លោក ហ៊ុយ វណ្ណៈ ដឹកនាំ​ប្រតិភូ​ពិនិត្យ​វឌ្ឍនភាព​ការសាងសង់​អគារ​ទី​ស្នាក់​កណ្តាល​សហភាព​សហ​ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា​

451
ចែករម្លែក
  • 24
    Shares

(​ភ្នំពេញ​)៖ លោក ហ៊ុយ វណ្ណៈ ប្រធាន​សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា (​ស​.​ស​.​ស​.​ក​) និង​ជា​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​នៅ​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ បាន​ដឹកនាំ​ប្រតិភូ​ថ្នាក់ដឹកនាំ​សមាជិក​-​សមាជិកា​ពិនិត្យមើល​វឌ្ឍនភាព​នៃ​ការសាងសង់​អគារ​ទី​ស្នាក់​កណ្តាល សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា ដែលមាន​ទីតាំង​ស្ថិតនៅ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។​

​អគារ​ទី​ស្នាក់​កណ្តាល​សហភាព​សហ​ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា សាងសង់​លើ​ផ្ទៃដី​ជាង​២​ពាន់​ម៉ែត្រក្រឡា​ទំហំ​ទទឹង​២០​ម៉ែត្រ បណ្តោយ​២៥​ម៉ែត្រ កម្ពស់​៤​ជាន់ ហើយ​សម្រេច​ការងារ​សាងសង់​បាន​ប្រមាណ​៦៥% គ្រោង​បញ្ចប់​ទាំងស្រុង​នៅ​ខែមិថុនា ឆ្នាំ​២០១៩​ខាងមុខ​។​

​នាឱកាស​នោះ លោក ហ៊ុយ វណ្ណៈ ប្រធាន​សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា បានបញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​ថា គោលបំណង​នៃ​ការដឹកនាំ​ប្រតិភូ​អ្នកសារព័ត៌មាន​កម្ពុជា ដែល​ភាគច្រើន​សុទ្ធតែជា​ថ្នាក់ដឹកនាំ​និង​អ្នកធ្វើ​ការពាក់ព័ន្ធ​ក្នុង​វិស័យ​ព័ត៌មាន​នៅពេលនេះ គឺ​ដើម្បីឱ្យ​ពួកគាត់​យល់ឃើញថា សមិទ្ធផល​មួយ ដែល​អាច​កើតជា​រូបរាង​បាន ដរាបណា​មានការ​ចូលរួម ដែល​គ្រប់គ្នា​មាន​ចំណែក ចូលរួម​ជា​គំនិត យោបល់​ក្នុងន័យ​ស្ថាបនា ទើប​សមិទ្ធផល​នេះ​លេចចេញ​ជា​រូបរាង​ល្អប្រសើ ហើយ​យើង​មាន​ស្មារតី​ថែទាំ និង​ការពារ​។​

​លោក ហ៊ុយ វណ្ណៈ បាន​បង្ហើប​ឲ្យ​ដឹងថា នៅពេល​អគារ​ទីស្នាក់ការ​កណ្តាល​នេះ​សាងសង់​រួចរាល់ គឺ​ទីនេះ​មិន​ត្រឹមតែ​ដើម្បី​អ្នកសារព័ត៌មាន​ប៉ុណ្ណោះ​ទេ តែ​យើង​នឹង​រួមគ្នា​បង្កើត​នូវ​សមិទ្ធផល​ថ្មី​នេះ ចេញ​ពីនេះ​បន្ថែមទៀត ដើម្បី​រួមចំណែក​ដល់​សង្គមជាតិ ស្របតាម​គោលដៅ​និង​ចក្ខុវិស័យ​របស់ខ្លួន គឺ​ការពង្រឹង​សមត្ថភាព​វិជ្ជាជីវៈ និង​សីលធម៌​វិជ្ជាជីវៈ ពោលគឺ «​អ្នកសារព័ត៌មាន​ភ្លឺ ប្រទេសជាតិ​រុងរឿង​»​។​

​លោក ហ៊ុយ វណ្ណៈ បាន​គូស​បញ្ជាក់ទៀតថា ផ្តើមចេញពី​អគារ​នេះ យើង​នឹង​ខិតខំ​រួមចំណែក​កសាង​ធនធានមនុស្ស​ល្អ​ចេញពី​ទីនេះ​។ អគារ​ថ្មី​នេះ​នឹង​ក្លាយទៅជា​បណ្ណាល័យ កន្លែង​តាំងពិព័រណ៍ កន្លែង​សិក្ខា​សិលា កន្លែង​នៃ​ការជួបជុំ​អ្នកកាសែត​ជាតិ​និង​អន្តរជាតិ ជាពិសេស​នឹងមាន​រៀបចំ​កម្មវិធី​បណ្តុះបណ្តាល ដើម្បី​ពង្រឹង​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន​ឲ្យ​ស្រប​នឹង​ការ​ជឿនលឿន​នៃ​បច្ចេកវិទ្យា សង្គម សេដ្ឋកិច្ច​។​

​លោក ហ៊ុយ វណ្ណៈ បា​នស​ង្គ​ត់​ធ្ងន់​ថា អគារ​រ​នឹង​ក្លាយជា​ទីកន្លែង​ប្រមូល​ម្តុំ​បញ្ញាញាណ ប្រមូលផ្តុំ​ធនធាន បណ្តុះ​គំនិត​មនសិការ​ស្នេហា​ជាតិ និង​បំផុស​តួនាទី​ពលរដ្ឋ​ល្អ​។ អ្វីដែល​រឹតតែ​ពិសេស​នោះ ប្រធាន​សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា បាន​បញ្ជាក់ថា នៅ​ជញ្ជាំង​ជុំវិញ​នៃ​អគារ​សេរីភាព នឹង​សាងសង់​ជញ្ជាំង​នៃ​ការចង់ចាំ​សម្រាប់​គ្រួសារ​អ្នកសារព័ត៌មាន​កម្ពុជា ដោយ​អនុញ្ញាត​ឲ្យ​អ្នកសារព័ត៌មាន​ម្នាក់ៗ កត់ត្រា​នូវ​ការប្តេជ្ញា​របស់ខ្លួន​លើ​ការ​វិជ្ជាជីវៈ ក៏ដូចជា​ពាក្យស្លោក​នៃ​ការអប់រំ​ចិត្ត ដែលមាន​លក្ខណៈ​ជាតិនិយម​៕ ល​