លោក ស សុខា ប្រគល់​រង្វាន់​ដល់​ជ័យលាភី​បាក់​ឌុប​ឆ្នាំ​២០១៨ ដល់​សិស្សានុសិស្ស​ខេត្តបន្ទាយមានជ័យ​

443

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: លោក ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​អនុប្រធាន​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា ទទួលបន្ទុក​បី​ខេត្ត (​ខេត្តព្រៃវែង បាត់ដំបង និង​ខេត្តបន្ទាយមានជ័យ​) បាន​អញ្ជើញ​ចូលរួម​ពិធី​ប្រគល់​ម៉ូតូ​ដល់​សិស្ស​និទ្ទេស A ចំនួន​១៣​នាក់​។ ក្រៅពីនេះ ក៏បាន​ប្រគល់​រង្វាន់​ផ្សេងៗ​ដល់​សិស្ស​និទ្ទេស B ចំនួន​៨៨​នាក់ និង​និទ្ទេស​C ចំនួន​១៩១​នាក់​ផងដែរ​។ ពិធី​នេះ បាន​ប្រារព្ធ​ធ្វើ​នៅ​សាលាខេត្ត​បន្ទាយមានជ័យ កាលពី​រសៀល​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០១៨ ដោយមាន​ការចូលរួម​ពី​សំណាក់​អភិបាលខេត្ត និង​មន្ត្រី​ដែល​ពាក់ព័ន្ធ​។​

​នៅក្នុង​ពិធី​ប្រគល់​រង្វាន់​នេះ លោ​កស សុខា បាន​ជម្រុញ​ឲ្យ​សិស្សានុសិស្ស​ដែល​ជាប់​បាក់​ឌុប​ទាំងអស់ គឺ​កំ​ភ្លេចគុណ​របស់​គ្រូ យ៉ាងហោចណាស់​ក៏​នាំគ្នា​ទៅ​ថ្លែងអំណរគុណ​លោកគ្រូ អ្នកគ្រូ ដែល​បាន​បង្រៀន​គ្រប់មុខ​វិជ្ជា អាច​ត្រឹមតែ​ចែក​មួយ​ស្និទ្ធ ឬ​ពីរ​ស្និទ្ធ​ទៅជូន​គាត់ ក៏​ជា​រឿង​មួយ​ល្អប្រសើរ​ដែរ​។ ពីព្រោះថា លោកគ្រូ អ្នកគ្រូ បាន​ចំណាយ​ពេលវេលា​លះបង់​គ្រប់បែបយ៉ាង ដើម្បី​ផ្តល់​ចំណេះវិជ្ជា​ឲ្យ​មក​កូនសិស្ស រហូត​ទទួលបាន​លទ្ធផល​ល្អ​នៅពេលនេះ​។​

​ជាមួយគ្នានេះ លោក ស សុខា ក៏បាន​ជម្រុញ​លើកទឹកចិត្ត​ឲ្យ​សិស្សានុសិស្ស​ទាំងអស់ គឺ​ខិតខំ​ប្រឹងប្រែង​ដោយ​ខ្លួនឯង គឺ​ដើម្បី​អនាគត​ខ្លួនឯង​។ ហើយ​លោកគ្រូ អ្នកគ្រូ អាជ្ញាធរ​ជំនាញ ថ្នាក់ដឹកនាំ គឺ​ធ្វើជា​ស្ពាន​ចម្លង ហើយ​ទាល់តែ​សិស្សានុសិស្ស​ខ្លួនឯង គឺ​ត្រូវខិតខំ​ដោយ​ខ្លួនឯង​ដែរ​។ ហើយ​ដើម្បី​ឲ្យ​ការសិក្សា​បន្តទៅ​មុខ​នៅ​មហាវិទ្យាល័យ​ក្តី ឬក៏​សិស្សានុសិស្ស​ដែល​ត្រៀមប្រឡង​បាក់​ឌុប​ក្តី ទទួលបាន​លទ្ធផល​ល្អ ត្រូវ​រៀនសូត្រ​ដោយ​ការស្រាវជ្រាវ​ឲ្យ​បាន​ច្រើន អាន​ឲ្យ​បាន​ច្រើន និង​ខិត​ខំរៀន​ពី​ដើមទី​ទៅ កុំ​ជិត​ដល់ពេល​ប្រលង​ទើប​ខិតខំ​រៀន​នោះ វា​មិន​ទទួលបាន​លទ្ធផល​ល្អ​ទេ​។ ហើយ​អាច​បង្កើតជា​ក្រុម​ដើម្បី​រៀន​តាម​ការណែនាំ​របស់​លោកគ្រូ អ្នកគ្រូ និង​ធ្វើ​លំ​ហាត់​ឲ្យ​បាន​ច្រើន​ជាដើម ដើម្បី​ទទួលលទ្ធផល​ល្អប្រសើរ​។​

​លោក​បាន​សន្យាថា ចំពោះ​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​ចិន គឺ​នឹង​ផ្តល់ជូន​យ៉ាងតិច​១០​ឆ្នាំ​ទៅមុខ​បន្តទៀត​។ ហើយ​សិស្សានុសិស្ស​ដែល​បាន​ទៅ​រៀន​នៅ​ប្រទេស​ចិន នៅពេល​មកវិញ​កុំ​ភ្លេច​ខ្មែរ ពោលគឺ​រៀន​ហើយ​យក​ជំនាញ​ចំណេះ​ទាំងអស់នោះ មក​បម្រើ​ការងារ​នៅ​ប្រទេស​ខ្មែរ ដើម្បី​អភិវឌ្ឍ​ប្រទេស​ឲ្យ​មានការ​រីកចំរើន​ទៅមុខ​៕ ល​