លោក ហ៊ុន ម៉ា​ណែ​ត : “​ខ្មែរ​ជា​អ្នក​កសាង​អង្គរវត្ត មិនមែន​អាម៉េរិក​កសាង​ជំនួស​ខ្មែរ​នោះទេ​”

432
ចែករម្លែក
  • 922
    Shares

ដោយ:មុនី​រ័ត្ន​/ភ្នំពេញ ៖ លោក ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​បញ្ជាក់ថា “​ខ្មែរ​ជា​អ្នក​កសាង​អង្គរវត្ត មិនមែន​អាម៉េរិក​កសាង​ជំនួស​ខ្មែរ​នោះទេ យើង​បញ្ចប់សង្គ្រាម​ក៏ដោយ​សារ​ខ្មែរ​យើង​ដែរ មិនមែន​ដោយសារ​បរទេស​នោះទេ​។ ដូច្នេះ​យើង​រួមគ្នា​តទៅទៀត យើង​មាន​ទំនុកចិត្ត​លើ​ស្មារតី​រួមគ្នា​ជា​ខ្មែរ បើ​ខ្មែរ​យើង​មិន​ខំ បើ​រាជរដ្ឋាភិបាល​មិន​ខំ មិនអាច​កសាង​ប្រទេស​បានមក​ដល់​ប៉ុណ្ណោះ​ទេ​”​។ ការ​ថ្លែង​នេះ បានធ្វើ​ឡើង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​អគារសិក្សា នៅ​សាលាបឋមសិក្សា​ព្នៅ​កើត និង​សមិទ្ធផល​នានា ក្នុង​វត្ត​សិរី​អម្ព​វ័​ន្ត ហៅ​វត្ត​ព្នៅ​កើត នៅ​ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម កាលពី​ថ្ងៃទី​៩ ខែ​មីនា ឆ្នាំ​២០១៩​។​

លោក ហ៊ុន ម៉ា​ណែ​ត បាន​បន្តថា “​កាលពី​អតីតកាល​យើង​បែកបាក់​គ្នា យើង​លំបាក​វេទនា ប៉ុន្តែ​សមិទ្ធផល​ដែល​បាន​កសាង​មកដល់​ថ្ងៃនេះ យើង​ត្រូវ​អបអរសាទរ ហើយ​យើង​នឹង​ខិតខំ​រួមគ្នា​បន្ត​កសាង​បន្ថែមទៀត​ឲ្យ​កាន់តែ​សម្បូរ​សប្បាយ​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​។ នេះហើយ​គឺ​ប្រមុខ​រាជរដ្ឋាភិបាល​សម្តេច​តេ​ជោ ហ៊ុន សែន ចង់បាន​ណាស់ ចង់ឃើញ​ណាស់ ព្រោះ​លោក​មិន​ចង់ឱ្យ​កូនចៅ​ជំនាន់​ក្រោយ​លំបាក​ដូច​អតីតកាល​”​។​

លោក​បាន​លើកឡើងថា រាជរដ្ឋាភិបាល​បាន​ខិតខំ​បង្កើត​ការងារ មាន​ប្រាក់បៀវត្ស​សមរម្យ​លើកស្ទួយ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ប៉ុន្តែ​ការងារ​ចំណាកស្រុក​ជា​ជម្រើស​របស់​ប្រជាពលរដ្ឋ​ ព្រោះ​ប្រទេស​ណា​ក៏មាន​ចំណាកស្រុក​ដែរ ប្រទេស​ខ្លះ​ចំណាកស្រុក​ច្រើន​យើង​ទៅទៀត​។ ប៉ុន្តែ​សំខាន់​នៅក្នុង​ស្រុក​យើង​ខិតខំ​បង្កើន​គុណភាព​អប់រំ និង​បង្កើត​ឲ្យ​មាន​ឧស្សាហកម្ម​ធន់​ធ្ងន់​សម្រាប់​ការងារ​កូនចៅ​ប្រជាពលរដ្ឋ​។

ជាក់ស្ដែង​គ្រាន់តែ​នៅក្នុង​ស្រុក​ជើងព្រៃ​នេះ​មាន​កម្មករ​រោងចក្រ​ជាង ២​ម៉ឺន​នាក់ ហើយ​រកចំណូលបាន​ជា​ង ៥​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​។ ឥឡូវនេះ​យើង​មាន​ទាំង​ធនធាន និង​ទឹកចិត្ត​របស់​ប្រជាពលរដ្ឋ​ដែលជា​ចំណុចខ្លាំង​មួយ​របស់​ខ្មែរ​ក្នុងការ​ចូលរួម​កសាង​ប្រទេស​។ នេះហើយ​ដែល​ធ្វើឲ្យ​ខ្មែរ​យើង​ខ្លាំង យើង​មិនត្រូវ​ការបរទេស​នោះទេ បរទេស​គឺ​ធ្វើការ​ជាមួយ​យើង យើង​មិនត្រូវ​ពឹង​លើ​បរទេស​ទាំងស្រុង​ទេ យើង​ត្រូវមាន​ទំនុកចិត្ត​លើ​ខ្មែរ​យើង​។ ជាក់ស្តែង​នៅក្នុង​ស្រុក​ជើងព្រៃ​របស់​យើង​បាន​រួមគ្នា​កសាង​សមិទ្ធផល​ច្រើនណាស់​។ ស្រុក​ជើងព្រៃ​រីកចម្រើន​ដោយសារ​ប្រជាពលរដ្ឋ​មួយ​គ្រួសារ​រីកចម្រើន ប្រទេស​មាន​សុខសន្តិភាព​ក្រោម​ការដឹកនាំ និង​ផ្តល់​ឲ្យ​ពី​សំណាក់​រាជ​រដ្ឋាភិបាល​។ ដូច្នេះ​ជើងព្រៃ​ខ្លាំង​ដោយសារ​ប្រជាពលរដ្ឋ​នៅ​ជើងព្រៃ ប្រទេស​ខ្មែរ​យើង​ខ្លាំង ក៏​ដោយសារ​ប្រជាពលរដ្ឋ​ខ្មែរ​ខ្លាំង​។

​ជាមួយគ្នានេះ លោក​ហ៊ុន ម៉ា​ណែ​ត ក៏បាន​សូម​ថ្លែងអំណរគុណ​ប្រជាពលរដ្ឋ​ចំពោះ​ការ​ទុកចិត្ត​ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ផ្ដល់ឱកាស​សម្តេច​តេ​ជោ ហ៊ុន សែន បម្រើ​​ប្រជាពលរដ្ឋ តាមរយៈ​ចេញទៅ​បោះឆ្នោត​ជាង ៨៣% ដើម្បី​សុំ​សេចក្តីសុខ​ផ្ទាល់​ខ្លួន មិន​ចង់ឱ្យ​កូនចៅ​ពិបាក​វេទនា កូនចៅ​មានឱកាស​រៀនសូត្រ​ធ្វើការ និង​បោះឆ្នោត​ជូន​អ្នក​ដែល​ស្វែងរក​សេចក្តីសុខ​ជូន​ប្រជាពលរដ្ឋ​៕B/