លោក ហ៊ុន ម៉ា​ណែ​ត​ ៖ លោកគ្រូ អ្នកគ្រូ គឺជា​សេដ្ឋី​ចិត្តបុណ្យ​នៃ​កេ​រ្ត៍​ឈ្មោះ​ដែលមាន​ទ្រព្យសម្បត្តិ​មហាសាល​នោះ​គឺ ចំណេះដឹង សីលធម៌ គុណធម៌​

340

ដោយ : គូលែន / សៀម​រាប ៖ ​លោក ហ៊ុន ម៉ា​ណេ​ត បាន​លើកឡើងថា លោកគ្រូ អ្នកគ្រូ​គឺជា​ឪពុកម្តាយ​ទី​២​ដែល​ចូលរួម​បង្កើត​ចំណេះដឹង បទពិសោធន៍ កម្លាំងកាយ​ចិត្ត សីលធម៌ គុណធម៌​ដើម្បីឱ្យ​មនុស្ស​ម្នាក់​ពេញលក្ខណៈ​។ លោកគ្រូ អ្នកគ្រូ គឺជា​សេដ្ឋី​ចិត្តបុណ្យ​នៃ​កេ​រ្ត៍​ឈ្មោះ​ដែលមាន​ទ្រព្យសម្បត្តិ​មហាសាល​នោះ​គឺ ចំណេះដឹង សីលធម៌ គុណធម៌ ដែល​ទ្រព្យសម្បត្តិ​ដ៍​មានតម្លៃ​នេះ​លោកគ្រូ អ្នកគ្រូ​ចែករំលែក​ទៅដល់​សិស្ស​រាប់រយ រាប់ពាន់នាក់​ឱ្យក្លាយ​ជាម​នុ្ស​ដែលមាន​ចំណេះដឹង សីលធម៌ គុណធម៌​ដែល​ទ្រព្យសម្បត្តិ មិនមាន​នរណា​អាច​លួច​ឆក់​ប្លន់​បានទេ​។ លោកគ្រូ អ្នកគ្រូ កសាង​មនុស្ស​ឱ្យមាន​ចំណេះដឹង សីលធម៌ គុណធម៌ ខុសពី​ការបង្កើត​ទូរស័ព្ទ​មួយគ្រឿង ម៉ូតូ​មួយ​ន​គ្រឿង រថយន្ត​មួយគ្រឿង យន្តហោះ​មួយគ្រឿង ព្រោះថា​ទាំងអស់នេះ​អាច​ប្រើ​ប្រើប្រាស់​តែ​ក្នុង​កម្រិត​មួយ​ដែល​គេ​បង្កើត​ទេ មិនអាច​បង្កើត​មនុស្ស​ឱ្យ​ចេះដឹង​បន្ថែម​បានទេ ប៉ុន្តែ​មនុស្ស​មាន​ខួរក្បាល បទពិសោធន៍ និង​ទស្សនៈ​កាន់​រីកចម្រើន​បន្ថែម នេះហើយ​ដែល​ទ្រព្យសម្បត្តិ​លោកគ្រូ អ្នកគ្រូ​បង្កើត​សេដ្ឋី​ចំណេះដឹង សីលធម៌ គុណធម៌​បន្ថែមទៀត​។

​ការ​ថ្លែង​នេះ បាន​ធ្វើឡើង​ខណៈដែល​លោក ហ៊ុន ម៉ា​ណែ​ត​អញ្ជើញ​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ លោកគ្រូ អ្នកគ្រូ និង​គរុ​សិស្ស  ក្នុង​ក្រុង​សៀមរាប កាលពីរសៀល​ថ្ងៃទី​១៧ ឧសភា ២០១៨ ។​

​លោក​បន្តថា ការកសាង​ប្រទេស​មកដល់​ម៉ោង​នេះ យើង​ពិត​ជាមាន​មោទនភាព​ណាស់​បើទោះបី​ប្រទេស​យើង​បានទទួល​សុខសន្តិភាព​ក្រោយ​គេ ជា​ប្រទេស​នៅក្នុង​តំបន់​ដែល​ពីមុន​យើង​ធ្លាប់តែ​នាំមុខគេ​។ ប៉ុន្តែ​ដោយសារ​យើង​ជួបប្រទះ​នូវ​សង្គ្រាម នៅ​ឆ្នាំ​១៩៧០​រហូតដល់​ឆ្នាំ​១៩៧៩ ធនធានមនុស្ស​បាន​បាត់បង់​ភាគច្រើន​ហើយ​កសាង​ប្រទេស​ឡើងវិញ​ពី​បាតដៃ​ទទេ ហើយ​យើង​ទទួល​សុខសន្តិភាព​នៅ​ឆ្នាំ​១៩៩៨ ដែល​យើង​មានឱកាស​កសាងឡើង​វិញ​ក្នុង​រយៈពេល​តែ​ជាង​២០​ឆ្នាំ​ទេ​។ យើង​ខំប្រឹង​រត់​រហូត​នាំមុខ​ប្រទេស​មួយចំនួន​ហើយ​ទទួលបាន​ចំណាត់ថ្នាក់​លេខ​៧​ក្នុងចំណោម​ប្រទេស​១៧៤​នៅលើ​ពិភពលោក​ជា​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​រត់លឿន​ជាងគេ​ហើយ​ជាប់​ចំណាត់ថ្នាក់​លេខ​៤​នៅ​ល​ពិភពលោក​ជា​ប្រទេស​កាត់បន្ថយ​ភាពក្រីក្រ​លឿន​ជាងគេ​។ នេះ​គឺជា​មោទនភាព​របស់​យើង ដែល​បច្ចុប្បន្ននេះ​កម្ពុជា​ប្លែក​ពីមុន យើង​មាន​អាគារ​ខ្ពស់ៗ​ច្រើន ជីវភាព ធូ​ធារ​ជាង​មុន ទេសចរណ៍​រាប់លាន​នាក់​ស្គាល់​កម្ពុជា​តាមរយៈ​ការស្ទង់មតិ​ទេសចរណ៍​នៅលើ​ពិភពលោក ដែល​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ​១​ជា​កន្លែង​ល្អ​ជាងគេ​នៅលើ​ពិភពលោក​។​

​លោក ហ៊ុន ម៉ា​ណែ​ត បញ្ជាក់ថា អនាគតកាល​គឺ​ផ្អែកលើ​លំនឹង​សុខសន្តិភាព លំនឹង​ស្ថិរភាព ទិសដៅ​ផែនការ និង​គោលនយោបាយ​ច្បាស់លាស់ និង​ចក្ខុវិស័យ​វែងឆ្ងាយ​។ និរន្តរភាព​នៃ​សន្តិភាព ស្ថេរភាព និរន្តរភាព​នៃ​ការដឹកនាំ​នេះ​សំខាន់​ណាស់​ព្រោះ​និរន្តរភាព​ទាំងនេះ​នឹង​ធានា​ដល់​និរន្តរភាព​ផ្សេងទៀត​។ អ្វីដែល​យើង​មាន​សព្វថ្ងៃនេះ​គឺជា​មោទនភាព ប៉ុន្តែ​ដែល​សំខាន់​ជាង​នេះ​គឺ​បន្ត​និរន្តរភាព រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន គឺមាន​ធនធានមនុស្ស​ដែលមាន​បទពិសោធន៍​គ្រប់គ្រាន់​ក្នុងការ​ដឹកនាំ​ប្រទេស ក្នុងការ​ថែរក្សា​សុខសន្តិភាព ស្ថេរភាព​និង​មាន​គោលនយោបាយ​ច្បាស់លាស់ សូម​លោកគ្រូ អ្នកគ្រូ បន្ត​ជឿទុកចិត្ត​ចំពោះ​ការដឹកនាំ​របស់​រាជរ​ដ្ឋា​ភិ​បាល​ដែលមាន​សម្តេច ហ៊ុន សែន ដឹកនាំ​៕B/MN