លោក ស សុខា តំណាងរាស្ត្រ​មណ្ឌល​ព្រៃវែង សំណេះសំណាល​ជាមួយ​កុមារកំព្រា និង​ពិការ​

1126
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: ក្នុងពេល​ចុះ​ជួប​សំណេះសំណាល​ជាមួយ​កុមារកំព្រា និង​ពិការ លោក ស សុខា បាន​ថ្លែងថា រាជរដ្ឋាភិបាល តែងតែ​យកចិត្តទុកដាក់​ចំពោះ​ទុក្ខលំបាក​របស់​បងប្អូន​ពិការ និង​កុមារកំព្រា​ជានិច្ចកាល​។ ក្នុងនោះ ដើម្បី​លើកកម្ពស់​តម្លៃ​ជនពិការ រាជរដ្ឋាភិបាល បាន​បង្កើត​ច្បាប់​ស្ដីពី​ជនពិការ ដោយ​តម្រូវ​ឲ្យ​ទទួល​ជនពិការ​ធ្វើការ​ទាំងរ​ដ្ឋ និង​ឯកជន​។ តម្រូវ​ឲ្យ​តាម​អគារ​រដ្ឋ ឯកជន តាម​ទីសាធារណៈ ត្រូវធ្វើ​ជម្រាល​សម្រាប់​ជនពិការ​ងាយ​ធ្វើដំណើរ​ចេញចូល​ចុះឡើង​។

​លោក ស សុខា ថ្លែង​លើកទឹកចិត្ត​ថា ជាការ​ពិត ប្អូនៗ​ទាំងអស់​កំព្រា​ដោយសារ​ឪពុកម្ដាយ​ស្លាប់​ព្រោះ​ជំងឺអេដស៍ ឫ​គ្រោះថ្នាក់​សង្គម​ផ្សេងទៀត ប៉ុន្តែ​ប្អូនៗ​មិន​ឯកោ​ទេ​។ ប្អូនៗ​មាន​អ្នក​យកចិត្តទុកដាក់ មាន​ភាពកក់ក្ដៅ ពិសេស ប្អូនៗ មានឱកាស​គ្រប់គ្រាន់​ក្នុងការ​អភិវឌ្ឍ​ខ្លួន ដើម្បី​ឈានទៅ​មុខ​។ អ្វីដែល​សំខាន់ ប្អូនៗ​ត្រូវតែ​រឹងប៉ឹង ត្រូវតែ​ជឿជាក់​លើ​ខ្លួនឯង ហើយ​ដាក់​ក្ដី​សុបិន ឫ​គោលដៅ​ទៅមុខ​ឲ្យ​ច្បាស់ រួច​ធ្វើដំណើរ​ពីមួយ​ជំហាន​ទៅមួយ​ជំហាន​។

​លោក​បន្តថា ក្នុងនាម​យុវជន​ម្នាក់ និង​ក្រុមការងារ ខ្ញុំ​នឹង​បន្ត​គាំទ្រ ផ្ដល់​ភាពកក់ក្ដៅ​ដល់​ប្អូនៗ តាម​រូបភាព​នានា ដោយ​ប្រឹង​ឲ្យ​អស់ពី​លទ្ធភាព​ដែល​អាចធ្វើ​ទៅបាន​។ ជាអាទិ៍ ដូចជា កា​រគង​កៀរ​ជំនួយ​ឧបត្ថម្ភ​ជីវភាព​រស់នៅ និង​ការសិក្សា​។ ជំរុញ​លើកទឹកចិត្ត​ការសិក្សា​ប​ន្ត​របស់​ប្អូនៗ តាមរយៈ​ការស្វែងរក​អាហារូបករណ៍​ទាំង​ក្នុង និង​ក្រៅប្រទេស​ជូន​ប្អូនៗ​។ ក្រៅពីនេះ ក៏​នឹង​ស្វែងរក​ឱកាស​ការងារ​ទាំង​ក្នុង​វិស័យ​ឯកជន និង​ក្របខណ្ឌ​រដ្ឋ​ជាដើម ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​។​

​ពិធី​សំណេះសំណាល​នេះ​រៀបចំ​នៅ​មណ្ឌល​កុមារកំព្រា​ខេត្ត​។ ក្រៅពី​កុមារកំព្រា​ក្នុង​មណ្ឌល​នេះ នៅមាន​ប្អូន​នារី​ពិការ​មកពី​សហព័ន្ធ​នារី​ពិការ​ផងដែរ​។ ក្នុងនោះ​ក៏មាន​ការចូលរួម​ពី​លោក ជា សុ​មេធី អភិបាលខេត្ត​ព្រៃវែង និង​ក្រុមការងារ​ផសេងៗ​ទៀត​៕ ល​