លោក ហ្គា​រ៉េត សាវ​ហ្គេ​ត ព្រមាន​កីឡាករ​ថា ពួកគេ​នឹង​ខកចិត្ត បើ​សាង​កំហុស​ដដែល​នៅ​តំបន់​ការពារ​

2947
ចែករម្លែក

​លោក ហ្គា​រ៉េត សាវ​ហ្គេ​ត (Gareth Southgate) បាន​ព្រមាន​កីឡាករ​របស់លោក​ថា ពួកគេ​ប្រឈមមុខ​នឹង​រឿង​ខកចិត្ត​នៅ Euro 2020 ប្រសិនបើ​ពួកគេ​សាង​កំហុស​ដដែល​ដូច​ពេល​ប្រកួត​ជាមួយ​ក្រុម​កូ​សូ​វ៉ូ​កាលពី​យប់​ថ្ងៃ​អង្គា​រ៍​។​

​ក្រុម​អង់គ្លេស​នឹង​កក់​កៅអី​សម្រាប់​ការប្រកួត European Championship នៅ​រដូវក្តៅ​ឆ្នាំក្រោយ ប្រសិនបើ​ឈ្នះ​ក្រុម​សាធារណរដ្ឋ​ឆែក​នៅ​ខែតុលា បន្ទាប់ពី​ពួកគេ​យកឈ្នះ​ក្រុម​កូ​សូ​វ៉ូ ៥-៣ កាលពី​យប់​ថ្ងៃ​អង្គា​រ៍​។​

​ប៉ុន្តែ​ជ័យជម្នះ​នេះ​ប្រែជា​ស្រអាប់​ដោយសារតែ​ប្រព័ន្ធ​ការពារ​ដ៏​ធូររលុង​របស់​ពួកគេ​។ ខ្សែការពារ​បី​រូប​គឺ ម៉ៃ​ឃើ​ល ឃី​ន (Michael Keane) ឌី​ក្លែ​ន រ៉ា​យ (Declan Rice) និង ហ៊ែ​រី ម៉ា​ក្វា​យ​អ័​រ (Harry Maguire) បណ្តោយ​ឲ្យ​ក្រុម​កូ​សូ​វ៉ូ​ទាត់​បញ្ចូល​ទី​ដល់​ទៅ​៣​គ្រាប់​។​

​លោក សាវ​ហ្គេ​ត បាន​និយាយថា “​កំហុស​ដែល​ធ្វើ​ឲ្យ​របូត​គ្រាប់​បាល់​និង​ការចាប់ផ្តើម​មិនបាន​ល្អ​។ មាន​កំហុស​យ៉ាងច្បាស់​ក្រឡែត​។ យើង​ត្រូវធ្វើ​ឲ្យ​បានល្អ​ជាង​នេះ​។ កីឡាករ​មិនចាំបាច់​ឲ្យ​ខ្ញុំ​ប្រាប់​ពី​ចំណុច​នោះទេ​។ យើង​បានលើកឡើង​ពី​បញ្ហា​នេះ​រួចហើយ​”​។​

​រ៉ា​ហ៊ីម ស្ទឺ​លិ​ង (Raheem Sterling) បាន​បង្ហើប​ប្រាប់​បន្ទាប់ពី​ការប្រកួត​នេះ​ថា លោក សាវ​ហ្គេ​ត បាន​ព្រមាន​ក្រុម​អង់គ្លេស​ថា កំហុស​នៅ​តំបន់​ការពារ​នឹងធ្វើ​ឲ្យ​ពួកគេ​បាត់ បង់​ឱកាស​៕ ​ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ​ក្រុម​ជម្រើសជាតិ​អង់គ្លេស