លោក អូឡេ ហ្គាន់ណា សូលស្យែរ (Ole Gunnar Solskjaer) អះអាងថា ការលើកពាននៅតែ ជាការវាស់ស្ទង់ពីជោគជ័យនៅក្លឹបម៉េនឆេស្ទ័រ យូណាយធីត។
ប៉ុន្តែលោក ម៉ូរីស៊ីយ៉ូ ប៉ូចេតទីណូ (Mauricio Pochettino) គូប្រជែងរបស់លោក សូលស្យែរ សម្រាប់តំណែងគ្រូបង្វឹកនៅយូណាយធីតមិនយល់ថា ទាល់តែលើកពានជើងឯកទើបចាត់ទុកថា ជាជោគជ័យនោះទេ បន្ទាប់ពីក្រុម ស្ពឺរ(Spurs) ខ្ទាតចេញពីការដណ្តើមពានក្របខណ្ឌ EFL Cup និងក្របខណ្ឌ FA Cup ក្នុងរយៈពេលបួនថ្ងៃជាប់គ្នានេះ។
លោក សូលស្យែរ ជាគ្រូបង្វឹកបណ្តោះអាសន្នបាននិយាយថា ប្រាក់នៅតែជាបញ្ហានៅ ពហុកីឡដ្ឋាន Old Trafford ។
ក្រុមយូណាយធីតកំពុងព្យាយាមធ្វើឲ្យបានល្អក្នុងការដណ្តើមពាន FA Cup និងប្រជែងយក តំណែងលេខរៀងទី៣ពីក្រុម Spurs របស់លោក ប៉ូចេតទីណូ នៅក្របខណ្ឌព្រីមីញ៉េលីក។
លោក សូលស្យែរ បាននិយាយថា “យើងស្ថិតក្នុងក្របខណ្ឌឆេមពានលីក។ យើងលេងនៅ ក្របខណ្ឌ FA Cup ប៉ុន្តែយើងមិនស្ថិតនៅលេខរៀងកំពូលទាំងបួនទេ។ យើងត្រូវពិនិត្យមើល។ តើយើងអាចឈ្នះអ្វីមួយទេនៅឆ្នាំនេះ? ហើយខ្ញុំបានមើលគ្រប់ការប្រកួតក្នុងឋានៈជាគ្រូបង្វឹក របស់យូណាយធីតហើយគិតថា យើងអាចឈ្នះ”។
លោកបន្តថា “យើងមិនអាចឈ្នះពានជើងឯកលីកនៅឆ្នាំនេះ ប៉ុន្តែយើងនៅមាន FA Cup ដូច្នេះយើងនឹងព្យាយាមលើកពាននេះ។ ខ្ញុំគិតថា អ្នកចាត់ការទាំងអស់ចង់ឈ្នះគ្រប់ការប្រកួត”។
យូណាយធីតមានគម្លាត១១ពិន្ទុពីលេខរៀងទី៤ នៅពេលលោក សូលស្យែរ ចូលកាន់តំណែង បន្តពីលោក ចូសេ ម៉ូរីញ៉ូ (Jose Mourinho) កាលពីខែមុន ប៉ុន្តែជ័យជម្នះ៦លើកក្នុងលីក ជាប់ៗគ្នា បានកាត់បន្ថយគម្លាតមកត្រឹម៤ពិន្ទុ៕ ប្រែសម្រួល: ពិសិដ្ឋ