លោក សួស យ៉ា​រ៉ា​: សម្តេច​តេ​ជោ​និង​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន យកចិត្តទុកដាក់​ជានិច្ច​ចំពោះ​សុខទុក្ខ​ប្រជាជន​

673
ចែករម្លែក

​ដោយ​: សុផល / ភ្នំពេញ​: លោក សួស យ៉ា​រ៉ា សមាជិកសភា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះជួយ​ស្រុក​បុរី​ជលសារ និង​លោក អ៊ូច ភា អភិបាល​នៃ​គណៈ​អភិបាល​ខេត្តតាកែវ នៅ​ថ្ងៃទី​២៨​ខែសីហា បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​នៅ​ស្រុក​បុរី​ជលសារ ខេត្តតាកែវ​។​

​ក្នុងការ​ចុះសួរសុខទុក្ខ​និង​សំណេះសំណាល​នេះ លោក អ៊ូច ភា អភិបាល​ខេត្តតាកែវ​មានប្រសាសន៍​លើកឡើងថា កំពស់​ទឹក​ឆ្នាំនេះ មាន​កំពស់​ខ្ពស់ជាង​ឆ្នាំមុន​១​ម៉ែត្រ ដោយសារតែ​កា​ប្រែប្រួល​ស​នៃ​អាកាសធាតុ​។ លោក​អំពាវនាវ​អាជ្ញាធរ​ស្រុក​ណែនាំ​ប្រជាពលរដ្ឋ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ និង​ត្រៀមលក្ខណៈ​ចាំ​ជួយ​អន្តរ​គម​ន៍​ប្រជាពលរដ្ឋ ដែល​អាច​រងគ្រោះ​ដោយ​ទឹកជំនន់ និង​ខ្យល់​កន្ត្រាក់ ចំណែក​ប្រជាពលរដ្ឋ​ក៏ត្រូវ​ប្រុងប្រយ័ត្ន​ដោយ​ខ្លួនឯង​ផងដែរ​។​

​ជាមួយគ្នា​នោះដែរ លោក​អភិបាលខេត្ត បាន​បញ្ជាក់ថា បន្ទាប់ពី​ទទួលបាន​ជ័យជំនះ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុនសែន បានផ្តល់​ចំណងដៃ​ផ្លូវ​មួយ​ខ្សែ ចាក់​បេតុង​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​២ ដល់​កំពង់ផែ​កំពង់អំពិល​មាន​ចំងាយ​១៨​គីឡូ​ម៉ែត សម្រាប់​បំពេញតម្រូវការ​របស់​ប្រជាពលរដ្ឋ​ស្រុក​បុរី​ជលសារ​។​

​លោក សួស យ៉ា​រ៉ា សមាជិកសភា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះជួយ​ស្រុក​បុរី​ជលសារ មានប្រសាសន៍​លើកឡើងថា ការផ្តល់​អំណោយ​សង្គ្រោះបន្ទាន់​នេះ គឺ​ធ្វើតាម​ការអំពាវនាវរ​បស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន ក្រុមៗ​ការងារ​បាន​នាំយក​នូវ​ស្បៀងអាហារ ថ្នាំសង្កូវ​ដើម្បី​ថែរក្សា​សុខភាព​មួយចំនួន​យក​ផ្តល់ជូន​ប្រជា ពលរដ្ឋ​ជាង​៦០០ គ្រួសារ​នៅ​ស្រុក​បុរី​ជលសារ​ដែលជា​ការ យកចិត្តទុកដាក់​ពី​ទុក្ខលំបាក​ជូន​ប្រជាពលរដ្ឋ​។​

​នៅក្នុង​ឱកាស​នោះដែរ លោក​សួស​យ៉ា​រ៉ា បាន​សន្យា​បន្ត​ស្ថាបនា ផ្លូវ​បន្ត​រហូត ដល់​ព្រំដែន​ប្រទេស​វៀត​ណាន គឺជា​ផ្លូវ​បេតុង ដែលជា​ចំណងដៃ​របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ដល់​ប្រជាពលរដ្ឋ នៅ​ស្រុក​បុរី​ជលសារ នា​អាណត្តិ​រដ្ឋសភា​នីតិកាល​ទី​៦​នេះ​។​

​លោក ទុយ សុភ័ក្ត្រ អភិបាលស្រុក​បុរី​ជល​សារបាន​ឲ្យ​ដឹងថា កំពស់​ទឹក​មានការ​កើនឡើង​យ៉ាង​គំហក់ ប៉ះពាល់​ស្រូវប្រាំង ដីស្រែ​ប្រជាពលរដ្ឋ ប៉ះពាល់​ផ្ទះសម្បែង​ប្រជាពលរដ្ឋ ចំនួន​៦២០​គ្រួសារ​។ ជម្លៀស​ប្រជាពលរដ្ឋ​ពី​ទឹកជំនន់​ចំនួន​៩​គ្រួសារ​។ ប្រជាពលរដ្ឋ​ដែល​រងគ្រោះ ដោយ​ទឹកជំនន់​ទាំង​៦២០​គ្រួសារ បានមក​ទទួល​អំណោយ​សង្គ្រោះបន្ទាន់ និង​ការ​សួរ សុខទុក្ខ​ពី​សំណាក់​សមាជិកសភា​លោក សួស យ៉ា​រ៉ា​៕ ល​

#