លោក អែន​តូ​នី​ញ៉ូ កុន​តេ មិនទាន់​ទទួលយក​ការងារ​នៅ រៀល​ម៉ា​ឌ្រី​ត​នឹង​រង់​ចាំមើល​ដល់​ខែមិថុនា​

605

​លោក អែន​តូ​នី​ញ៉ូ កុន​តេ (Antonio Conte) អតីត​គ្រូបង្វឹក​ឆេ​ល​ស៊ី​បាន​បដិសេធ​មិនទាន់ ទទួលយក​ឱកាស​ដឹកនាំ​ក្រុម រៀល ម៉ា​ឌ្រី​ត​(Real Madrid) នៅពេលនេះ​ទេ​។​

​គ្រូបង្វឹក​សញ្ជាតិ​អ៊ីតាលី​រូបនេះ​គឺជា​បេក្ខភាព​នាំមុខគេ ក្នុង​ការចូល​ជំនួស​តំណែង​លោក ជូ​លៀន ឡូ​ប៉េ​តេ​ហ្គី (Julen Lopetegui) បន្ទាប់ពី​អតីត​គ្រូបង្វឹក​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​រូបនេះ ត្រូវបាន​បណ្តេញចេញ ដោយសារតែ​ចាប់ផ្តើម​រដូវ​កាល​មិន​បានល្អ​។ ប៉ុន្តែ​នៅពេលនេះ លោក កុន​តេ ដែល​មិនទាន់មាន​ការងារ​ធ្វើ​ចាប់តាំងពី​ចាកចេញ​ពី​ពហុ​កីឡដ្ឋាន Stamford Bridge កាលពី​រដូវក្តៅ​នោះ នៅពេលនេះ​បាន​បង្ហើប​ប្រាប់ថា លោក​ចង់​រង់ចាំ​រហូត​ដល់​ខែមិថុនា មុនពេល​ទទួលយក​គ​ម្រោ​ង​ថ្មី​។​

​នៅពេល​សួរនាំ​អំពី​លទ្ធភាព​ដឹកនាំ​នៅ​ពហុ​កីឡដ្ឋាន Bernabeu លោក​បាន​និយាយថា “Real Madrid ? តាម​ដែល​ខ្ញុំ​មើលឃើញ យក​ល្អ​គួរ​រង់ចាំ​ដល់​ដំណាច់​រដូវ​កាល​ជាជាង​ចាប់ផ្តើម នៅពេលនេះ​។ ខ្ញុំ​ចង់​រង់ចាំ​ដល់​ខែមិថុនា ហើយ​ចាប់ផ្តើម​ជាថ្មី​ជាមួយ​គម្រោង​ថ្មី​។ ខ្ញុំ​អាច​ប្តូរ​ចិត្ត​ក្នុង​រយៈពេល​បី​ខែ ហើយ​បដិសេធ​អ្វីៗ​គ្រប់យ៉ាង​”​។​
​ ​
​បន្ទាប់ពី​បណ្តេញ​លោក ឡូ​ប៉េ​តេ​ហ្គី គ្រូបង្វឹក​បណ្តោះអាសន្ន​លោក សា​នទី​យ៉ា​ហ្គោ សូ​ឡា​រី (Santiago Solari) បាន​ដឹកនាំ​ក្រុម Real Madrid ដោយ​យកឈ្នះ​បួន​ប្រកួត​ជាប់​គ្នា​។
​ ​’
​ស្របពេល​ជាមួយគ្នា​នោះដែរ លោក កុន​តេ ត្រូវបាន​គេ​ភ្ជាប់​ទៅនឹង​កិច្ចព្រមព្រៀង​ត្រឡប់​ទៅ ដឹកនាំ​ក្លិប ជូ​វេន​ទុ​ស​(Juventus )​វិញ​។ គ្រូបង្វឹក​វ័យ​៤៩​ឆ្នាំ​រូបនេះ​ធ្លាប់បាន​ជួយ​ក្រុម យក្ស​អ៊ីតាលី​រូបនេះ​លើក​ពាន​ជើងឯក Serie A បី​លើក​ជាប់​គ្នា​មុនពេល​មក​ចូលរួម​ជាមួយ ឆេ​ល​ស៊ី ទី​ដែល​លោក​លើក​ពាន FA Cup និង​ពាន​ជើងឯក​ព្រី​មី​ញ៉េ​លី​ក​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

លោក អែន​តូ​នី​ញ៉ូ កុន​តេ (Antonio Conte)