លោក ហ៊ុន ម៉ា​ណែ​ត : ក្បាច់គុន​ខ្មែរ​នឹងដាក់​បញ្ចូល​ទៅក្នុង​ការប្រកួត​ស៊ី​ហ្គេម​នឹង​សុំ​ចុះឈ្មោះ​ជា​បេតិកភណ្ឌ​អរូបី​យ

854
ចែករម្លែក

ដោយៈ មុនី​រ័ត្ន​
​ភ្នំពេញៈ
លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក និង​ជា​អនុប្រធាន​គណៈកម្មការ​រៀបចំ​សៀវភៅ​ក្បាច់គុន​កងយោធពល​ខេមរភូមិន្ទ បាន​ថ្លែងថា សៀវភៅ​ក្បាច់គុណ​ខ្មែ​នេះ មាន​លក្ខណៈពិសេស​មួយ​វា​មិនមែន​គ្រាន់តែ​ជា​ឯកសារ​សម្រាប់​កងយោធពល​ខេមរភូមិន្ទ​ហ្វឹកហ្វឺន​នោះទេ​។ ឯកសារ​ក្បាច់គុន​នេះ គឺជា​របស់​ខ្មែរ​ដែល​បុព្វបុរស​ខ្មែរ​យើង​បាន​ចងក្រង​បង្កើតឡើង​។ សៀវភៅ​ក្បាច់គុន​នេះ ត្រូវបាន​ចងក្រង​និង​រៀបចំ​ឡើងវិញ​ដោយ​កូន​ខ្មែរ​សុទ្ធ និង​រៀបចំ​ដាក់ចូល​ទៅក្នុង​កម្មវិធី​ហ្វឹកហ្វឺន​កងយោធពល​ខេមរភូមិន្ទ​នេះ គឺជា​មោទនភាព​របស់​ជាតិខ្មែរ​។​

​ការ​ថ្លែង​នេះ ក្នុង​ពិធី​បើក​សិក្ខាសាលា​ប្រកាស​ឲ្យ​ប្រើប្រាស់ និង​ផ្សព្វផ្សាយ​សៀវភៅ​ក្បាច់គុន​កងយោធពល​ខេមរភូមិន្ទ នៅ​កងពលតូច​ថ្មើរជើង​លេខ ៧០ នៅ​ព្រឹក​ថ្ងៃទី​០៦ ខែមិថុនា ឆ្នាំ​២០១៩ នេះ​។​

​លោក​បាន​បញ្ជាក់ថា នៅ​ថ្ងៃ​អនាគត​ក្បាច់គុន​ខ្មែរ នឹងដាក់​បញ្ចូល​ទៅក្នុង​ការប្រកួត​ស៊ី​ហ្គេម​នឹង​សុំ​ចុះឈ្មោះ​ជា​បេតិកភណ្ឌ​អរូបី​របស់​កម្ពុជា​។ សមិទ្ធិផល​ដ៏​មាន​សារសំខាន់​នេះ បាន​កើតឡើង​ក្រោម​ចក្ខុវិស័យ​ប្រកបដោយ​គតិបណ្ឌិត​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី សម្ដេច​ធ្លាប់​បានប្រកាស​ជា​សាធារណៈ​ក្នុង​កម្ម​វ​ធី​បើក​អង្គរ​សង្ក្រាន្ត​នៅ​ខេត្តសៀមរាប ដោយ​ឲ្យ​ដាក់បញ្ចូល​កម្មវិធី​ក្បាច់គុន​ខ្មែរ​ទៅក្នុង​ការហ្វឹកហាត់​កង​យោធពលខេមរភូមិន្ទ មាន​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​។ ​ក្រសួងការពារជាតិ​សហការ​ជាមួយនឹង​សហព័ន្ធ​ក្បាច់គុន​ខ្មែរ​និង​សហព័ន្ធ​កីឡា​ក្បាច់គុណ​ល្បុក្កតោ ចងក្រង​ឯកសារ​សម្រាប់​ហ្វឹកហ្វឺន​ដល់​កង​ខេមរភូមិន្ទ​។ កងយោធពល​ខេមរភូមិន្ទ​ទាំងអស់ គ្រប់​កងឯកភាព​ត្រូវ​ទៅ​ហ្វឹកហាត់​ក្បាច់គុន​ខ្មែរ​ជា​មូលដ្ឋាន ហើយ​ជាការ​ថែរក្សា​ការពារ​ក្បាច់គុន​ខ្មែរ​និង​បង្កើន​កេរ្តិ៍ឈ្មោះ​ក្បាច់គុន​ខ្មែរ ឲ្យ​កាន់តែ​ល្បី​រន្ទឺ​លើ​ពិភពលោក​។ ថ្ងៃ​អនាគត​កម្លាំង​នគរបាលជាតិ​និង​បញ្ចូល​កម្មវិធី​ហ្វឹកហ្វឺន​ក្បាច់គុន​ខ្មែរ​ផងដែរ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់ថា “​យើង​បាន​ប្រើ​រយៈពេល ២​ឆ្នាំ ៦​ខែ ដើម្បី​ស្រាវជ្រាវ​ចងក្រង ប្រកបដោយ​ការខិតខំ​ប្រឹ​ង្រែ​ង និង​ស្មារតី​លះបង់​ខ្ពស់​ចំពោះ​ការរៀបចំ​ឯកសារ​ដែល​មានតម្លៃ​ជា​ប្រវត្តិសាស្ត្រ​នេះ​។ សម្រាប់​កងយោធពល​ខេមរភូមិន្ទ​ការហ្វឹកហាត់​ក្បាច់គុន គឺ​ដើម្បី​ពង្រឹងសមត្ថភាព ប្រើប្រាស់​យុទ្ធវិធី រួមផ្សំ​ជាមួយ​ក្បាច់គុន​ក្នុងការ​បំពេញភារកិច្ច​ការពារ​ឯករាជ្យ អធិបតេយ្យ និង​បូរណភាព​ទឹកដី​សាក​សមជា​ឆ្អឹង​កង​ដ៏​រឹងមាំ​ខឿន​ការពារជាតិ​។ ការប្រើប្រាស់​ក្បាច់គុន​ក្នុង​ជួរ​កងទ័ព​នេះ គឺជា​ភាពចាំបាច់ និង​ជា​អាទិភាព​ក្នុងចំណោម​អាទិភាព​ផ្សេងៗ​ទៀត​។ ដូច្នេះ​ការហ្វឹកហ្វឺន​ក្បាច់គុន គឺជា​វិធីសាស្ត្រ​មួយ​ដែលមាន​ប្រសិទ្ធភាព​ក្នុងការ​កសាង​គុណភាព​ផ្លូវកាយ ផ្លូវចិត្ត និង​យុទ្ធវិធី​ប្រយុទ្ធ​របស់​យោធិន​ប្រកបដោយ​លក្ខណៈ​បច្ចេកទេស និង​គុណ​យ​តម្លៃ​”​។

​សូម​រម្លឹកថា ពិធី​ចុះ​អនុស្សរណ​: នៃ​ការយោគយល់​ស្តីពី​កិច្ចសហការ​រៀបចំ​ចងក្រង និង​បណ្តុះបណ្តាល​ក្បាច់គុន​កងយោធពល​ខេមរភូមិន្ទ រវាង​គណៈកម្មការ​រៀប​ចំ​ក្បាច់គុន​នៃ​កងយោធពល​ខេ​មរ ភូមិន្ទ​របស់​ក្រសួងការពារជាតិ សហព័ន្ធ​កីឡា​ល្បុក្កតោ​កម្ពុជា សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា និង​សហព័ន្ធ​យុទ្ធ​ក្រម​ខម បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៦​។ ហើយ​កាលពី​ឆ្នាំ​២០១៧ កងយោធពល​ខេរ​ភូមិន្ទ បាន​បង្កើត​ក្រុមការងារ​មួយ​ដើម្បី​សិក្សា​ស្រាវជ្រាវ និង​ចងក្រង​ឯកសារ​ស្ដីពី​ក្បាច់គុន​ទាំង​៣ ដែលមាន​ល្បុក្កតោ ប្រដាល់ និង យុទ្ធ​គុនខម ដែល​នៅពេល​សំយោគ​រួច​មាន​ការបើក​សិក្ខាសាលា​ដើម្បី​ជជែក​វែកញែក ធ្វើយ៉ាងណា​ឱ្យ​ក្បាច់គុន​ដែល​ត្រូវ​បញ្ចូល​ក្នុង​កម្មវិធី​ហ្វឹកហាត់​របស់​កងទ័ព កាន់​តែមាន​ភាពរលូន និង​មាន​ប្រសិទ្ធភាព​កាន់តែខ្លាំង​៕