លោក ហ្គៀ​ន​ហ្វ្រ​ង់​កូ ហ្សូ​ឡា​: ឆេ​ល​ស៊ី​បាន​ប្រើ​គ្រប់​មធ្យោបាយ​ដែល​ខ្លួន​អាចធ្វើ​ទៅបាន ដើម្បី​រក្សាទុក ខាល​ឡុ​ម ហ៊ូ​ដ​សិន អូដ​យ​

354
ចែករម្លែក

លោក ហ្គៀ​ន​ហ្វ្រ​ង់​កូ ហ្សូ​ឡា (Gianfranco Zola) អះអាងថា ក្លឹប​ឆេ​ល​ស៊ី​បាន​ព្យាយាម​ធ្វើ​គ្រប់ មធ្យោបាយ​ដែល​អាច ដើម្បី​បញ្ចុះបញ្ចូល​កីឡាករ ខាល​ឡុ​ម ហ៊ូ​ដ​សិន អូដ​យ (Callum Hudson Odoi) ឲ្យ​បន្ត​អនាគត​នៅ​ពហុ​កីឡដ្ឋាន Stamford Bridge តទៅទៀត​។​
​ ​
កីឡាករ​វ័យ​១៨​ឆ្នាំ​ដែល​ទទួលបាន​ការចាប់​អារម្មណ៍​ខ្លាំង​រូបនេះ​បានដាក់​សំណើសុំ​ផ្ទេរចេញ​កាលពី​ថ្ងៃ​សៅរ៍ ស្របពេល​ក្លិប បៃ​យឺន មូ​និ​ច​(Bayern Munich)​ត្រៀម​ដាក់សំណើ​ផ្ទេរ ៤០​លាន​ផោន​។​
​ ​
​ខ្សែបម្រើ​ស្លាប​រូបនេះ​បង្ហាញមុខ​ក្នុង​ក្រុម​ជម្រើស​ដំបូង​និង​រកបាន​គ្រាប់​បាល់ អំឡុងពេល​ក្រុម ឆេ​ល​ស៊ី​យកឈ្នះ​ក្រុម Sheffield ៣-០ នៅ​ក្របខណ្ឌ FA Cup កាលពី​ថ្ងៃអាទិត្យ បើទោះបីជា​មានមតិ​ភាគច្រើន​យល់ឃើញថា នេះ​អាចជា​ការលេង​ចុងក្រោយ​របស់ អូដ​យ សម្រាប់​ឆេ​ល​ស៊ី​ក៏ដោយ​។​
​ ​
នៅពេល​បញ្ចប់​ការប្រកួត កីឡាករ​រូបនេះ​ហាក់ដូចជា​បាន​និយាយ​លា​ទៅកាន់​អ្នកគាំទ្រ នៅ​ពហុ​កីឡដ្ឋាន Stamford Bridge ដែល​ស្រែក​បន្ទរ​ដាក់​កីឡាករ​រូបនេះ​ឲ្យ​នៅ​បន្តទៀត​។ លោក ហ្សូ​ឡា និយាយថា ក្លឹប​និង​អ្នកគាំទ្រ​មិនអាច​ធ្វើ​អ្វី​លើសពីនេះ​ទៀត​ទេ​។​
​ ​
លោក ហ្សូ​ឡា បាន​បន្តថា “​យើង​ចង់​ឲ្យ​គាត់​នៅ​បន្តទៀត​។ យើង​ចង់​ចុះ​កិច្ចព្រមព្រៀង​ផងដែរ​។ យើង​អាច​ធ្វើតាម​ដែល​អាចធ្វើ​ទៅបាន​។ មាន​កីឡាករ​ខ្លាំងៗ​ច្រើន​ទៀត​នៅក្បែរ​គាត់ ប៉ុន្តែ​យើង នៅតែ​ស្វែងរក​ឱកាស​សម្រាប់​គាត់ ដើម្បី​បាន​លេង​”​។​
​ ​
​លោក ហ្សូ​ឡា បន្ថែមថា “​ខ្ញុំ​ចង់​បញ្ជាក់ថា ប្រសិនបើ​អ្នក​ក្រឡេកមើល​ក្លឹប​នៅ​ជុំវិញ​តំបន់​អឺរ៉ុប កីឡាករ​វ័យ​១៨​ឆ្នាំ​មិន​ច្រើន​ទេ​ដែលមាន​ឱកាស​លេង​ច្រើន​ដូចជា​គាត់​។ ប៉ុន្តែ​ថា អ្វីៗ​មិនមែនជា ការសម្រេចចិត្ត​របស់​ខ្ញុំ​ទាំងស្រុង​ទេ​។​ពិតជា​មានការ​យោគយល់​រវាង​ក្រុមការងារ​និង​ក្លឹប​។ ខ្ញុំ​មិនអាច​និយាយ​អ្វី​លើសពីនេះ​ទេ​”​។​
​ ​
ហ៊ូ​ដ​សិន បានប្រគល់​អាវ​ទៅ​ឲ្យ​អ្នកគាំទ្រ​ម្នាក់​នៅពេល​បញ្ចប់​ការប្រកួត​ខណៈពេល​លើកដៃ​ឡើង និង​ទះ​តិច​ទៅកាន់​ជ្រុង​ទាំងបី​ក្នុង​ពហុកីឡាដ្ឋាន​៕ ប្រែ​សម្រួល​: ពិសិដ្ឋ

ខ្សែបម្រើ​ស្លាប ខាល​ឡុ​ម ហ៊ូ​ដ​សិន អូដ​យ (Callum Hudson Odoi)