លោក ស្បោង សារ៉ាត់ ណែនាំ​ដល់​អាជ្ញាធរ​ស្រុក​ពារាំង ឲ្យ​បង្កើន​ការប្រុងប្រយ័ត្ន​ចំពោះ​ទឹកជំនន់​

1093
ចែករម្លែក

ដោយ​: ចាន់ ថន / ព្រៃវែង​: ព្រោះតែ​ទឹកជំនន់​កំពុង​ហក់​ឡើង និង​បាន​គំរាមកំហែង​ផ្លូវថ្នល់​មួយចំនួន នៅ​ស្រុក​ពារាំង ព្រមទាំង​លិច​បំផ្លាញ​ស្រូវ​ពលរដ្ឋ​អស់​ជាច្រើន​ហិកតា​ផង​នោះ​។​

​លោក ស្បោង សា​រ៉ា​ត ប្រធាន​ក្រុមប្រឹក្សា​ខេត្តព្រៃវែង រួម​ដំណើរ​ដោយ​លោក ហ៊ី ធួ​ក អភិបាលស្រុក​ពារាំង​លោក ស៊ឹម កុសល អធិការ​ស្រុក និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​មួយចំនួនទៀត​ បាន​ចុះ​ពិនិត្យ​ស្ថានភាព​ទឹកជំនន់ ដែល​កំពុង​គំរាម ផ្លូវ​លេខ​៣៨៣A ត្រង់ចំណុច​ច្រក​ឥន្ទ្រី ស្ថិតនៅ​ភូមិ​យោត ឃុំ​មេសរ​ប្រ​ចាន់ ស្រុក​ពារាំង ខេត្តព្រៃវែង កាលពី​ព្រឹក​ថ្ងៃទី​៥​ខែសីហា​ឆ្នាំ​២០១៨​។​

​ដោយ​ឃើញ​ស្ថានភាព​ទឹក​ហក់​ឡើង​ខ្លាំង លោក ស្បោង សារ៉ាត់ បាន​ជំរុញ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ត្រូវមាន​វិធានការ ជាបន្ទាន់​ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​បាក់​ដី នៅក្បែរ​មាត់​លូ​ជាប់​ស្ពាន​ដែល​កំពុង​រង់​ការខូចខាត​ដោយសារ​កម្លាំង​ទឹក​ហូរ​។ ខណៈ​កម្ពស់​ទឹក​នៅ​ចំណុច​ផ្លូវ ត​ភ្ជាប់​ពី​ឃុំ​ព្រៃ​ស្រឡិត ទៅ​ឃុំ​ក​ញ្ជំ បាន​ហក់​ឡើង​ជិត​ស្មើនឹង​ផ្លូវ និង​កន្លែង​ខ្លះ​ត្រូវបាន​លិច​ជា​បណ្ដើរៗ​។​

​ទន្ទឹមនឹងនោះ លោក ស្បោង សារ៉ាត់ បាន​ណែនាំ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​ហាមឃាត់​កុំ​ឲ្យ​គោយន្ត ឬ​គ្រឿងយន្ត​ផ្សេងៗ ឆ្លងកាត់​ផ្លូវ​នេះ​ជា​បណ្ដោះអាសន្ន ដើម្បី​ជៀសវាង​នូវ​ការខូចខាត និង​ត្រូវ​តាមដាន​ស្ថានភាព​នៃ​កម្ពស់​ទឹក​នេះ​យ៉ាង​យកចិត្តទុកដាក់​បំផុត​។​

​ជាមួយគ្នា​នោះ​លោក ហ៊ី ធួ​ក អភិបាលស្រុក​ពារាំង ក៏បាន​ចាត់​កម្លាំង​ឲ្យ​ទប់ស្កាត់ និង​រក​វិធី​ដើម្បី​ការពារ​ផ្លូវ ការពារ​សម្បត្តិ​រដ្ឋ សម្បត្តិ​ប្រជាជន តាម​ដែល​អាចធ្វើ​ទៅបាន ឲ្យ​អស់ពី​កម្លាំងកាយ​ចិត្ត​៕