លោក សូ ម៉ា​រ៉ា​: “​ក្រោម​ម្លប់​សន្តិភាព​ដ៏​រឹងមាំ​របស់​កម្ពុជា ធ្វើ​ឲ្យ​មាន​កំណើន​ភ្ញៀវ​ទេសចរណ៍​”

1140
ចែករម្លែក

​ដោយ​:​អង្គរតូច / សៀមរាប​: លោក សូ ម៉ា​រ៉ា រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ បាន​ថ្លែងថា ក្រោម​ម្លប់​សន្តិភាព​ដ៏​រឹងមាំ​របស់​កម្ពុជា ធ្វើ​ឲ្យ​វិស័យ​ទេសចរណ៍ មានការ​អភិវឌ្ឍន៍​ទៅមុខ​ឥតឈប់ឈរ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។​

​ក្នុង​វេទិកា​ពិព័រណ៍​ទេសចរណ៍​កម្ពុជា អន្តរជាតិ Cambodia Travel Mart “CTM” 2018 ដែល​ធ្វើឡើង​កាលពី​ល្ងាច​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៨ នៅ​ខេត្តសៀមរាប លោក​សូ ម៉ា​រ៉ា បាន​ថ្លែងថា ទាំងនេះ គឺ​ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ធ្វើ​ឲ្យ​ប្រទេស​ម្ពុ​ជា​ទទួលបាន​ភ្ញៀវ​ទេសចរណ៍​កាន់តែច្រើន​ឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។ តួយ៉ាង​ដូចជា​នៅ​ឆ្នាំ ២០១៧ កម្ពុជា​ទទួលបាន​ទេស​ចរ​អន្តរជាតិ ជាង ៥,៦ លាន​នាក់​កើនឡើង ១១% ហើយ​រយៈពេល ២​ខែ​ដើមឆ្នាំ ២០១៨ កម្ពុជា​ទទួលបាន​ទេស​ចរ​អន្តរជាតិ ១ លាន​នាក់ កើន ១១% ធៀប​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៧ យើង​សង្ឃឹមថា​ឆ្នាំ​២០១៨ ទាំងមូល​នឹង​ទទួលបាន ៦,១ លាន​នាក់​។ ដូច្នេះ​ព្រឹត្តិការណ៍​ពិព័រណ៍ CTM លើក​ទី​២ គ្រោង​នឹងធ្វើ​នៅ​រាជធានី​ភ្នំពេញ នេះ​ជា​ក្តា​ដ៏​សំខាន់ រួមចំណែក​ធ្វើ​ឲ្យ​វិស័យ​ទេសចរណ៍​កម្ពុជា មានការ​អភិវឌ្ឍន៍​និង​សម្រេចបាន​នូវ​គោលដៅ​ដែល​គ្រោងទុក​។​

​ក្នុង​វេទិការ​នេះ ក៏មាន​ការចូលរួម​ពី​ស្ថាប័ន​ទេសចរណ៍​ជាតិ​នានា របស់​ប្រទេស​អាស៊ាន អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ​ជាច្រើន​ទៀត ដើម្បី​ទិញ​លក់​កញ្ចប់​ទស្សនកិច្ច នៃ​សេវាកម្ម​ទេសចរណ៍ និង​ផ្លាស់ប្តូរ​ចែករំលែក​បទពិសោធន៍ និង​បង្កើត​ភាពជា​ដៃគូ​ក្នុង​ធុរៈកិច្ច​ជាមួយគ្នា សំដៅ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​កម្ពុជា ឲ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត​។

​លោក​រដ្ឋលេខាធិការ ក៏បាន​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ទេសចរណ៍​ជាតិ និង​អន្តរជាតិ ជួយផ្តល់​ការគាំទ្រ និង​ចូលរួម​ព្រឹត្តិការណ៍​ខាងលើ ដើម្បី​ចាប់យក​ឱកាស​ធ្វើការ​អភិវឌ្ឍន៍​អាជីវកម្ម​ទេសចរណ៍រ​បស់​ខ្លួន ឲ្យ​កាន់តែ​មានការ​រីកចំរើន និង​ទទួលបាន​ជោគជ័យ​បន្ថែមទៀត​។ ពិសេស​រួមគ្នា​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​កម្ពុជា ឲ្យ​កាន់តែ​វិវត្តន៍​ទៅមុខ​។​

​ជាមួយគ្នា​នោះ​ការធ្វើ​ធុរៈកិច្ច​ទេសចរណ៍រ វាង​ក្រុមហ៊ុន​ទេសចរណ៍​ក្នុងស្រុក នឹង​ក្រុមហ៊ុន​ទេសចរណ៍​អន្តរជាតិ​នានា ដែលជា​ប្រភព​ទីផ្សារ​គោលដៅ​ទេសចរណ៍​ដ៏​សំខាន់​សម្រាប់​កម្ពុជា រួមមាន​អ្នកទិញ (Buyers) ជាតិ​និង​អន្តរជាតិ​, ពាណិជ្ជករ​ជា​អ្នកផ្តល់​សេវាកម្ម​ជាតិ និង​អន្តរជាតិ សរុប​ប្រមាណ ៧០០​ក្រុមហ៊ុន​៕ ល​