លោក ស៊ុន ចាន់ថុល​៖ ត្រូវមាន​សេចក្តីថ្លៃថ្នូរ និង​គោរព​វិន័យ ឲ្យ​បាន​ខ្ជាប់ខ្ជួន​

290
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធាន​សហព័ន្ធ​កីឡាហែលទឹក​កម្ពុជា កាលពី​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ បាន​ជួប​សំណេះសំណាល ជាមួយ​គ្រូបង្វឹក និង​អត្ត​ព​លិ​ក​ហែល​ទឹក​កម្ពុជា ចំនួន ១២ រូប មុន​ចេញដំណើរ ទៅ​ប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣០ ឆ្នាំ​២០១៩ ចាប់ពី​ថ្ងៃទី​៣០ ដល់​ថ្ងៃទី​១១ ខែវិច្ឆិកា នៅ​ប្រទេស​ហ្វីលីពីន​។​

​លោក ហែម គិរី បាន​ប្រាប់​ឲ្យ​ដឹងថា អំពី​ការខិតខំ​ប្រឹងប្រែង របស់​សហព័ន្ធ​កីឡាហែលទឹក​កម្ពុជា ទាក់ទង​នឹង​ស្ថានភាព​ហ្វឹកហាត់ ការផ្គត់ផ្គង់​អាហារូបត្ថម្ភ ដើម្បី​បង្កើន​សមត្ថភាព របស់​កីឡាករ កីឡាការិនី ក្នុងការ​ត្រៀមខ្លួន ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣០ នៅ​ប្រទេស​ហ្វីលីពីន​។​

ជូនពរ មុន​ទៅ​ស៊ី​ហ្គេម​

​វិញ្ញាសា​សម្រាប់​ត្រៀម​ចូលរួម ក្នុង​កីឡា​ស៊ី​ហ្គេម លើក​ទី​៣០ រួមមាន ហែល​របៀប សេរី​បុរស នារី​ចម្ងាយ​៥០​ម៉ែត្រ ១០០​ម៉ែត្រ និង​២០០​ម៉ែត្រ ហែល​របៀប​កង្កែប​បុរស​នារី ចម្ងាយ​៥០​ម៉ែត្រ ១០០​ម៉ែត្រ និង​២០០​ម៉ែត្រ ហែល​របៀប​ផ្ងារ​នារី ចម្ងាយ​៥០​ម៉ែត្រ ហែល​របៀប​ផ្ងារ​បុរស​នារី ចម្ងាយ​៥០​ម៉ែត្រ និង ១០០​ម៉ែត្រ ហែល​បួន​របៀប​ឯកត្តជន​បុរស ចម្ងាយ ២០០​ម៉ែត្រ និង​ហែល​បណ្តាក់​របៀប​សេរី​បុរស​នារី ចម្ងាយ ១០០ ម៉ែត្រ ៤ ដង​។​

​លោក​ទេសរដ្ឋមន្ត្រី​ស៊ុន ចាន់ថុល ក៏បាន​ផ្តាំផ្ញើ ឲ្យ​កីឡាករ កីឡាការិនី ខិតខំ​ប្រឹងប្រែង ហ្វឹកហាត់​បន្ថែម រក្សា​កេរ្តិ៍ឈ្មោះ ជា​កីឡាករ​កម្ពុជា ប្រកបដោយ​សេចក្តីថ្លៃថ្នូរ គោរព​វិន័យ ឱ្យបាន​ខ្ជាប់ខ្ជួន និង​បាន​ជូនពរ​ពួកគេ ឲ្យ​ទទួលបាន​ជ័យជំនះ នៅក្នុង​ការប្រកួត ជូន​ជាតិ មាតុភូមិ​យើង​៕v