(ភ្នំពេញ) ៖ លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសថាពាក់ព័ន្ធរឿងធ្វើវិសោធនកម្មច្បាប់ ស្ដីពីការបោះឆ្នោតនោះ គ.ជ.ប គ្មានសមត្ថកិច្ចស្នើទៅរដ្ឋសភាបានទេ ព្រោះផ្ទុយពីបទបញ្ញត្តិច្បាប់ជាធរមាន ការងារទាំងអស់ គឺ គ.ជ.ប អនុវត្តទៅតាមច្បាប់សុទ្ធសាធ ហើយលោកបានចង្អុលប្រាប់ថា អ្នកដែលមានសិទ្ធិតាមច្បាប់នោះ គឺក្រុមអ្នកតំណាងរាស្ត្រ។
ប្រតិកម្មរបស់ប្រធានគ.ជ.ប បែបនេះ បន្ទាប់ពីមានការស្នើពីសំណាក់អង្គការសង្គមស៊ីវិល និងគណបក្សនយោបាយមួយចំនួនចេះតែទទូចឲ្យ ស្ថាប័ន គ.ជ.ប ស្នើទៅកាន់រដ្ឋសភា សុំធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីឲ្យ គ.ជ.បចុះឈ្មោះបោះឆ្នោតឲ្យពលករខ្មែរដែលកំពុងធ្វើការ និងរស់នៅក្រៅប្រទេស និងតម្រូវឲ្យពួកគាត់ មានសិទ្ធិបោះឆ្នោតនៅក្រៅប្រទេស បានដូចប្រជាពលរដ្ឋនៅក្នុងប្រទេសដែរ។
ក្នុងកិច្ចប្រជុំពិគ្រោះយោបល់អំពីសេចក្ដីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការធ្វើបច្ចុប្បន្នភាព បញ្ជីបោះឆ្នោតនិងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ នៅភោជនីយដ្ឋានទន្លេបាសាក់២ នាព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧នេះ លោក ស៊ិក ប៊ុនហុក បានថ្លែងយ៉ាងដូច្នេះថា “ខ្ញុំសូមបកស្រាយនូវចម្ងល់មួយចំនួន ដែលបានលើកឡើងកន្លងមក ពាក់ព័ន្ធនឹងការចុះឈ្មោះបោះឆ្នោត អ្នកនៅក្រៅប្រទេស។ខ្ញុំសូមឆ្លើយឲ្យហើយ ដើម្បីកុំឲ្យមានការស្រពិចស្រពិល ព្រោះការដឹកនាំ គ.ជ.ប បច្ចុប្បន្ននេះ ជាការដឹកនាំមួយដែលអនុវត្តទៅតាមរដ្ឋធម្មនុញ្ញ ទៅតាមច្បាប់បោះឆ្នោត ហើយនិងទៅតាមច្បាប់ជាធរមាននានា មិនអាចប្រាសចាសបានទេ នេះហើយជាការកម្រិតសកម្មភាពរបស់ គ.ជ.ប ធ្វើតាមបច្ចេកទេសស្របទៅតាមច្បាប់”។
លោកបានបន្ដថា គ.ជ.ប មិនបានបំបិទសិទ្ធិប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត ដូចការលើកឡើងរបស់មជ្ឈដ្ឋានមួយចំនួននោះទេ តែវាជាការអនុវត្តទៅតាមច្បាប់សុទ្ធសាធ ពិសេសគឺអនុវត្តតាមរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់កម្ពុជា។
លោកប្រធានបានលើកឡើងពី ទិដ្ឋភាពច្បាប់ពាក់ព័ន្ធនានា ដែលសុទ្ធតែកំណត់នូវសិទ្ធិ និងករណីកិច្ចរបស់ប្រជាពលរដ្ឋ និងស្ថាប័ន គ.ជ.ប ផ្ទាល់ ហើយបានបញ្ជាក់ថា បើនៅតែទទូចឲ្យ គ.ជ.ប ធ្វើសេចក្ដីស្នើធ្វើវិសោធនកម្មច្បាប់ទៅរដ្ឋសភាទៀតនោះ ដូចឲ្យ គ.ជ.ប ប្រព្រឹត្តខុសច្បាប់យ៉ាងអីចឹង ព្រោះការស្នើធ្វើវិសោធនកម្មច្បាប់ណាមួយ មានតែក្រុមអ្នកតំណាងរាស្ត្រទេ ដែលមានសិទ្ធិ និងសមត្ថកិច្ចផ្លូវច្បាប់ធ្វើកិច្ចការនេះ៕ដោយ៖វិបុល/sn