដែល​ជប៉ុន បាន​អះអាងថា នឹងបន្ត​ជួយ​ជ្រោមជ្រែង​កម្ពុជា​តទៅទៀត យ៉ាង​ពេញទំហឹង​ជាពិសេស​លើ​កិច្ចការ​បោះឆ្នោត​៕B