លោក ហង់​ជួន ណា​រ៉ុ​ន​៖ អ្នក​ជាប់​ជើងឯក នឹង​ក្លាយជា​កីឡា​ជម្រើសជាតិ​

170
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
លោក​ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី ក្រសួង​អប់រំ យុវជន និង កីឡា និង ជា​ប្រធាន​ខេ​មរ​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ WT (World Taekeond ) បាន​ថ្លែង​នៅក្នុង​ពិធី​បើក ការប្រកួត​កីឡា​តេ​ក្វាន់​ដូ នា​ល្ងាច​ថ្ងៃទី​១៣ តុលា​ថា ការប្រកួត​នេះ បើ​នរណា ដណ្ដើមបាន​ជើងឯក នឹង​ក្លាយជា​កីឡា​ជម្រើសជាតិ នា​ឆ្នាំក្រោយ​។​

បើក​ការប្រកួត​តេ​ក្វាន់​ដូ ជើងឯក​ជាតិ​

​ការប្រកួត​ជើងឯក​ជាតិ គឺជា​ការប្រកួត ដោយ​ប្រើប្រាស់​ថវិកា របស់​ក្រសួង​អប់រំ យុវជន និង កីឡា​។ ឆ្នាំនេះ ការប្រកួត មាន​រយៈពេល ៤ ថ្ងៃ គឺ​បញ្ចប់ នៅ​ថ្ងៃទី​១៥ តុលា ។​

​បើតាម​ការ​ឲ្យ​ដឹង​ពី​លោក គង់ ស​ក្ខិ​ដា ដែលជា​អគ្គលេខាធិការ របស់​សហព័ន្ធ​នោះ​ថា ការប្រកួត​ជើងឯក​ជាតិ ឆ្នាំនេះ មាន​ក្លិប​សមាគម ចំនួន ២៦ ចូលរួម ដែល​ក្នុងនោះ ក្លិប សមាគម នៅ​រាជធានី​ភ្នំពេញ ចំនួន ២០ និង​មកពី​បណ្ដា​ខេត្ត​នានា ។​

បើក​ការប្រកួត​តេ​ក្វាន់​ដូ ជើងឯក​ជាតិ​

​ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី ចំនួន ១៧៣ នាក់ ដែល​ក្នុងនោះ​ប្រតិភូ និង​គ្រូបង្វឹក ចំនួន ៥៣ នាក់ កីឡាករ ចំនួន ៧៤ នាក់ និង​កីឡាការិនី ចំនួន ៤៦ នាក់​។ វិញ្ញាសា ដែល​ដាក់​ឲ្យ​ប្រកួត មាន​ចំនួន ២១ វិញ្ញាសា ដែល​ក្នុងនោះ មេគុន​មាន​ចំនួន ៦ វិញ្ញាសា និង​ប្រយុទ្ធ​មាន​ចំនួន ១៥ វិញ្ញាសា ។​

​តេ​ក្វាន់​ដូ WT ជា​ប្រភេទ​កីឡា​ប្រយុទ្ធ និង​ជាម​រតក របស់​ប្រជាជន សាធារណរដ្ឋ​កូរ៉េ ដែល​សព្វថ្ងៃនេះ នៅលើ​ពិភពលោក មាន​មនុស្ស ចំនួន ៩០ លាន​នាក់ កំពុងតែ​ហ្វឹកហាត់ ។ សម្រាប់​កម្ពុជា ប្រភេទ​កីឡា​នេះ ក៏​កំពុង​តែមាន​សក្ដានុពល ហើយ​សាលារៀន ជាច្រើន បាន​បញ្ចូល​កីឡា​នេះ ទៅក្នុង​កម្មវិធីសិក្សា របស់ខ្លួន ។​

​លោក ហង់​ជួន ណា​រ៉ុ​ន កន្លងមក បាន​អះអាងថា ជាមួយនឹង​ការ​ជម្រុញ​ឲ្យ​តេ​ក្វាន់​ដូ ឲ្យ​មាននៅ​ក្នុង​កម្មវិធីសិក្សា លោក​នឹង​បង្កើត​ឲ្យ​មាន​បរិញ្ញាប័ត្រ តេ​ក្វាន់​ដូ នៅ​កម្ពុជា​ទៀតផង ៕v