លោក ហ៊ុន ម៉ា​ណែ​ត​: ធ្វើជា​អ្នកនយោបាយ​សូមកុំ​ញុះញង់​ឲ្យ​ប្រជាពលរដ្ឋ​រើសអើង​គ្នា ឈ្លោះ​គ្នា​

817
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: លោក ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ធ្វើជា​អ្នកនយោបាយ​សូមកុំ​ញុះញង់​ឲ្យ​ប្រជាពលរដ្ឋ​រើសអើង​គ្នា ឈ្លោះ​គ្នា ធ្វើបាប​ប្រជាពលរដ្ឋ​ដែល​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា នៅក្រៅ​ប្រទេស កុំ​លើក​ប្រជាពលរដ្ឋ​ឲ្យ​ឈ្លោះ​គ្នា ធ្វើបាតុកម្ម​នៅក្រៅ​ប្រទេស​។ សូម​ប្រជាពលរដ្ឋ​បន្ត​ជឿទុកចិត្ត​សម្ដេច​តេ​ជោ ក្នុងការ​ដឹកនាំ​ប្រទេស​រក្សាសុខ​សន្តិភាព ហើយនឹង​យើង​រួមគ្នា​កសាង​ប្រទេស​បន្ថែមទៀត​។ ការ​ថ្លែង​នេះ នៅក្នុង​ពិធី​សម្ពោធ​ឆ្លង​ព្រះវិហារ និង​សមិទ្ធផល​នានា​ក្នុង​វត្ត​ម​ណិ​រតនា​រាម​(​ហៅ​វត្ត​ពាំ​រាំង​ក្រោម​) ស្ថិតក្នុង​ឃុំ​ពាម​រាំង ស្រុក​លើកដែក ខេត្តកណ្ដាល កាលពី​ថ្ងៃទី​៨ ខែកញ្ញា ឆ្នាំ ២០១៨​។​

​លោក​បន្តថា គោលនយោបាយ​ឈ្នះ​ឈ្នះ​របស់​សម្តេច​តេ​ជោ ហ៊ុនសែន ធ្វើ​ឲ្យ​ខ្មែរ​រួបរួមគ្នា បញ្ចប់សង្គ្រាម បញ្ឈប់​ការកាប់សម្លាប់​គ្នា ក៏​ដូច​គោលនយោបាយ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា គឺ​ធ្វើបុណ្យ​ជាមួយ​ប្រជាពលរដ្ឋ កសាង​សន្តិភាព កសាង​សមិទ្ធផល ដើម្បី​ប្រជាពលរដ្ឋ ប្រកាន់យក​គោលការណ៍​បង្រួបបង្រួម​គ្នា​ក្នុងនាម​ជា​ខ្មែរ ដែល​ធ្វើ​ឲ្យ​យើង​អាច​បញ្ចប់សង្គ្រាម​ក្នុង​រយៈ ពេល ៥០០​ឆ្នាំ​។ ដោយសារ​ប្រទេស​មាន​សុខសន្តិភាព ប្រជាពលរដ្ឋ​មាន​ជីវភាព​ធូរធារ ប្រជាពលរដ្ឋ​មាន​ទឹកចិត្ត​ចែករំលែក ទើប​យើង​មានឱកាស​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កសាង​សមិទ្ធផល​នានា​។ សូម​ប្រជាពលរដ្ឋ​ជឿទុកចិត្ត​ចុះ​ដរាបណា​សម្តេច​តេ​ជោ ហ៊ុន សែន ដឹកនាំ​ប្រទេស នឹង​បម្រើ​ប្រជាពលរដ្ឋ​និង​កសាង​ប្រទេស​ឲ្យ​មាន​ភាពសម្បូរ​សប្បាយ ព្រោះ​គោ​នយោបាយ​របស់​រាជរដ្ឋាភិបាល គឺ​អភិវឌ្ឍ​ប្រទេស​ឲ្យ​រីកចម្រើន គឺ​មានន័យថា ធ្វើ​ឲ្យ​ជីវភាព​ប្រជាពលរដ្ឋ​មានបាន មាន​សម​ទ្ធិ​ផល​លើ​គ្រប់​វិស័យ កូនចៅ​ប្រជាពលរដ្ឋ​មានឱកាស​រៀនសូត្រ មានឱកាស​មានការ​ងា​រ​ធ្វើ មន្ត្រីរាជការ​មាន​ប្រាក់បៀវត្ស​សមរម្យ មាន​សុខសន្តិភាព រីករាយ​ទាំង​ផ្លូវចិត្ត​ផ្លូវកាយ មាន​សេវាសាធារណ​ល្អ​។ នេះហើយ​គឺ​អ្វីដែល​រាជរដ្ឋាភិបាល​គឺ​សម្ដេច​តេ​ជោ​បានធ្វើ​។​

​លោក​ហ៊ុន ម៉ា​ណែ​ត បាន​លើកឡើងថា តើ​មាន​ថ្នាក់ដឹកនាំ​ណា​ម្នាក់ ដឹកនាំ​ប្រទេស​បង្រួបបង្រួម​ជាតិ ហើយ​អាច​បញ្ចប់សង្គ្រាម​៥០០​ឆ្នាំ នៅក្នុង​រយៈពេល​២០​ឆ្នាំ គឺ​យើង​បាន​រំដោះប្រទេស នៅក្នុង​ឆ្នាំ​១៩៧៩ ប៉ុន្តែ​នយោបាយ​ឈ្នះ​ឈ្នះ​របស់​សម្តេច​តេ​ជោ ធ្វើ​ឲ្យ​យើង​មាន​សុខសន្តិភាព​ពេញលេញ​នៅ​ឆ្នាំ​១៩៩៨ គិត​មកដល់​បច្ចុប្បន្ន​នេះ គឺមាន​រយៈពេល​២០​ឆ្នាំ​។ គ្រប់​កាលៈទេសៈ​សម្ដេច​បា​ន​យក​ជីវិត ដើម្បី​រំដោះ​ប្រទេសជាតិ​បង្រួបបង្រួម​ជាតិ និង​ជួយ​បម្រើប្រជាជន​។

​សូម​ថ្លែងអំណរគុណ​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​បាន​បោះឆ្នោត​ជូន​សម្ដេច​តេ​ជោ ហ៊ុន សែន ដឹកនាំ​ប្រទេស​ជា​បន្តទៀត​។ ការបោះឆ្នោត​នេះ គឺ​មិន​ខុស​ទេ គឺ​បោះឆ្នោត​ឲ្យ​ខ្លួនឯង​ឲ្យ​អនាគត​កូនចៅ និង​បន្ត​កសាង​ប្រទេស​ជា​បន្តទៀត​ជាមួយគ្នា​។ និង​សូម​ថ្លែងអំណរគុណ ចំពោះ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា និង​ផ្នែក​ដែល​ពាក់ព័ន្ធ​ដែល​បាន​ត្រៀម​បង្ការ និង​ជួយសង្គ្រោះ​ប្រជាពលរដ្ឋនៅក្នុង​គ្រោះទឹកជំនន់ និង​គ្រោះមហន្តរាយធម្មជាតិ​ផ្សេងៗ និង​បំរើសេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​។ ប្រជាពលរដ្ឋ​ជាង​៨៣​ភាគរយ​បាន​ទៅ​បោះឆ្នោត គឺជា​ការ​ទះកំផ្លៀង​មួយ​ធ្ងន់​ណាស់​ចំពោះ​អ្នកដឹកនាំ​នយោបាយ​ក្រៅប្រទេស ដែល​មុន​បោះឆ្នោត​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​កុំទៅ​បោះឆ្នោត ធ្វើពហិការ​ម្រាមដៃ​ស មិនតែប៉ុណ្ណោះ​បាន​គំរាមកំហែង មិន​ចូលរួម​បោះឆ្នោត ហៅ បរទេស​មក​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច ធ្វើ​ឲ្យ​កូនចៅ​ប្រជាពលរដ្ឋ​គ្មាន​ការងារ​ធ្វើ បំផុស​ប្រជាពលរដ្ឋ​ធ្វើបាតុកម្ម ប៉ុន្តែ​ទីបំផុត​ប្រជាពលរដ្ឋ ៧​លាន នាក់​បាន​ទៅ​បោះឆ្នោត ហើយ​បោះឆ្នោត​បានការ​បាន​យ៉ាងច្រើន​លើសលុប​។ នេះ​បង្ហាញថា​ប្រជាពលរដ្ឋ​បោះឆ្នោត​មិន​ចាំ​នរណា​ទេ ប្រជាព​រដ្ឋ​បោះឆ្នោត​ឲ្យ​អ្នកដឹកនាំ​ដែលមាន​គោលនយោបាយ​បម្រើ​ប្រជាពលរដ្ឋ ចង់បាន​សុខសន្តិភាព​។ នេះ​ដោយសារ​ប្រជាពលរដ្ឋ​យល់ច្បាស់​អំពី​គោលបំណង និង​ផលប្រយោជន៍ នៃ​សេចក្តីសុខ​របស់គាត់ ហើយ​បាន​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​លើសលុប​។ ជាក់ស្តែង​ក្រោយ​ការបោះឆ្នោត​ប្រជាពលរដ្ឋ​មាន​ភាពសប្បាយ​រីករាយ មានឱកាស​ធ្វើបុណ្យ​ទាន​រដូវ​ភ្ជុំបិណ្ឌ និង​យើង​បន្ត​កសាង​ទៅមុខទៀត​ដើម្បី​កូនចៅ​យើង​ជំនាន់​ក្រោយ​។ នេះហើយ​ដែល​ប្រជាពលរដ្ឋ​បោះឆ្នោត​មិន​ខុស​ទេ ប្រជាពលរដ្ឋ​បោះឆ្នោត​ដោយ​សុ​ឆន្ទ​: ចង់បាន​មេដឹកនាំ​ប្រទេស​ដែល​គ្រប់គ្រង​ប្រទេស​ដែលមាន​សុខសន្តិភាព មាន​ព្រហ្ម​វិហារធម៌​និង​ជួយ​ប្រជាពលរដ្ឋ​៕