លោក ហ៊ុន ម៉ា​ណែ​ត សូមឱ្យ​យុវជន​បន្ត​គាំទ្រ​សម្តេច​តេ​ជោ​ដឹកនាំ​ប្រទេស ដើម្បី​បន្ត​និរន្តរភាព សុខសន្តិភាព

905
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញៈ លោក​ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា “​ប្រទេស​របស់​យើង​មកដល់​ម៉ោង​នេះ គឺ​ពឹង​ផ្អែកលើ​យុវជន​ដែលជា​សសរទ្រូង​របស់​ប្រទេសជាតិ ជា​កម្លាំង​ស្នូល ព្រោះថា​យុវជន​នៅ​ជំនាន់​នេះ នឹង​ក្លាយជា​អ្នកដឹកនាំ​នៅ​រយៈពេល​ពេល​២០​ឆ្នាំក្រោយ នឹង​ក្លាយជា​អ្នកដឹកនាំ​គ្រប់​ស្ថាប័ន ក្លាយជា​មេ​គ្រួសារ ដូច្នេះ​ទាមទារ​នូវ​ការទទួលខុសត្រូវ សមត្ថភាព និង​កត្តា​ធ្វើឱ្យ​យើង​ជោគជ័យ​ជាច្រើន​ទៀត​។ យុវជន​នឹង​ហើយ ជា​កម្លាំង​ប្រមូលផ្តុំ​និង​ជា​កម្លាំង​បន្តវេន​នៅក្នុង​ចូលរួម​ដឹកនាំ​ប្រទេស​ឱ្យមាន​ភាព​រីកចម្រើន​”​។​

​ការ​ថ្លែង​នេះ ក្នុង​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល “​កម្មវិធី​អភិវឌ្ឍន៍​ភាពជា​អ្នកដឹកនាំ​នយោបាយ​” វគ្គ​២​ដល់​យុវជន​ខេត្ត​ត្បូងឃ្មុំ កាលពី​ថ្ងៃទី​០១ ខែមិថុនា ឆ្នាំ​២០១៨​។​

​លោក​បន្តថា “​មកដល់ពេលនេះ ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដឹកនាំ​ដោយ​បក្ស​តែមួយ​មែន ប៉ុន្តែ​ឈាម​នៅ​ខាងក្នុង​យើង​បានធ្វើ​ឱ្យមាន​និរន្ត​ភាព និង​ការផ្លាស់ប្តូរ​រីកចម្រើន​គ្រប់​ជំនាន់ និង​បង្ក​លទ្ធភាព​ឱ្យ​យុវជន​ជំនាន់​ក្រោយ​ចូលរួម​ដឹកនាំ​នៅ​គ្រប់​ស្ថាប័ន​។ យុវជន​ជំនាន់​មុន​បាន រំដោះ​ប្រទេសជាតិ បញ្ចប់សង្គ្រាម ដឹកនាំ​ប្រទេស កសាង​ផែនការ នយោបាយ ដឹកនាំ​អនុវត្ត​គោលនយោបាយ ក្រោម​ការដឹកនាំ​របស់​យុវជន​ជំនាន់​ឪពុកម្តាយ​យើង ហើយ​បាន​បង្ក​លទ្ធភាព​ដល់​យុវជន​ជំនាន់​ក្រោយ​ឱ្យ​ចូលរួម​ដឹកនាំ ក្នុងការ​ជម្រុញ​ប្រទេសជាតិ​ឱ្យ​ទៅមុខទៀត​។ អញ្ចឹង​ហើយ ធនធានមនុស្ស​របស់​យើង​មាន​សារសំខាន់​ណាស់​។ ដូច្នេះ​យើង​និយាយ​ពី​អនាគត​យើង​ត្រូវតែមាន​យុវជន​ចូលរួម​ដឹកនាំ​អភិវឌ្ឍ​ប្រទេស ជាមួយ​យុវជន​ជំនាន់​ឪពុកម្តាយ​យើង ជំនាន់​បងៗ​យើង ដើម្បី​ដឹកនាំ​បន្តទៀត ប៉ុន្តែ​អ្វីដែល​សំខាន់​នោះ​ត្រូវ​អភិវឌ្ឍ​ធនធានមនុស្ស​ជំនាន់​យើង ជំនាន់​ប្អូន​យើង ជំនាន់​កូនចៅ​យើង​ឱ្យ​កាន់តែខ្លាំង ព្រោះថា ដរាបណា​ពលរដ្ឋ​កាន់​តែ​ខ្លាំង ធនធានមនុស្ស​យើង​កាន់តែខ្លាំង នោះ​ហើយ​ដែល​ធ្វើឱ្យ​ខ្មែរ​យើង​កាន់តែខ្លាំង​”​។​

លោក​ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់ថា “​បើ​ចង់​ក្លាយជា​កម្លាំង​ស្នូល​របស់​ប្រទេស ជា​ធនធានមនុស្ស​ដ៏​សំខាន់ ដើម្បី​ចូ​លួ​ម​អភិវឌ្ឍ​ប្រទេសជាតិ យុវជន​ត្រូវមាន​លក្ខណៈសម្បត្តិ​សំខាន់​០៣​យ៉ាង ក្នុងចំណោម​លក្ខណៈសម្បត្តិ​ផ្សេងទៀត គឺ សមត្ថភាព សីលធម៌ គុណធម៌ និង​ការទទួលខុសត្រូវ​។ ប្រទេស​យើង​ត្រូវការ​ធនធានមនុស្ស​ដែលមាន ជំនាញ សមត្ថភាព​ពិតប្រាកដ​ក្នុ្ង​ង​ការចូលរួម​អភិវឌ្ឍ​គ្រប់​វិស័យ​។ យុវជន​មាន​ជម្រើស​ច្រើន អាច​សិក្សា​ជំនាញ​ជាច្រើន​ព្រោះថា សមត្ថភាព​មិនចាំបាច់​រៀន​ដល់​មហាវិទ្យាល័យ​នោះទេ ឱ្យ​តែមាន​ជំនាញ ចំណេះដឹង ពិតប្រាកដ​។ យុវជន​មាន​ជំនាញ មាន​សមត្ថភាព​ហើយ​មិនទាន់​គ្រប់គ្រាន់​នោះទេ គឺ​ត្រូវមាន​សីលធម៌ គុណធម៌ ព្រោះថា ការដឹកនាំ​ប្រទេស ឬ​ការចូលរួម​ក្នុង​សកម្មភាព​អ្វីមួយ មាន​សមត្ថភាព​ហើយ ប៉ុន្តែ​មិន​ធ្វើ​ទៅតាម​ក្រិត​ក្រមសីលធម៌ គុណធម៌ នោះទេ នឹង​ធ្វើឱ្យ​បាត់បង់​ផលប្រយោជន៍​ជាតិ និង​មានការ​លំបាក​នៅក្នុង​កា​រដឹក​នាំ​ប្រទេស និង​នៅក្នុង​ការរស់នៅ​។ មួយទៀត​គឺ​ការទទួលខុសត្រូវ បើ​គ្មាន​ការទទួលខុសត្រូវ​នឹងមាន​ភាព​រញ៉េរញ៉ៃ និង​គ្មាន​ភាពជា​អ្នកដឹកនាំ​។ លក្ខណៈសម្បត្តិ​ទាំង​០៣​នេះ​គឺ​ទាក់ទង​គ្រប់​ទិដ្ឋភាព​ទាំងអស់​ទាំង​ការរស់នៅ ទាំង​ការធ្វើការងារ និង​ទាំង​ការធ្វើ​នយោបាយ​”​។

​លោក​បាន​លើកឡើងថា “​អ្វី​ទៅជា​ភាព​អ្នកដឹកនាំ​នយោបាយ​? គឺ​សមត្ថភាព​ក្នុងការ​ចូលរួម​ធ្វើ​នយោបាយ​ដែលមាន​គោលដៅ​ច្បាស់លាស់ គឺ​ការវិភាគ ការកំណត់ និង​ការទទួលខុសត្រូវ​។ ទី​២ គឺ​សីលធម៌ គុណធម៌​នយោបាយ ទាំង​ក្នុងការ​និយាយស្តី ទាំង​ក្នុង​សកម្មភាព ផ្អែកទៅលើ​សច្ចភាព​និង​សាមគ្គីភាព បញ្ចៀស​ផុត​អ្វី​ដែលជា​អសីលធម៌​ដែល​ធ្វើឱ្យប៉ះពាល់​ដល់​សង្គមជាតិ ប៉ះពាល់​ដល់​ប្រជាជន​ដូច​របប​ប៉ុលពត ឬ​ធ្វើឱ្យ​ខ្មែរ​ញុះញុង​គ្នា បែកបាក់​គ្នា​។ បើ​យើង​មាន​ព្រំដែន មាន​សមត្ថភាព​នយោបាយ មានការ​វិភាគ​ច្បាស់លាស់ ការបញ្ចេញមតិ​មាន​ហេតុផល​ត្រឹមត្រូវ នោះ​យើង​នឹង​ទទួលបាន​ជោគជ័យ ព្រោះថា​ប្រជាពលរដ្ឋ​ខ្មែរ​មិន​ចូលចិត្ត​ឈ្លោះ​នោះទេ គឺ​ត្រូវ​ការវិភាគ​ហេតុផល​។ ក្នុងនាម​ជា​អ្នកនយោបាយ ការទទួលខុសត្រូវ សីលធម៌ គុណធម៌ នេះហើយ​គឺជា​តម្លៃ គឺជា​ភាពជឿជាក់​ពី​អ្នកដទៃ និង​ជាការ​ធានាបាន​និរន្ត​ភាព​នៃ​ការធ្វើ​នយោបាយ​”​។ ការប្រកួតប្រជែង និង​ការ ចូលរួម​សំខាន់​ណាស់​សម្រាប់​យុវជន​របស់​យើង ព្រោះថា​យើង​កសាង​ប្រទេស​រីកចម្រើន​បាន​ប៉ុណ្ណេះ​ហើយ យើង​ត្រូវការ​អភិវឌ្ឍ​ទៅមុខទៀត​។ អ្វីដែល​សំខាន់​នោះ​គឺ​សមត្ថភាព សីលធម៌ គុណធម៌ និង​ម​ហិ​ច្ច​តា​ដែល​ធ្វើឱ្យ​ខ្លួន​យើង​វិ​វ​ឌ្ឍ ព្រោះ​ខ្លួន​យើង​វិ​វ​ឌ្ឍ ធ្វើឱ្យ​គ្រួសារ​វិ​វ​ឌ្ឍ ស្ថាប័ន​និង​ប្រទេសជាតិ​យើង​វិ​វ​ឌ្ឍ​។ បើ​យើង​ធ្វើបាន យើង​ជួយ​បាន​០២​គឺ​យើង​ជួយ​ទាំង​បច្ចុប្បន្ន​និង​ជួយ​ទាំង​អនាគត​។ ជួយ​បច្ចុប្បន្ន​គឺ​ជួយ​ខ្លួន​យើង​ឱ្យបាន​ជោគជ័យ​ដោយ​មិន​ប៉ះពាល់​ដល់​អ្នកដទៃ និង​សង្គម​នាពេល​បច្ចុប្បន្ន​។ ជួយ​អនាគត​គឺ​យើង​ជួយ​បង្កើត​ប្រព័ន្ធ​សង្គម​មួយ​សម្រាប់​កូនចៅ​យើង​ដែល​ផ្អែកទៅលើ​សមត្ថភាព សីលធម៌ គុណធម៌ និង​ការវិវឌ្ឍ​ទៅមុខទៀត​។ ការធ្វើឱ្យ​ប្រព័ន្ធ​មួយ​នេះ​ល្អ នឹង​ក្លាយជា​ទម្លាប់ ហើយ​ទម្លាប់​នឹង​ក្លាយជា​ផ្នត់គំនិត​សម្រាប់​យុវជន​ជំនាន់​ក្រោយ​។​

​លោក​ហ៊ុន ម៉ា​ណែ​ត បាន​អះអាងថា “​រាជ​រដ្ឋ​ភិ​បាល​បច្ចុប្បន្ន​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា បាន​បង្កើត​គោលនយោបាយ​និង​ឱកាស​ច្រើនណាស់​សម្រាប់​យុវជន ជា​គណបក្ស​ដែលមាន​ស្នាដៃ​ច្រើនជាងគេ​នៅក្នុង​អតីតកាល មាន​សមត្ថភាព​ដឹកនាំ​ប្រទេស​នាពេល​បច្ចុប្បន្ន និង​ជា​គណបក្ស​តែមួយគត់​មាន​សមត្ថភាព​ធានា​និរន្ត​ភាព​ក្នុងការ​ដឹកនាំ​នៅពេល​អនាគត​។ អនាគត​សំខាន់​ណាស់ ព្រោះ​អាស្រ័យ​លើ​លំនឹង​និង​ស្ថេរភាព​នៃ​ការដឹកនាំ​។ សូម​អរគុណ​យុវជន​ដែល​បាន​ជឿជាក់ គាំទ្រ​សម្តេច​តេ​ជោ ហ៊ុន សែន ក្នុងការ​ដឹកនាំ​ប្រទេស​នាពេល​កន្លងមក និង​សូមឱ្យ​យុវជន​បន្ត​គាំទ្រ​សម្តេច​តេ​ជោ ហ៊ុន សែន ឱ្យមាន​លទ្ធភាព​ដឹកនាំ​ប្រទេស ដើម្បី​បន្ត​និរន្ត​ភាព លំនឹង​សុខសន្តិភាព និង​អភិវឌ្ឍ​ប្រទេស​ឱ្យ​រីករាយ​ទៅមុខទៀត​”៕ ល​