លោក ស សុខា​៖ កំណែទម្រង់​ស៊ីជម្រៅ លើ​វិស័យ​អប់រំ​កាយ និង​កីឡា​សំខាន់​ណាស់​

1133
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖ ថ្លែង​ក្នុង​ពិធី​បិទ​ជា​ផ្លូវការ នៃ​ព្រឹត្តិការណ៍​ការប្រកួត​កីឡា សិស្ស​ថ្នាក់ជាតិ (National School Games) ឆ្នាំ​២០១៩ នា​ល្ងាច​ថ្ងៃទី​១៨ មិថុនា លោក ស សុខា រដ្ឋលេខាធិការ នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​មានប្រសាសន៍ថា វិស័យ​អប់រំ​កាយ និង​កីឡា បានរួម​ចំណែក​លើកកម្ពស់​សុខភាព និង​សុខុមាលភាព​សិស្ស និស្សិត ប្រជាជន​គ្រប់រូប និង​កាត់បន្ថយ​ភាព​អសកម្ម​ផ្សេងៗ ក្នុងសង្គម ជាអាទិ៍ ការប្រើប្រាស់​គ្រឿងញៀន​។​

ទិដ្ឋភាព​បិទ​ការប្រកួត​

​បច្ចុប្បន្ននេះ វិស័យ​កីឡា មានការ​រីកចម្រើន គួរ​ឲ្យ​កត់សម្គាល់ ហើយ​ទទួលបាន​នូវ ការចាប់អារម្មណ៍ ចូលរួម​គាំទ្រ​យ៉ាងច្រើន ពី​យុវជន ហើយ​លទ្ធផល នៃ​ការប្រកួត​ជា​លក្ខណៈ​អន្តរជាតិ មានការ​ប្រែប្រួល ជា​វិជ្ជមាន ទទួលបាន​ការអបអ​រ​សាទរ ពី​មហាជន រហូតដល់​ថ្នាក់ដឹកនាំ រាជរដ្ឋាភិបាល​។​

​លោក​បាន​បន្តថា ព្រះរាជាណាចក្រ​កម្ពុជា មាន​សុខសន្តិភាព ពេញលេញ ស្ថេរភាព​នយោបាយ សេដ្ឋកិច្ចជាតិ មានការ​រីកចម្រើន បានធ្វើ​ឲ្យ​មានការ​អភិវឌ្ឍ លើ​គ្រប់​វិស័យ ក្រោម​ការដឹកនាំ ដ៏​ប៉ិនប្រសព្វ និង​ឈ្លាសវៃ​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន សម្តេច​បាន​ចាត់ទុកថា ការងារ​អប់រំ​កាយ និងកីឡា បាន​ដើរតួនាទី​យ៉ាងសំខាន់ និង​ជា​យាន ក្នុងការ​អភិវឌ្ឍ​សង្គម ពីព្រោះ “ កីឡា​កសាង​មនុស្ស មនុស្ស​កសាង​សង្គម​” ។

ទិដ្ឋភាព​បិទ​ការប្រកួត​

ក្រសួង​អប់រំ យុវជន និង​កីឡា បានធ្វើ​កំណែទម្រង់​ស៊ីជម្រៅ លើ​វិស័យ​អប់រំ​កាយ និង​កីឡា ដោយ​ឈរលើ​មូលដ្ឋាន យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៤ ផែនការ​យុទ្ធសាស្ត្រ នៃ​ការអភិវឌ្ឍ​ជាតិ ឆ្នាំ​២០១៩-២០២៣ និង​ដោយ​ផ្អែក លើ​បរិបទ នៃ​ការរីកចម្រើន​កីឡា​ជាតិ និង​បរិបទ​នៃ​ការរីកចម្រើន​កីឡា នៅក្នុង​តំបន់ ក៏ដូចជា អន្តរជាតិ ជាពិសេស​ការត្រៀម​លក្ខណៈ​សម្បត្តិ ត្រៀម​សម្រាប់​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ ក្នុងការ​រៀបចំ​ប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ នាពេលខាងមុខ​។​

​លោក​រដ្ឋលេខាធិការ បាន​បន្ថែមទៀតថា ដើម្បី​ឲ្យ​ការធ្វើកំណែទម្រង់​នេះ ទទួលបាន​ជោគជ័យ ក្រសួង​អប់រំ យុវជន និង​កីឡា សំណូមពរ​ដល់​អង្គកា​រ​រដ្ឋ​កីឡា និង​អង្គការ​សង្គម​កីឡា ឲ្យ​ខិតខំ​ប្រឹងប្រែង​រួមគ្នា បន្ថែមទៀត ដោយ​យក​អស់​ស្មារតី កម្លាំងកាយ និង​លទ្ធភាព បំពេញភារកិច្ច ទៅតាម​តួនាទី​រៀងៗ​ខ្លួន ដោយ​ការទទួលខុសត្រូវ​ខ្ពស់​។​

ទិដ្ឋភាព​បិទ​ការប្រកួត​

​លោក​ក៏បាន​អំពាវនាវ ដល់​វិស័យ​ឯកជន ដៃគូ​អភិវឌ្ឍ សប្បុរសជន និង​ប្រជាជន សូម​ចូលរួម​ឧបត្ថម្ភ​គាំទ្រ ជា​ស្មារតី សម្ភារ ថវិកា ដើម្បី​រួមចំណែក​អភិវឌ្ឍន៍ វិស័យ​កីឡា​ជាតិ​យើង​។ ក្រោម​ពាក្យស្លោក “​រួមគ្នា​ធ្វើ​អ្វីៗ​ទាំងអស់គ្នា ដើម្បី​កីឡា ឆ្ពោះទៅ​ជោគជ័យ នៅ​ស៊ី​ហ្គេម ឆ្នាំ​២០២៣” ។

លោក​ក៏បាន​កោតសរសើរ និង​អបអរសាទរ ដល់​ក្រុមកីឡា ដែល​បាន​មេដាយមាស ច្រើនជាងគេ ប្រចាំឆ្នាំ​២០១៩ នេះ​គឺ​ចំណាត់ថ្នាក់​លេខ​១ បាន​ទៅលើ​ក្រុមកីឡា មកពី​រាជធានី​ភ្នំពេញ ចំណាត់ថ្នាក់​លេខ​២ បាន​ទៅលើ​ក្រុមកីឡា មកពី​ខេត្តកណ្តាល និង​ចំណាត់ថ្នាក់​លេខ ៣ បាន​ទៅលើ ក្រុមកីឡា​មកពី​កំពត​។ ជាមួយគ្នានេះ ចូលរួម​សោកស្តាយ ដល់​ក្រុមកីឡា ដែល​មិន​បានទទួល​មេដាយ ក្នុងការ​ប្រកួត​នេះ ត្រូវខិតខំ​ប្រឹងប្រែង​ឲ្យ​ខ្លាំង ដើម្បី​ទទួលបាន​ចំណាត់ថ្នាក់​ល្អ នៅក្នុង​ការប្រកួត លើក​ក្រោយ​ទៀត​៕v