លោក ហែម គិរី ៖ កីឡាហែលទឹក​កម្ពុជា​ធ្វើបាន​ល្អ​៩០​ភាគរយ​

573
អ្នក​ហែល​ទឹក​ទាំង​៣​រូប ដែល​ចូលរួម​ប្រកួត​ជើងឯក​ពិភពលោក (​រូប​៖ រ៉ូ​ហ្សា​)

ភ្នំពេញ​៖ លោក ហែម គិរី អគ្គលេខាធិការ នៃ​សហព័ន្ធ​ខ្មែរ​ហែល​ទឹក បាន​ប្រាប់​ឲ្យ​ដឹង​ពី​ទីក្រុង​ប៊ុ​យ​ដា​ប៉េស្ត ប្រទេស​ហុង​គ្រី ដែលជា​កន្លែង​រៀបចំ​ការប្រកួត​ហែល​ទឹក​ជើងឯក​ពិភពលោក លើក​ទី​១៧ ថា កីឡាហែលទឹក​កម្ពុជា ក្នុងឆ្នាំនេះ បានធ្វើ​ល្អ​ជាង​៩០​ភាគរយ នៃ​ការប្រកួត​ឯណោះ​។​

​លោក​បន្តថា លើក​នេះ​កីឡាហែលទឹក​កម្ពុជា​ទាំង​៣​រូប លេង​រហូត​ទៅដល់​៦​វិញ្ញាសា ហើយ​ក្នុង​៦​វិញ្ញាសា​នេះ កីឡាករ​ទាំង​២​រូប បាន​បំបែក​គុណ​ផល​ចាស់ ដោយ​បង្កើត​នូវ​គុណ​ផល​ថ្មី ដែល​ល្អ​ជាង​មុន​។ កីឡាករ ចេង ពិរោទ ប្រកួត​២​វិញ្ញាសា​បាន​បំបែក​ទាំង​២​វិញ្ញាសា រីឯ​កីឡាករ ធឿន ថុល​ល ប្រកួត​២​វិញ្ញាសា​បាន​បំបែក​ទាំង​២​វិញ្ញាសា​ដូចគ្នា ចំណែក​កីឡាការិនី​ហែម ថុ​ន វិ​ទី​នី ប្រកួត​២​វិញ្ញាសា​បាន​បំបែក​១​វិញ្ញាសា គឺ​វិញ្ញាសា​ហែល​របៀប​មេអំបៅ ឯ​វិញ្ញាសា​ហែល​សេរី គឺ​នៅ​រក្សា​គុណ​ផល​ដដែល​។​

​ថិរវេលា​នៃ​ការ​ហែល​របស់គេ គឺ​សម្រាប់​កីឡាករ ធឿន ថុល​វិញ្ញាសា​មេអំបៅ​៥០​ម៉ែត្រ គេ​ប្រើ​ថិរវេលា​២៧​វិនាទី​៤៥ ពី​មុនគេ​ប្រើ​ថិរវេលា​២៨​វិនាទី​៩០​។ វិញ្ញាសា​ហែល​ផ្ងារ​៥០​ម៉ែត្រ គេ​ធ្វើ​ក្នុង​ថិរវេលា​៣០​វិនាទី​៧២ ដែល​កាលពីមុន គេ​ធ្វើ​ក្នុង​ថិរវេលា​៣១​វិនាទី​៩០​។​

​កីឡាករ ចេង ពិរោទ វិញ្ញាសា​ហែល​៥០​ម៉ែត្រ របៀប​សេរី​គេ​ធ្វើ​ក្នុង​ថិរវេលា​២៦​វិនាទី​២៩ គុណ​ផល​ចាស់ គឺ​២៦​វិនាទី​៥០​។ វិញ្ញាសា​១០០​ម៉ែត្រ របៀប​សេរី គេ​ហែល​ក្នុង​ថិរវេលា​៥៨​វិនាទី​៥២​ដែល​គុណ​ផល​ចាស់ គឺ​៥៩​វិនាទី​៤៩​។​

​កីឡាការិនី​ហែម ថុ​ន វិ​ទិ​នី វិញ្ញាសា​ហែល​មេអំបៅ​៥០​ម៉ែត្រ គេ​ប្រើ​ថិរវេលា​៣២​វិនាទី​២៦ ឯ គុណ​ផល​ចាស់​គឺ​៣៣​វិនាទី​៤១​។ វិញ្ញាសា​៥០​ម៉ែត្រ របៀប​សេរី​គេ​ធ្វើ ក្នុង​ថិរវេលា​២៩​វិនាទី​៨៩​ឯ​គុណ​ផល​ចា​ស់គឺ​២៩​វិនាទី​៨៨​។​

​ចំពោះ​លទ្ធផល​ដ៏​ល្អ​នេះ គឺ​ដោយសារ​សហព័ន្ធ​ធ្វើការ​ជ្រើសរើស កីឡាករ​-​កីឡាការិនី​ដោយ​សមត្ថភាព ព្រោះ​សហព័ន្ធ​ជ្រើសរើស តារ​យៈម​ការប្រកួត​ជាក់ស្តែង និង​ការហ្វឹកហាត់​របស់​ពួកគាត់ ជាពិសេស​នោះ អ្នកគ្រូ​ជនជាតិ​ជប៉ុន Saki Ikuyama ជា​អ្នក​ជ្រើសរើស​តែម្ដង​។​

​លោក​អគ្គលេខាធិការ​បា​ន​ចាត់ទុកថា ជោគជ័យ​នេះ គឺ​បានមកពី​កម្លាំង​រួម​របស់​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក​ទាំងមូល ពិសេស​លោក ស៊ុន ចាន់ថុល ដែលជា​ប្រធាន​សហព័ន្ធ លោក​តែងតែ​ជួយ​ត្រួសត្រាយ និង​ផ្ដល់​ការលើកទឹកចិត្ត ព្រម​តាំង​ជួយ​ប​ត្ថ​ម្ភ​គ្រប់បែបយ៉ាង​។​

​លោក​អះអាងថា ពេលនេះ​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក​មាន​គ្រូ​ប្រកបដោយ​សមត្ថភាព​ខ្ពស់ ហេតុនេះ​លោក​មាន​ជំនឿ​ចិត្ត​ថា ឆ្នាំ​២០២៣​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​លើក​ទី​៣២​នោះ កីឡាហែលទឹក​ក្មេងៗ ដែល​កំពុងតែ​បណ្ដុះបណ្ដាល នឹង​ក្លាយជា​អ្នក​ហែល​ទឹក​ឆ្នើម នាពេលនោះ​ជាមិនខាន​។ លោក​បញ្ជាក់ថា សូម្បីតែ​កីឡាហែលទឹក​ក្មេងៗ ដែល​ចូលរួម​ក្នុង​ព្រឹត្តិការណ៍ ASEAN School Games នា​ប្រទេស​សឹង្ហ​បូរី​កន្លងមក ទោះបី​ពួកគេ​មិន​ដណ្ដើមបាន​មេដាយ​ក៏ពិតមែន តែ​គុណ​ផល​របស់គេ​ប្រែប្រួល​ល្អជា​និច្ច​៕ ដោយ​៖ រ៉ូ​ហ្សា​