លោក ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​វិលត្រឡប់​មកពី​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន​

1265
ចែករម្លែក

​ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត នាយរង​សេនាធិការ​ចំរុះ នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការរង​កងទ័ព​ជើងគោក បាន​អញ្ជើញ​វិលត្រឡប់​មកពី​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន​វិញ​ហើយ នៅ​រសៀល​ថ្ងៃទី​២៩ ខែមេសា នេះ​។​

​លោក​ហ៊ុន ម៉ា​ណែ​ត បាន​បំពេញ​ទស្សនកិច្ច​នៅ​ជប៉ុន រយៈពេល​៥​ថ្ងៃ​នៅក្នុង​ប្រទេស​ជប៉ុន ចាប់​ថ្ងៃទី​២៤ ដល់​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០១៨ លោក ហ៊ុន ម៉ា​ណែ​ត បាន​អញ្ជើញ​ចូលជួប​សម្តែង​ការគួរសម ជាមួយ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​ជប៉ុន ក្រសួងការបរទេស ក្រសួងការពារជាតិ កង​ស្វ័យការពារ និង​គណបក្ស​ប្រជាធិបតេយ្យ​សេរី ព្រមទាំង​ជួបពិភាក្សា​ការងារ​ជាមួយ​ឥស្សរជន និង​សមាជិកសភា​របស់​ជប៉ុន​មួយចំនួនទៀត​ផងដែរ ។​

​សូមជម្រាបថា នៅ​ថ្ងៃទី ២៥ ខែមេសា ឆ្នាំ​២០១៨ លោក កា​ហ្សូ​យូគី ណា​កា​ណេ (Kazuyuki Nakane) អនុរដ្ឋមន្ត្រី​ការបរទេស​ជប៉ុន បានរៀបចំ​អាហារ​ពេល​ល្ងាច​ដើម្បី​ពិភាក្សា​ការងារ និង​ស្វាគមន៍​ដំណើរ​មកដល់​របស់លោក ហ៊ុន ម៉ា​ណែ​ត យ៉ាង​រាក់ទាក់​ស្និត​ស្នាល ។ ក្នុងឱកាស​នោះ​អនុរដ្ឋមន្ត្រី​បាន​សម្តែង​នូវ​ក្តី​សោម​ន្ស​រីករាយ​ស្វាគមន៍​នូវ​ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន ម៉ា​ណែ​ត នៅ​ប្រទេស​ជប៉ុន​ពេលនេះ និង​ចង់ឃើញ​នូវ​ចំណង​សាមគ្គីភាព​កាន់តែ​ជិតស្និត​រវាង​ប្រទេស​ទាំងពីរ​។

​នៅ​ថ្ងៃទី ២៦ ខែមេសា ឆ្នាំ​២០១៨ លោក ហ៊ុន ម៉ា​ណែ​ត បាន​ចូលជួប​សម្ដែង​ការគួរសម​ជាមួយ​ឯកឧត្តម ស៊ីន​ហ្សូ អា​បេ (Shinzō Abe) នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ជប៉ុន នា​ទីស្តីការ​នាយករដ្ឋមន្ត្រី​។​

​នៅ​ព្រឹក​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០១៨ នៅ​សភា​ជប៉ុន លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត នាយរង​សេនាធិការ​ចំរុះ នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការរង​កងទ័ព​ជើងគោក បាន​ជួបពិភាក្សា​ការងារ​ជាមួយ​ក្រុម​សមាជិក​អន្តរ​សភា​មិត្តភាព​ជប៉ុន (IC Parliamentary Friendship Group) ដែល​ដឹកនាំ​ដោយ​លោក ហ្វ៊ូ​ជីតា យូគី​ហ៊ី​សា Yukihisa Fujita នាយក​គណៈកម្មការ​កិច្ចការបរទេស និង​ការពារជាតិ និង​លោក ស៊ីន​ហ្កូ មី​យ៉ា​កិ Shingo Miyake ប្រធាន​គណៈកម្មការ​កិច្ចការបរទេស និង​ការពារជាតិ​។​

​ថ្ងៃទី ២៦ ខែមេសា ឆ្នាំ​២០១៨ លោក ហ៊ុន ម៉ា​ណែ​ត បាន​ចូលជួប​សំណេះសំណាល និង​ពិសារ​អាហារ​ថ្ងៃត្រង់​ជាមួយ​ក្រុម​សមាជិកសភា​មិត្តភាព​ជប៉ុន​-​មេគង្គ (J-Mekong Parliamentary Friendship Group)​ដែល​ដឹកនាំ​ដោយ​ឯកឧត្តម រ្យូ ស៊ីអូ​ណូ​យ៉ា (Ryu Shionoya) ដែលជា​ប្រធាន​ក្រុម​សមាជិកសភា​មិត្តភាព​ជប៉ុន​-​មេគង្គ ក្នុង​បរិយាកាស​ស្និទ្ធស្នាល និង​រាក់ទាក់ ។

​នៅ​រសៀល​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០១៨ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត នាយរង​សេនាធិការ​ចំរុះ នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការរង​កងទ័ព​ជើងគោក បាន​បន្ត​ជួបពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម​ឧ​ត្ត​មនា​វី កាតស៊ូ​តូ​ស៊ី កា​វ៉ា​ណូ (Katsutoshi Kawano) នាយសេនាធិការ​ចម្រុះ នៃ​កង​ស្វ័យការពារ​ជប៉ុន លោក​ឧ​ត្ត​ម​សេនីយ៍ កុ​ហ្ស៊ី យ៉ាម៉ា​សា​គី (Koji Yamasaki) នាយសេនាធិការ​កងទ័ព​ជើងគោក នៃ​កង​ស្វ័យការពារ​ជប៉ុន ក្នុងជំនួប​ពីរ​ដាច់ដោយឡែក​ពីគ្នា​៕ ល​