លោក ហ៊ុន ម៉ា​នី ជួប​សំណេះ សំ​ណា​ល​ជាមួយ សមាជិក សមាជិកា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ក្រុង​ក្រចេះ​

392
ចែករម្លែក

ដោយ​:​សេង​ឃួន​/ក្រចេះ​ ៖ លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ សមាជិក សមាជិកា​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា​ខេត្តក្រចេះ​ប្រមាណ​ជាង ៦០០​នាក់​ក្នុង​សាល​មហោស្រព​ខេត្តក្រចេះ​ក្នុង​សង្កាត់​ក្រចេះ​ក្រុង​ក្រចេះ​ខេត្តក្រចេះ​កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែ​មិនា ឆ្នាំ​២០១៩​នេះ​។​

​លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​មានប្រសាសន៍​ថា មនុស្ស​ម្នាក់ៗ​ត្រូវតែ​ប្រឹងប្រែង​ដោយ​ខ្លូន​ឯង ដើម្បី​ឆ្ពោះទៅមុខ​ពោ​ពេញ​ដោយ​ការអភិវឌ្ឍ ជា​ប្រយោជន៍​ដល់​ការកសាង​ប្រទេសជាតិ និង​ជា​គម្រូ​យុវជន​ជំនាន់​ក្រោយ ហើយ​ត្រូវ​ប្រមូលផ្តុំ​យុវជន​គ្រប់ទិសទី​ជា​មហា​កម្លាំង​សាមគ្គី​ក្នុងការ​រួមចំណែក​កសាង​បន្ថែម និង​លើកកម្ពស់​ប្រទេស​កម្ពុជា​ជាមួយ​ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និង​វឌ្ឍនភាព​សង្គម ។​

​លោក​បញ្ជាក់ទៀតថា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា មាន​ដើមកំណើត​ពី​សមាគម​យុវជន​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ០២ ខែធ្នូ ឆ្នាំ​១៩៧៨ ដឹកនាំ​ដោយ​សម្តេច​ទាំង​៣ ជាពិសេស​សម្តេច​តេ​ជោ តែម្តង ហើយ​បច្ចុប្បន្ន​បាន​ប្តូរ​ឈ្មោះ​ទៅជា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ពិតមែនតែ​បាន​ប្តូរ​ឈ្មោះ។ ប៉ុន្តែ​នៅតែ​បន្ត​បេសកកម្ម​ក្នុង​គោលដៅ​សំខាន់ៗ ដើម្បី​ប្រមូលផ្តុំ​យុវជន​គ្រប់ទិសទី ជា​មហា​កម្លាំង​សាមគ្គី ក្នុងការ​រួមចំណែក​ក​សាង​ប្រទេស​កម្ពុជា​ជាមួយ​ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និង​វឌ្ឍនភាព​សង្គម​។​

​លោក​បន្តទៀតថា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា នឹង​បន្ដសកម្មភាព​ចូលរួម​ជា​វិជ្ជា​មាន​ដល់​សង្គម​កម្ពុជា ជាពិសេស​ការបន្ដ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល អង្គការ ស្ថាប័ន​ដៃគូ និង​បុគ្គល ដែលមាន​បេះដូង និង​បេសកកម្ម​ដូចគ្នា​លើ​ការកសាង​អភិវឌ្ឍន៍​កម្ពុ​ជាមួយ​រឹងមាំ និង​កាន់តែ​មានការ​ទទួលស្គាល់​ទាំង​ក្នុង​កម្រិត​ជាតិ និង​អន្ដរជាតិ​»​ដោយ​ផ្អែកលើ​មូលដ្ឋាន​ធនធានមនុស្ស យុវជន​កម្ពុជា​ដែលមាន​ការទទួលខុសត្រូវ មាន​ឧ​ត្ត​ម​គតិ មនសិកា ស្នេហា​ជាតិ ដើម្បី​ជាស​រសរ​ទ្រូង​នៃ​ឆ្អឹងខ្នង​ដ៏​រឹងមាំ​សម្រាប់​ប្រទេសជាតិ​នាពេល​បច្ចុប្បន្ន និង​អនាគត។

បន្ថែម​ពីនេះ សស​យក បន្ដ​ជំរុញ​យុវជន ឲ្យ​ចូលរួម​កម្មវិធី​ស្ម័គ្រចិត្តកម្មវិធីសិក្សា កម្មវិធី​​មនុស្សធម៌ ឬ​ការងារ​ស្ម័គ្រចិត្ត​នៅតាម​សហគមន៍ ដើម្បី​យុវជន​បាន​សាកល្បង​ចំណេះ​ដឹង ទេពកោសល្យ ការច្នៃប្រឌិត និង​ទទួលបាន​បទពិសោធន៍ ​ដើម្បី​ជា​ឧ​ត្ត​ម​ប្រយោជន៍​របស់​ជាតិ​។ ជាពិសេស​ការចូលរួម​បរិច្ចាក​ឈាម ដល់​មន្ទីរពេទ្យ​នានា ដើម្បី​ជា​ប្រយោជន៍​​ជួយសង្គ្រោះ​អាយុជីវិត​ដល់​អ្នកដទៃ ដោយ​មិន​ប្រកាន់ពូជសាសន៍ ឬ​និន្នាការ​នយោបាយ​អ្វី​ឡើយ៕B/