លោក ហ៊ុន ម៉ា​ណែ​ត​: សិស្សានុសិស្ស​ត្រូវមាន​ស​ញ្ញាប​ត្រ និង​សញ្ញា​ឃើញ​

946
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: លោក ហ៊ុន ម៉ា​ណែ​ត ប្រធាន​គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស​និស្សិត​ក្រីក្រ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន បាន​ថ្លែងថា សិស្សានុសិស្ស​ត្រូវមាន​ស​ញ្ញាប​ត្រ និង​សញ្ញា​ឃើញ​។ សញ្ញាបត្រ​គឺជា​មូលដ្ឋាន​នៃ​ទ្រឹស្ដី និង​សញ្ញា​ឃើញ​គឺជា​សមត្ថភាព​នៃ​ការអនុវត្ត​ជាក់ស្ដែង​នៅក្នុង​ការងារ​។ នៅក្នុង​ជីវិត​យើង ត្រូវតែមាន​សញ្ញាប័ត្រ​ពីរ​នេះ​។ នៅក្នុង​ជំនាន់​ឪពុកម្ដាយ​យើង លោក​ពុំ​សូវ​មានឱកាស​សិក្សា​រៀនសូត្រ​នោះទេ ប៉ុន្តែ​លោក​មាន​សញ្ញា​ឃើញ​ច្រើន​។ ក្មួយៗ​សិស្សានុសិស្ស​នៅ​សម័យនេះ​ត្រូវតែ​ខិតខំ​សិក្សា​រៀនសូត្រ​ទាំង​ទ្រឹស្ដី និង​មាន​សមត្ថភាព​អនុវត្ត​ការងារ​ជាក់ស្តែង​។

​ការ​ថ្លែង​នេះ នៅក្នុង​ពិធី​ប្រគល់​វិញ្ញាបនបត្រ​បណ្តោះអាសន្ន​មធ្យមសិក្សា​បឋមភូមិ មធ្យមសិក្សា​ទុតិយភូមិ ប័ណ្ណសរសើរ និង​រង្វាន់​លើកទឹកចិត្ត​ជូន​សិស្ស​ពូកែ និង​គ្រូបង្រៀន​ឆ្នើម​នៃ​សាលា​អន្តរជាតិ​ភ្យូ​ឆឺ​រ​ប្រាយ Future Bright នៅ​ខេត្តសៀមរាប កាលពី​ព្រឹក​ថ្ងៃទី​០១ ខែធ្នូ ឆ្នាំ​២០១៨​។​

​លោក​ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់ថា ភាពជោគជ័យ​នៅថ្ងៃនេះ​បង្ហាញ​ពី​គុណភាព​នៃ​ការអប់រំ​និង​ការប្រកួតប្រជែង ដែល​នេះ​បង្ហាញ​ពី​សមត្ថភាព​និង​ការប្រឹងប្រែង​ពី​ផ្នែក​ដែល​ពាក់ព័ន្ធ គឺ ១-​ការយកចិត្តទុកដាក់​ពង្រឹងគុណភាព​របស់​សាលា ២-​ការខិតខំ​យកចិត្តទុកដាក់​បង្រៀន​របស់​លោកគ្រូ​អ្នកគ្រូ ៣-​ការខិតខំ​ប្រឹងប្រែង​រៀនសូត្រ​របស់​ក្មួយៗ និង​ការខិតខំ​ប្រឹងប្រែង​បីបាច់​ចិញ្ចឹម​ថែរក្សា​ក្មួយៗ សិស្ស​នុ​សិស្ស​របស់​ឪពុកម្ដាយ​។ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ពង្រឹងគុណភាព​នៃ​ការប្រឡង​ដើម្បី ទី​១-​ពង្រឹងគុណភាព អ្នក​ដែល​ជាប់​មាន​សមត្ថភាព ទី​២-​ផ្លាស់ប្ដូរ​ផ្នត់គំនិត​ក្មួយៗ​សិស្សានុសិស្ស​ឱ្យ​ពឹងផ្អែក និង​ជឿទុកចិត្ត​លើ​ខ្លួនឯង មិន​ពឹង​ផ្អែកលើ​អ្នកដទៃ​ក្នុងពេល​ប្រលង​។ ដូច្នេះ​ក្មួយៗ​សិស្សានុសិស្ស​ត្រូវខិតខំ​រៀនសូត្រ​ដោយ​ខ្លួនឯង និង​ចាប់យក​ជំនាញ​មួយ​ដែល​ច្បាស់លាស់​ដើម្បី​បន្ត​ការសិក្សា​នៅ​មហាវិទ្យាល័យ ហើយ​ត្រូវ​សម្រេចចិត្ត​រៀន​ឲ្យ​ចប់​ចុង​ចប់​ដើម ហើយ​មាន​សមត្ថភាព​ធ្វើការ​។ ក្មួយៗ​សិស្សានុសិស្ស​ត្រូវមាន​កា​រ​សម្រេចចិត្ត​និង​ការទទួលខុសត្រូវ​លើ​ជីវិត​ខ្លួនឯង​។ ព្រោះ​នៅ​ថ្ងៃ​អនាគត​ក្មួយៗ​នឹងមាន​គ្រួសារ មានកូន ដែល​ត្រូវ​ទទួលខុសត្រូវ​ដូច​ឪពុកម្ដាយ​យើង​កំពុងតែ​ធ្វើ​ដូច​សព្វថ្ងៃនេះ​។ ក្មួយៗ​មានឱកាស​ច្រើន​បើ​ប្រៀបធៀប​នឹង​ឱកាស​ឪពុកម្ដាយ​យើង ប៉ុន្តែ​ឱកាស​នៃ​ការ​ប្រឈម​ក៏មាន​ច្រើន​ដែរ​គឺមាន​ការប្រកួតប្រជែង​។ ដូច្នេះ​ក្មួយៗ​ត្រូវ​បង្កើន​សមត្ថភាព​ដើម្បី​ប្រកួតប្រជែង ហើយ​ត្រូវ​រៀន​ពី​ឥឡូវ​ទៅ ក្មួយៗ​នឹង​រីកចម្រើន ហើយ​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​អនាគត​ខ្លួនឯង​។​

​លោក​ហ៊ុន ម៉ា​ណែ​ត បាន​លើកឡើងថា ប្រទេស​យើង​បាន​រួច​ផុតពី​សង្គ្រាម យើង​មានឱកាស​បង្ហាញ​នូវ​ភាព​រីកចម្រើន បង្ហាញ​អរិយធម៌​វប្បធម៌​នៅលើ​ឆាក​អន្តជាតិ​។ ជាក់ស្តែង ល្ខោនខោល​ត្រូវ បានដាក់ បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​អរូបី​នៃ​មនុស្សជាតិ​របស់​អង្គការ​យូណេស្កូ​។ ដែល​ពី​អតីតកាល​គេ​មិនបាន​ស្គាល់​កម្ពុជា​នោះទេ​។ ប៉ុន្តែ​នាពេល​បច្ចុប្បន្ននេះ​យើង​ជោគជ័យ​ណាស់ ហើយ​យើង​ជឿជាក់ថា​ខ្មែរ​ធ្វើបាន ព្រោះ​ខ្មែរ​គឺជា​ពូជ​កសាង​អង្គរ​ដែលមាន​ការកោតសរសើ​រ​រាប់​ទសវត្សរ៍​មកហើយ​។ ដូច្នេះ​យើង​ត្រូវ​រួមគ្នា​កសាង​បន្ថែមទៀត​៕ ល​