លោក ហ៊ុន ម៉ា​ណែ​ត ៖ រដ្ឋាភិបាល​ចង់​ជួយ​ខ្មែរ​សោះ បែរជា​អាមេរិកាំង​ដាក់ទណ្ឌកម្ម​យើង ​

418

​(​ភ្នំពេញ​) ៖ ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​ទីក្រុង​ភ្នំពេញ បានប្រកាសថា ចាប់ពី​ថ្ងៃទី​១៣ ខែកញ្ញា​ខ្លួន​ផ្អាក​លែងចេញ​ទិដ្ឋាការ​ប្រភេទ​B1 ប្រភេទ​B2 និង​ប្រភេទ​B1/B2 ដល់​មន្ត្រី​នៃ ក្រសួងការបរទេស​ក​ម្ពុ​ជា ដែលមាន​តួនាទី​ចាប់ពី​ថ្នាក់​អគ្គនាយក​រហូតដល់​ថ្នាក់ដឹកនាំ​កំពូល​នៃ​ក្រសួង​នេះ និង​សមាជិក​ក្រុមគ្រួសារ​របស់​ពួកគេ​។ ទន្ទឹមនឹង​ការប្រកាស​របស់​ស្ថានទូត​អាមេរិក​បែបនេះ​មន្ដ្រី​យោធា​ជាន់ខ្ពស់​​នៃ​កម្ពុជា បាន​លើកឡើងថា រាជរដ្ឋាភិបាល​កម្ពុជា បាន​ព្យាយាម​កុំឱ្យ​ទទួលយក​ជននិរទេស ដើមកំណើត​ខ្មែរ​នៅ​អាមេរិក​ដែល​គេ​ត្រូវ​​បញ្ជូន​ត្រឡប់​មកកាន់​កម្ពុជា​វិញ ធ្វើ​ឲ្យ​គេ​ត្រូវ​រស់នៅ​ឃ្លាតឆ្ងាយ​ពី​គ្រួសារ​របស់គេ​នៅ​សហរដ្ឋអាមេរិក​បែរជា​ក្រសួងការបរទេស​អា​​មេ​រិ​ក​ដាក់ទណ្ឌកម្ម​មកលើ​ក​ម្ពុ​ជា​វិញ​។​


​ ​
​តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់​ខ្លូន នា​ថ្ងៃទី​១៣ កញ្ញា លោក ហ៊ុន ម៉ា​ណែ​ត ជា​នាយទាហានជាន់ខ្ពស់​មួយរូប​របស់​កម្ពុជា​បានសរសេរថា “​ជនជាតិ​អាមេរិក​ដើមកំណើត ខ្មែរ​ជាច្រើន​នាក់​បាន​មករក​ខ្ញុំ ហើយ​សួរ​ខ្ញុំ​ថា តើ​ខ្ញុំ​អាចជួយ​បញ្ចុះបញ្ចូល​រាជរដ្ឋាភិបាល​កម្ពុជា​កុំឱ្យ​ទទួលយក​ជននិរទេស​ដើមកំណើត​ខ្មែរ​នៅ​អាមេរិក ដែល​គេ​ត្រូវបញ្ជូន​ត្រឡប់​មកកាន់ កម្ពុជា​វិញ​បានទេ​។​អ្នកខ្លះ​ថែមទាំង​និយាយ​បន្ទោស​រាជរដ្ឋាភិបាល​កម្ពុជា ចំពោះ​ការទទួលយក​អ្នក​ទាំងនេះ ដែលជា​ការធ្វើ​ឲ្យ​គេ​ត្រូវ​រស់នៅ​ឃ្លាតឆ្ងាយ​ពី​គ្រួសារ​របស់គេ​នៅ​សហរដ្ឋ​​អាមេរិក​ថែមទៀត​ផង​”​។​
​ ​
​លោក ហ៊ុន ម៉ា​ណែ​ត បាន​បន្តថា “​ពួកគេ​បាន​និយាយថា បើ​រាជរដ្ឋាភិបាល​កម្ពុជា​មិន​ទទួលយក​នោះ​សហរដ្ឋអាមេរិក​នឹងមិន​អាច​​បញ្ជូន ពួកគេ​ឲ្យ​ត្រឡប់​មកកាន់​ប្រទេស​កម្ពុជា​វិញ​បានទេ​។ ដូច្នេះ​ពួកគេ​នឹង​អាច​បន្ត​រស់នៅ​ជាមួយ​ក្រុមគ្រួសារ​របស់​ពួកគេ​នៅ​សហរដ្ឋអាមេរិក​តទៅ​ទៀត​បាន​។ ដូច្នេះ​ឥឡូវនេះ​រាជរដ្ឋាភិបាល​កម្ពុជា បានធ្វើ​យ៉ាងពិត​ប្រាកដ​ដូច​អ្វី ដែលជា​ការអំពាវនាវ​របស់ ជនជាតិ​អាមេរិក​ដើមកំណើត​ខ្មែរ​ជាច្រើន ដោយ​យើង​មិន​ទទួលយក ជន​ជាប់ឃុំ​ជនជាតិ​កម្ពុជា​មួយចំនួន​ត្រឡប់មក​កម្ពុជា​វិញ​​នោះទេ​។ ជា​លទ្ធផល​ចំពោះ ការសម្រេចចិត្ត​ដោយ​ក្តី​អាណិតអាសូរ និង​ដោយ​មនុស្សធម៌​នេះ ផ្ទុយទៅវិញ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក បែរជា​ចេញ​វិធានការ​ដាក់​ការ​រឹតត្បិត ទិដ្ឋាការ​ទៅលើ​មន្ត្រី​រាជរដ្ឋាភិបាល​កម្ពុជា និង​គ្រួសារ​របស់​ពួកគេ​ដែល​នេះ​គឺជា​វិធាន​ការដាក់​ទណ្ឌ​កម្មនេះ គឺ​ដើម្បី​ប្រឆាំងនឹង​ការបដិសេធ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការមិន​ព្រម​ទទួលយក​ជននិរទេស​កម្ពុជា​ត្រឡប់​​មកកាន់​កម្ពុជា​យើង​វិញ​។ នេះ​ប្រហែលជា មិនមែនជា​លទ្ធផល​ដ៏​គួរ​ឲ្យ​ទទួលយក​សម្រាប់​ជននិរទេស​ជនជាតិ​ក​ម្ពុ​ជា​ជាច្រើន​និង​គ្រួ​​សារ​របស់ ពួកគេ​ក៏ដូចជា​ជនជាតិ​អាមេរិក​ដើមកំណើត​ខ្មែរ ជាច្រើន​នាក់​ដែល​បានធ្វើ​យុទ្ធនាការ ទាមទារ ឱ្យមាន​ឱកាស​ថា​អ្នក​​ដែល​ត្រូវ​និរទេស​ជនជាតិ​កម្ពុជា​មួយចំនួន​អាច​បញ្ជូន​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ​ដើម្បី​ផ្តល់ឱកាស​ឱ្យ​ពួកគេ​អាច​បន្ត​ស្នាក់នៅ​ជាមួយ​​គ្រួសារ​របស់​ពួកគេ​នៅ​សហរដ្ឋអាមេរិក​”៕​ដោយ​៖​វិបុល​/sn