លោក ហ៊ុន ម៉ា​ណែ​ត ៖ វិស័យ​ការពារជាតិ​ប្រទេស​កម្ពុជា​យើង​មាន​សមត្ថ​ភាពមិន​ចាញ់​បណ្តា​ប្រទេស​អភិវឌ្ឍន៍​ ​

649

(​កំពង់ស្ពឺ​) ៖ លោក ហ៊ុន ម៉ា​ណែ​ត មានប្រសាសន៍ថា ធនធាន​វិស័យ​ការពារជាតិ​របស់​យើង​នៅមានកម្រិត​យ៉ាងណាក្តី​ប៉ុន្តែ​កងទ័ព​យើង​​មាន​ធនធាន​ស្មារតី ឆន្ទៈ និង​សមត្ថភាព​ដែល​មិន​ចាញ់​បណ្តា​ប្រទេស​អភិវឌ្ឍន៍ និង​បណ្តា​ប្រទេសមួយ​ចំនួន​ក្នុង​តំបន់​នោះឡើយ​។​
​ ​
​លោក បាន​ប្រសាសន៍​បន្ដថា នៅក្នុង​រយៈកាល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ កងយោធពល​ខេមរភូមិន្ទ​យើង​បាន​បញ្ជូន​យោធិន​ចូលរួម​​ប្រកួត​បាញ់កាំភ្លើង​នៅក្រៅ​ប្រទេស​ដែលជា​លទ្ធផល យោធិន​វិល​ត្រលប់​មកវិញ​ជាមួយ នឹង​មេដាយមាស មេដាយប្រាក់ មេដាយ​សំរឹទ្ធ និង​ពានរង្វាន់​ជាច្រើន​ផងដែរ នេះ​ជា​មោទនភាព​ជាតិ មោទនភាព​កងទ័ព និង​ប្រជាជន​ខ្មែរ​ទាំងមូល​។
​ ​
​នេះ​ជា​ប្រសាសន៍ របស់ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ក្នុង​ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​បាញ់​គ្រាប់​ពិត​ថ្នាក់ កងអនុសេនាធំ​ចល័ត​វាយ​​សង្គ្រប់ របស់​សិក្ខាកាម​មកពី​កងពលតូច​ថ្មើរជើង លេខ ៧០ និង បិទ​វគ្គ​វគ្គ​ហ្វឹកហ្វឺន​តាម​បណ្តា ជំនាញ​ថ្មើរជើង អាវុធ​គាំទ្រ​និង​រថ​ពាស​​ដែក​។​
​ ​
​សិក្ខាកាម​មកពី​កងពលតូច​ថ្មើរជើង លេខ ៧០ សិក្ខាកាម​មកពី​កងពលតូច​អន្តរាគមន៍​លេខ ១២៨ នៃ​យោធពល​ភូមិភាគ​ទី​១ និង​យោធភូមិភាគ​ទី​១ នៅ​ទីលាន​ហ្វឹកហ្វឺន​កងពលតូច​ថ្មើរជើង លេខ ៧០ (​តំបន់ភ្នំ​ម្រះព្រៅ​) ឃុំ​ក្រាំង​អំពិល ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ថ្ងៃទី​០៩ ខែធ្នូ ឆ្នាំ​២០១៧ ។​
​ ​
​លោក ហ៊ុន ម៉ា​ណែ​ត មានប្រសាសន៍​ទៀតថា សកម្មភាព​បាញ់​គ្រាប់​ពិត​នេះ​លទ្ធផល​នៃ​ការបាញ់​របស់​សិក្ខាកាម​យើង​បាន​ស្តែងចេញ​​ពី​ការយកចិត្តទុកដាក់​ក្នុងការ​ហ្វឹកហាត់​របស់​សិក្ខាកាម ជាពិសេស​ការដឹកនាំរ​បស់​យោធា​ចា​រ្យ ដោយ​សូម​ធ្វើការ​កោតសរសើរ​ចំពោះ​ស្មារតី និង​ឆន្ទៈ​របស់​សិក្ខាកាម​ទាំងអស់​។​
​ ​
​ជាមួយគ្នា​នោះ​ផងដែរ លោក ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​សាទរ​ចំពោះ​បងប្អូន​សិក្ខា​ទាំង ២៨៨​នាក់​ដែល​ខិតខំ​ពុះពារ​ក្នុង​​ការហ្វឹកហាត់ ទាំង​ការ​លត់​ដំ​កាយសម្បទា ការ​ហាត់ពត់​ស្មារតី​ក្នុងនាម​ជា​កងទ័ព ការសិក្សា​ជំនាញ​ផ្សេងៗ​រហូត​ទទួលបាន​ជោគជ័យ និង​បាន​ក្លាយជា​យោធិន មួយរូប ប្រកបដោយ​ភាព​អង់អាច​ក្លាហាន ដែលជា​ក្តីសង្ឃឹម​របស់​អង្គភាព​និង​ជា​ធនធាន​របស់​កង​​យោធពលខេមរភូមិន្ទ ហើយ ជា​មោទនភាព​មួយ​របស់​ក្រុមគ្រួសារ ដោយ​បងប្អូន​ក្លាយជា​យោធិន​មួយ មាន​សមត្ថភាព​និង​ស្មារតី​​ចូលរួមចំណែក​បំរើ​ជាតិ​។
​ ​
​ក្នុងឱកាស​នោះដែរ លោក ហ៊ុន ម៉ា​ណែ​ត សូម​ពាំ​នាំនូវ​ការ​ផ្ដាំ​សួរសុខទុក្ខ​ដ៏​ខ្ពង់ខ្ពស់​ពី​សំណាក់ ថ្នាក់ដឹកនាំ​ក្រសួងការពារជាតិ អគ្គបញ្ជាការ និង​បញ្ជាការដ្ឋាន​កងទ័ពជើងគោក ជូន​ដល់​នាយទាហាន នាយទាហានរង ពលទាហាន និង​បងប្អូន​សិក្ខាកាម​ដែល​បញ្ចប់​វគ្គ​ហ្វឹកហ្វឺន​៕​ដោយ​៖​វិបុល​/sn