លោក ហ៊ុន ម៉ា​ណែ​ត​: ការចុះ​អនុស្សារណ​យោគយល់​គ្នា​នៅលើ​ឯកសារ​ត្រូវ​ប្រែក្លាយជា​ការអនុវត្ត​សម្រាប់​ប្រយោជន៍​និស្សិត​

418
ចែករម្លែក

ដោយ:មុន្នីរ័ត្ន/ភ្នំពេញ ៖ លោក ហ៊ុន ម៉ា​ណែ​ត ប្រធាន​សមាគម​សិស្ស​-​និស្សិត​អាហារូបករណ៍​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​( អ ម ត ឬ AMT)​បានលើកឡើង​ថា​សូម​ឲ្យ​ការចុះ​អនុស្សារណ​យោគយល់​គ្នា​(MOU)​នៅលើ​ឯកសារ​ត្រូវ​ប្រែក្លាយជា​ការអនុវត្ត​សម្រាប់​ប្រយោជន៍​និស្សិត​។

ការលើកឡើង​បែបនេះ​ខណៈដែល​លោក ហ៊ុន ម៉ា​ណែ​ត​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​រវាង សមាគម​សិស្ស​-​និស្សិត​អាហារូបករណ៍ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត (​អ​.​ម​.​ត​ឬ​AMT) និង​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា គុន​មិញ និង​ក្រុមហ៊ុន អង្គរ​អ៉ី​ន​ធើ​ណេ​សិ​នណល​អ៊ែរ​ផត​អ៉ី​ន​វេស​ម៉ិ​ន (​ខេ​ម​បូ​ឌា​) និង​សមាគម​មិត្ត​អតីត​និស្សិត​ចិន​នៅក្រៅ​ប្រទេស នៅ​សណ្ឋាគារ​ភ្នំពេញ​នា​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៩​។​

​លោក​ប្រធាន​បាន​បន្តថា ផលប្រយោជន៍​នៃ​ការចុះ​អនុស្សារណ​យោគយល់​គ្នា​នាពេលនេះ​គឺជា​ការភ្ជាប់​ទំនាក់ទំនង​ស្ថាប័ន​ទាំង​៣​ដើម្បី​រួមចំណែក​អភិវឌ្ឍ​ធនធានមនុស្ស​នៅ​កម្ពុជា និង​ជាការ​បើក​ច្រក​ដើម្បីឱ្យ​យុវជន​មានឱកាស​កសាង​អនាគត ព្រោះ​ពួកគេ​មិន​ខុសពី​កូនចៅ​របស់​យើង​នោះទេ ពួកគេ​គឺជា​កូនចៅ​របស់​ប្រជាពលរដ្ឋ​។ លោក ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់ថា ប្រទេស​កម្ពុជា​បើ​ប្រៀបធៀប​ទៅនឹង​ប្រទេស​ដទៃ​គឺ​មនុស្ស​វ័យក្មេង​មាន​ចំនួន​ច្រើន​។

ដូច្នេះ​ដើម្បី​ធានា​ការជំរុញ​ការអភិវឌ្ឍ បរិមាណ​មួយ​មុខ​គឺ​មិន​គ្រប់គ្រាន់​នោះទេ គុណភាព​គឺ​សំខាន់​ណាស់​ដើម្បី​ជំរុញ​ឲ្យ​មានការ​អភិវឌ្ឍ​ឲ្យ​បាន​លឿន​។ ដូច្នេះ​លោក​សូម​ថ្លែងអំណរគុណ​អង្គភាព​ទាំងបី​ខាងលើ​ដែល​ជួយ​ជ្រោមជ្រែង​សហប្រតិបត្តិការ និង​ព្យាយាម​ទំនាក់ទំនង​ផ្សារភ្ជាប់​ជាមួយនឹង​សមាគម ( អ ម ត ឬ AMT)​ក្នុងការ​រួមចំណែក​អភិវឌ្ឍ​ធនធានមនុស្ស និង​ផ្សារភ្ជាប់​រវាង​និស្សិត​កម្ពុជា​-​ចិន ដែល​នេះ​គឺ​ស្រប​នឹង​គោលការណ៍​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​។

​តំណាង​ស្ថាប័ន​ទាំង​៣​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​បានបង្ហាញ​នូវ​ភាពសប្បាយ​រីករាយ​ក្នុងការ​ផ្សារភ្ជាប់​ទំនាក់​ទំនង និង​ចូលរួម​អភិវឌ្ឍ​ធនធានមនុស្ស​នៅ​កម្ពុជា ដែល​គម្រោង​បណ្ដុះបណ្ដាល​និស្សិត​កម្ពុជា​នៅ​ប្រទេស​ចិន​គឺជា​គម្រោង​សប្បុរសធម៌​មួយ​ដែល​ជួយ​ដល់​ប្រទេស​កម្ពុជា​ក្នុងការ​អភិវឌ្ឍ​ធនធានមនុស្ស​វ័យក្មេង​។

​សូមបញ្ជាក់ថា គិត​ត្រឹម​ឆ្នាំ​២០០៩ ដល់ ឆ្នាំ​២០១៨ មាន​និស្សិត​ទទួល​អាហារូបករណ៍​ទៅ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ បរិញ្ញាបត្រ​ជាន់ខ្ពស់ និង​បណ្ឌិត​ទៅ​សិក្សា​នៅ​ប្រទេស​ចិន​ក្រោម​ការសម្របសម្រួល​រប​ស់​គណៈកម្មាធិការ​បាន​ចំនួន​១៤១​នាក់ ក្នុងនោះ​បរិញ្ញាបត្រ​ចំនួន​៨៥​នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ចំនួន​៥៤​នាក់ និង​បណ្ឌិត​ចំនួន​២​នាក់​៕​B/