លោក ហ៊ុន ម៉ា​ណែ​ត ៖ ដរាបណា​ប្រទេសជាតិ​យើង រក្សាបាន​នូវ​សុខសន្តិភាព​បែបនេះ យើង​នឹង​បន្ត​ទទួលបាន​នូវ​ភាព​រីកចម្រើន ​

230

(​ព្រះសីហនុ​) ៖ លោក ហ៊ុន ម៉ា​ណែ​ត នៅ​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៧ បាន​ថ្លែងថា ដរាបណា​ប្រទេសជាតិ​យើង​រក្សាបាន​នូវ​សុខសន្តិភាព​​បែបនេះ យើង​នឹង​បន្ត​ទទួលបាន នូវ​ភាព​រីកចម្រើន​ថែមទៀត និង​បន្ត​វិ​វត្ត​ទៅ​ដូច​បណ្តា ប្រទេស​អភិវឌ្ឍន៍​ដទៃទៀត​។​ប្រទេស​យើង​​មាន​សេដ្ឋកិច្ច​រីកចម្រើន និង​ជីវភាព​ប្រជាពលរដ្ឋ​យើង​កាន់តែ​ល្អប្រសើរ​ទៅបាន គឺ​អាស្រ័យ​លើ​ធនធានមនុស្ស​ដែលជា​កោសិកា​ដ៏​​សំខាន់​របស់​ជាតិ​។​
​ ​
​ការ​ថ្លែង​យ៉ាង​ដូច្នេះ​របស់ លោក ហ៊ុន ម៉ា​ណែ​ត ធ្វើឡើង​ក្នុង​ពិធី​ប្រគល់​បរិ​ញ្ញ​ប​ត្រ​ជាន់ខ្ពស់ បរិញ្ញាបត្រ និង​បរិញ្ញាបត្ររង​ជូន​ដល់​និស្សិត​​ជ័យលាភី នៅ​សាកលវិទ្យាល័យ​គ្រប់គ្រង និង​សេដ្ឋកិច្ច ខេត្ត​ព្រះសីហនុ ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៧​។​
​ ​
​ក្នុងឱកាស​នោះដែរ លោក ហ៊ុន ម៉ា​ណែ​ត បាន​ពាំនាំ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ដ៏​ខ្ពង់ខ្ពស់ ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន​និង​សម្តេច​​ក​ត្តិ​ព្រឹទ្ធ​បណ្ឌិត ជូន​ដល់​និស្សិត​ទាំងអស់ ដែល​បានទទួល​ជ័យលាភី​នៅ​ថ្ងៃទី​១១ ខែវិច្ឆិកា​នេះ​។ លោក​ក៏​សូម​ចូលរួម​អបអរសាទរ​និង​សូម​សម្តែង​មោទនភាព​ជាមួយ​ក្រុមគ្រួសារ និង​អាណាព្យាបាល​និស្សិត​ទាំងអស់ ដែល​ទទួលបាន​ជ័យលាភី​ក្នុងការ​សិក្សា​។​
​ ​
​លោក​បញ្ជាក់ថា “…​រាជរដ្ឋាភិបាល​បាន​បង្កលក្ខណៈ និង​បង្កើត​ឱកាស​សិក្សា​ដល់​និស្សិត​យើង ទទួលបាន​ការសិក្សា​ក្នុង​និង​ក្រៅប្រទេស​…​យើង​មាន​ធនធានមនុស្ស​រាប់ម៉ឺន​នាក់ ដែល​បញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ បរិញ្ញាបត្រ​ជាន់ខ្ពស់​, បរិមាណ​គឺជា​ចំនួន​មួយ​ខណៈ​ការ​​គិតគូរ​វាយតម្លៃ​លើ​គុណភាព គឺ​មិនមែន​ផ្អែកលើ​តែ​អ្នកមាន​សញ្ញាបត្រ​មកពី​ក្រៅប្រទេស​នោះទេ​…​។​សំខាន់​គឺ​ការវាយតម្លៃ​ទៅលើ​​សកម្មភាព នៃ​ការអនុវត្តន៍​ការងារ​ជាក់ស្តែង និង​ការទទួលខុសត្រូវ​។​
​ ​
​ជាមួយគ្នានេះ លោក​បានផ្តល់​ដំបូន្មាន​ដល់​និស្សិត​ទាំងអស់​ថា ដើម្បី​ទទួលបាន​ជោគជ័យ​នៅក្នុង​អាជីព​ការងារ​របស់ខ្លួន​យើង​ត្រូវផ្តោត​​លើ​កត្តា​បួន ទី​១. មាន​សមត្ថភាព និង​ជំនាញ​ច្បាស់លាស់ ទី​២. ការអនុវត្ត​ការងារ​ជាក់ស្តែង ទី​៣. គុណធម៌ និង​សិល្ប​ធម៌ ទី​៤.​ភាព​ស្មោះ​​ត្រង់​។​
​ ​
​លោក​បញ្ជាក់​បន្ថែមថា “…​យើង​មិនអាច​យក​អ្នក​និយាយ​ច្រើន ក្អេងក្អាង មិន​អនុវត្ត​ការងារ ឬ​គ្មាន​លទ្ធផល​ការងារ​នោះទេ​…​យើង​​ត្រូវការ​អ្នក​និយាយ​តិច តែ​ធ្វើ​ច្រើន មាន​ភាពក្លាហាន​បញ្ចេញ​មតិ និង​មានគំនិត​ច្នៃប្រឌិត​ខ្ពស់​…​ធនធានមនុស្ស​ល្អ​គឺ​រស់​រវើក​គ្រប់​​ពេលវេលា ព្រោះ​វា​អាច​ដាស់តឿន​យើង​គ្រប់​វិនាទី​ក្នុង​ការបន្ត​វិវត្តន៍​ទៅមុខ កាន់តែ​ល្អប្រសើរ និង​មិន​ឲ្យ​ថ្នាក់ដឹកនាំ​ពិបាក​និង​ហត់​នឿយ​ណែនាំ​ដដែលៗ​…”៕​ដោយៈ​វិបុល​/sn