លោក ហ៊ុយ វណ្ណៈ ជាប់​ជា​ប្រធាន​សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា អាណត្តិ​ទី​២

382
ចែករម្លែក

ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ លោក ហ៊ុយ វណ្ណៈ ជាប់ឆ្នោត​ជា​ប្រធាន​សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា (​ស​.​ស​.​ស​.​ក​) អាណត្តិ​ទី​២ ដឹកនាំ ស​.​ស​.​ស​.​ក រយៈពេល​៣​ឆ្នាំ​បន្ត (​ឆ្នាំ​២០១៩-២០២២)​។ ការបោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត​ឲ្យ​លោក ហ៊ុយ វណ្ណៈ ធ្វើជា​ប្រធាន ស​.​ស​.​ស​.​ក បាន​ធ្វើឡើង​នៅក្នុង​សមាជ​របស់ខ្លួន​កាលពី​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៩ នៅ​អគារ​សេរីភាព រាជធានី​ភ្នំពេញ​។​

​យោងតាម​សេចក្តី​ប​ប្រកាស​ព័​ត៍​មាន​របស់​សហភាព​សហ​ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា​កាលពី​ថ្ងៃទី​១២ ខែតុលា បាន​ឲ្យ​ដឹងថា សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា (​ស​.​ស​.​ស​.​ក​) ស​.​ស​.​ស​.​ក បាន​ដំណើរការ​សមាជ​របស់​ខ្លួន​រយៈពេល​ពេញ​មួយថ្ងៃ​សៅរ៍​ទី​១២ ខែតុលា ឆ្នាំ​២០១៩ នៅ អគារ​សេរីភាព រាជធានី​ភ្នំពេញ ដើម្បី​ត្រួតពិនិត្យ​វាយតម្លៃ​លទ្ធផល​ការងារ​អាណត្តិ​ទី​១, បោះឆ្នោត​ជ្រើសតាំង​គណៈនាយក​អាណត្តិ​ទី​២, និង​លើក​ទិសដៅ​ការងារ​អាណត្តិ​បន្ត​។ អង្គសមាជ សម្រេចបាន លទ្ធផល​ជា​ផ្លែផ្កា​ដូចតទៅ​៖

១.​អង្គសមាជ បោះឆ្នោត​ជ្រើសតាំង លោក ហ៊ុយ វណ្ណៈ ជា​ប្រធាន​សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា​អាណត្តិ​ទី​២ ដឹកនាំ​ស​.​ស​.​ស​.​ក រយៈពេល​៣​ឆ្នាំ​បន្ត​(​ឆ្នាំ​២០១៩-២០២២) និង​បាន​បោះឆ្នោត​ជ្រើសតាំង​ស្ថាបនិក​១៩​រូប​ផ្សេងទៀត​ជា​៖ អនុប្រធាន​៤​រូប​, អគ្គលេខាធិការ​១​រូប​, អគ្គលេខាធិការរង​៦​រូប​, និង​ប្រធាន​គណៈកម្មាធិការ​ជំនាញ​៩​រូប​។ គណៈកម្មាធិការ​ទាំង​៩​រួមមាន​៖ ផ្នែក​គាំពារ​ការពារ​សិទ្ធិ​សារព័ត៌មាន​, ផ្នែក​ក្រមសីលធម៌ និង​ក្រុមប្រឹក្សាវិន័យ​, ផ្នែក​លើកកម្ពស់​ស្ត្រី​ក្នុង​វិស័យ​សារព័ត៌មាន និង​ការផ្សព្វផ្សាយ​, ផ្នែក​អប់រំ​បណ្តុះបណ្តាល​, ផ្នែក​ទំនាក់ទំនង​ជាតិ​និង​អន្តរជាតិ​, ផ្នែក​កិច្ចការរដ្ឋបាល​និង​ហិរញ្ញវត្ថុ​, ផ្នែក​កិច្ចការ​មនុស្សធម៌​, ផ្នែក​ចលនា​និង​ទ្រ​ទង់​អ្នកសារព័ត៌មាន និង​ផ្នែក​គណៈកម្មាធិការ​សារព័ត៌មាន​អន​ឡាញ​។​

២.​អង្គសមាជ បានសម្រេច​ធ្វើ​លក្ខន្តិកៈ​បំពេញបន្ថែម ដើម្បី​ឲ្យ​ស្រប​សភាពការណ៍​តម្រូវ​ជាក់ស្តែង និង​ការរីក​ធំធាត់​របស់​សហភាព​ស​ហ​ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា​។

៣.​អង្គសមាជ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​ជា​ផ្លែផ្កា​ដែល ស​.​ស​.​ស​.​ក សម្រេចបាន​ក្នុង​រយៈពេល​៣​ឆ្នាំ​នៃ​អាណត្តិ​ទី​១ (​ឆ្នាំ​២០១៦-២០១៩) ប្រកបដោយ​មោទនភាព ជាពិសេស ស​.​ស​.​ស​.​ក បាន​ខិតខំ​កសាង​អង្គភាព និង​បាន​ពង្រីក​ខ្លួន​ចាក់​ឬ​ស​ជ្រៅ ដើម្បី​ឈរ​ឲ្យ​រឹងមាំ​យូរអង្វែង ហើយ​អាចធ្វើ​សកម្មភាព​ការងារ​បញ្ចេញ​ផ្លែផ្កា ចូលរួមចំណែក​ខាង​វិស័យ​ព័ត៌មាន និង ការផ្សព្វផ្សាយ​ជូនទៅ​សង្គមជាតិ​មាតុភូមិ​។

៤.​អង្គសមាជ បានសម្រេច​បង្កើត​«​មជ្ឈមណ្ឌល​ព័ត៌មានវិទ្យា​» ឲ្យ​ស្រប​នឹង​បរិបទ​វិវត្តន៍​ជឿនលឿន ដើម្បី​ជា​មូលដ្ឋាន​ចាប់យក​បច្ចេកវិទ្យា​ទៅ​អភិវឌ្ឍ​វិស័យ​សារព័ត៌មាន និង​ការផ្សព្វផ្សាយ​។ ស​.​ស​.​ស​.​ក នឹង​ចងក្រង​បោះពុម្ពផ្សាយ​សៀវភៅ​២​ចំណងជើង​៖ ទី​១.​អ្នកសារព័ត៌មាន​កម្ពុ​ជា និង​ទី​២.​អគារ​សេរីភាព​។ អង្គសមាជ បានដាក់​ចេញ​សកម្មភាព​ប្រយុទ្ធប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ និង​បំផុស​ការចូលរួម​លុប​បំបាត់​រូបភាព​ហិង្សា និង​សម្តី​អសុរ​ស​លើ​សារព័ត៌មាន​និង​បណ្តាញ​សង្គម​។

៥.​អង្គសមាជ បានសម្រេច​បង្កើត​យន្ត​ការ​សមាជិក​ពេញសិទ្ធិ ដើម្បី​បើកឱកាស​ឲ្យ​អ្នកសារព័ត៌មាន​អាជីព​ប្រើប្រាស់​ធនធាន​សមត្ថភាព និង​ទេពកោសល្យ​របស់ខ្លួន ចូលរួម​ជាមួយ ស​.​ស​.​ស​.​ក ក្នុង​បុព្វហេតុ​អភិវឌ្ឍ​គុណភាព​ព័ត៌មាន និង ការផ្សព្វផ្សាយ​នៅ​កម្ពុជា​។

៦.​អង្គសមាជ បានសម្រេច​ដាក់ចេញ​ផែនការ​សកម្មភាព​សម្រាប់​អាណត្តិ​ទី​២​រយៈពេល​៣​ឆ្នាំ​បន្ត ដោយ​រំ​ចេញ​នូវ​ឯកសារ​គោល​៖ «​ចក្ខុវិស័យ​២, សរសរ​ស្តម្ភ​៥, និង សកម្មភាព​១០» នោះ​ដើម្បី​សម្រេច​នូវ​គោលបំណង​ដ៏​ពិសិដ្ឋ​របស់ខ្លួន​គឺ​៖ «​ពង្រឹងគុណភាព​ព័ត៌មាន​នៅ​កម្ពុជា និង ចូលរួមចំណែក​ផ្សព្វផ្សាយ​ក្នុង​បុព្វហេតុ​ការពារ​ផលប្រយោជន៍​និង​កិត្តិយស​កម្ពុជា ទាំង​នៅ​ឆាក​ជាតិ​និង​អន្តរជាតិ​»​។
៧.​អង្គសមាជ បានដាក់​ចេញ​គោលដៅ​ចងសម្ព័ន្ធភាព​ជាមួយ សមាគម ក្លិប ស្ថាប័ន​ជាតិ​និង​អន្តរជាតិ ដើម្បី​បង្កើត​ភាពជា​ដៃគូ ក្នុងការ​ផ្លាស់ប្តូរ​បទ​ពិសោធន៍ ចែករំលែក និង សហការ​បំពេញ​ឲ្យ​គ្នា​ទៅវិញទៅមក​លើ វិស័យ​សារព័ត៌មាន​និង​ការផ្សព្វផ្សាយ​។

៨.​អង្គសមាជ ទទួលស្គាល់​ការ​ប្រឈម​ដែល​ត្រូវខិតខំ​ធ្វើការ​ងារ​ទ្វេដង ដើម្បី​បន្ត​ទទួលបាន​ការចូលរួម​គាំទ្រ​ទាំង​ស្មារតី​និង​ហិរញ្ញវត្ថុ​ពី​ម្ចាស់ជំនួយ​និង​សប្បុរសជន​នានា សម្រាប់​ទ្រទ្រង់​ផ្នែក​រដ្ឋបាល និង​ការអនុវត្ត​សកម្មភាព​ការងារ​របស់ ស​.​ស​.​ស​.​ក ឲ្យ​មាន​នីរ​ន្ត​ភាព​និង​ទទួលលទ្ធផល​ជា​ផ្លែផ្កា​បន្តទៀត​។

៩.​អង្គសមាជ បាន​រំលឹក​គោរព​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ​បំផុត ចំពោះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន​, សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង លោកជំទាវ ព្រមទាំង​ថ្នាក់ដឹកនាំ​ជាច្រើនរូប​ទៀត​ដែល​បាន​គាំទ្រ​ដ៏​ថ្លៃថ្លា​ដល់​បេសកកម្ម​របស់ ស​.​ស​.​ស​.​ក​។ ជាមួយគ្នានេះ អង្គសមាជ ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សប្បុរសជន​ផ្នែក​វិស័យ​ឯកជន ដែល​បាន​បរិច្ចាក​ថវិកា​គាំទ្រ​សកម្មភាព​ការងារ ស​.​ស​.​ស​.​ក កន្លងមក​។

១០.​អង្គសមាជ បាន​កោតសរសើ​ចំពោះ ស្ថាបនិក ទីប្រឹក្សា និង សមាជិក​-​សមាជិកា ដែលមាន​ស្មារតី​ចូលរួម​ការងារ​ស្ម័គ្រចិត្ត​ជាមួយ ស​.​ស​.​ស​.​ក ដោយ​ស្មារតី​សាមគ្គី​។ ស​.​ស​.​ស​.​ក បាន​ប្តេជ្ញាចិត្ត​បន្ត​បំពេញ​តួនាទី​ភារកិច្ច​របស់ខ្លួន​ក្រោម​ស្មារតី «​រក្សា​ចាស់ បន្ថែម​ថ្មី​», និង​មាន​ពាក្យស្លោក «​ដើម​នៅឯ​ស្រែ ផ្លែ​នៅឯ​ផ្សារ​» ដែល​អាច​រីកសាយ​ជា​ប្រយោជន៍​ទៅគ្រប់​ទីកន្លែង​។

​អង្គសមាជ បាន​រំលឹក​ជាថ្មី​ដោយ​គោរព​យ៉ាង​ខ្ជាប់ខ្ជួន​នូវ លក្ខន្តិកៈ​, បទបញ្ជាផ្ទៃក្នុង​, និង​រចនាសម្ព័ន្ធ​ដឹកនាំ​ការងារ​របស់ ស​.​ស​.​ស​.​ក​, ព្រមទាំង​គោរព​ច្បាប់​និងរដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​តម្កល់​បាវចនា​៖ «​ជាតិ សាសនា ព្រះមហាក្សត្រ​» ខ្ពស់បំផុត​៕